តាកែវ ៖ រថយន្តឡិចស៊ីសទំនើបមួយគ្រឿង បើកបុកវិមានឯករាជ្យទាំងកំរោលក្រឡាប់បះជើងម្ចាស់រងរបួសយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកខឿនវិមានឯករាជ្យខេត្តតាកែវ ដោយខ្លួនឯងនេះបានកើតឡើងនៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០១និង០០នាទី ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៧៧-៧៨ ស្ថិតនៅភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
ករណីនេះដែរតាមការឲ្យដឹងពីសមត្ថកិច្ចជំនាញក្រុងដូនកែវប្រាប់ថា រថយន្តបង្កហេតុម៉ាកឡិចស៊ីស RX330 គ្មានស្លាកលេខដែលបើកបរដោយឈ្មោះ ហេង សៅបុរី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអ្នកលក់ដូរ រងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ឈ្មោះ ស៊ឹម សុឃុន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរអ្នកលក់ដូរ រងរបួសស្រាល ដែលទាំងពីរនាក់រស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
អ្នកឃើញហេតុការក្នុងករណីគ្រោះថ្នាក់ចរាចរនេះបាននិយាយថា មុនពេលកើតហេតុនោះគេរថយន្តម៉ាកឡិចស៊ីសមួយគ្រឿងបើកបរយ៉ាងលឿងនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីលិចទៅកើត មកដល់ជិតវិមានឯករាជ្យ ស្រាប់តែឡានដែលកំពុងបើកបរក្នុងល្បឿនលឿននោះ បានជាន់ហ្វ្រាំងអូសជាច្រើនម៉ែត្រ រួចក៏ជ្រុលទៅបុកជាមួយនឹងខឿនវិមានឯករាជ្យក្នុងក្រុងដូនកែវ យ៉ាងពេញទំហឹងបណ្តាលអោយខូចខាតខឿនវិមានឯករាជ្យទាំងស្រុង និងរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញក្រុងដូនកែវ បានចុះធ្វើកំណត់ហេតុនិងយករថយន្តបង្កមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ តាកែវ