Monday, March 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ CIMB ទទួលបាន​ពាន់រង្វាន់​ធនាគារ​អន្តរជាតិ​ល្អ​បំផុត នៅ​កម្ពុជា​

spot_img

រាជធានី​ភ្នំពេញ ​៖ ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បានឈ្នះ​ពានរង្វាន់ «​ធនាគារ​អន្តរជាតិ​ល្អ​បំផុត នៅ​កម្ពុជា​» ពី​ទស្សនា​វ​ដ្តី​ហិរញ្ញ​វត្ថុ​ដ៏​ល្បីល្បាញ Asiamoney ប្រចាំឆ្នាំ​២០១៨​។ ហើយ​ដំណើរការ​របស់ Asiamoney ក្នុង​ការជ្រើសរើស​ធនា​គារ​អន្តរជាតិ​ល្អ​បំផុត នៅ​កម្ពុជា ត្រូវ​ឆ្លងកាត់​ការសិក្សា ទាំង​បរិមាណ​វិស័យ និង​គុណភាព​វិស័យ ក្នុង​រយៈពេល​ពេញ​១​ឆ្នាំ​។ លើសពីនេះ ក៏​មាន​ការសិក្សា​ទៅលើ​ពាក្យស្នើសុំ​ពី​គ្រប់​ធនាគារ ដែល​ចូលរួម និង​តាមរយៈ​កិច្ចសម្ភាសន៍ ពី​អ្នកវិភាគ​ឯករាជ្យ​លើ​វិស័យ​ធនាគារ​ផងដែរ​។ ជា​លទ្ធផល ដោយ​ផ្អែក​លើ​សមិទ្ធផល និង​ចំណុច​លេចធ្លោ​ចម្បងៗ​របស់ខ្លួន ធនាគារ CIMB ទទួលបាន​ពានរង្វាន់ ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​នេះ លើ​ចំណោម​ធនាគារ​អន្តរជាតិ​ដែល​មាន​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា ។​

​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​មករា ឆ្នាំ​២០១៩ ធនាគារ ស៊ី​អាយ​អិម​ប៊ី បាន​ធ្វើ​សន្និសីទកាសែត ដោយ​លោក​ប៊ុន យីន ដែល​ជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃនេះ​ថា​៖ «​តាង​នាម​ឲ្យ​ធនាគារ CIMB ទាំងមូល ខ្ញុំ​ពិតជា​មាន​មោទនភាព​ក្រៃលែង ដែល​ទទួលបាន​ពានរង្វាន់​ជា​ធនាគារ​អន្តរជាតិ​ល្អ​បំផុត នៅ​កម្ពុជា​នេះ​។ ការ​ឈ្នះ​ពានរង្វាន់​នៅពេលនេះ គឺ​ភស្តុតាង​បញ្ជាក់​ពី​សក្តានុពល​របស់​ធនា​គារ CIMB អំពី​គុណភាព​សេវាកម្ម និង​ផលិតផល​ធនាគារ​ល្អ​ប្រពៃ​របស់​ខ្លួន នៅក្នុង​ទីផ្សារ​កម្ពុជា ដែល​ត្រូវបាន​វាយតម្លៃ និង​ទទួលស្គាល់​ជា​អន្តរជាតិ ពី​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​ល្បីឈ្មោះ Asiamoney​។ កត្តា​ដែល​នាំ​ឲ្យ​ធនាគារ CIMB ឈ្នះ​រង្វាន់​ដ៏​ពិសេស​នេះ គឺ​កើតឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណៈ​គ្រប់គ្រង និង​បុគ្គលិក របស់​ធនាគារ CIMB ទាំងមូល ដោយ​មាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ស៊ី​អាយ​អិម​ប៊ី គ្រុប ជាពិសេស​ការ​តែងតែ​ជឿទុកចិត្ត ពី​សំណាក់​អតិថិជន មកលើ​ធនាគារ ស៊ី​អាយ​អិម​ប៊ី នា​ពេលកន្លងមក​»​។​

​មិនតែប៉ុណ្ណោះ លោក​ប៊ុន យីន បាន​បន្ថែម​ទៀត​ដែរ​ថា Asiamoney បាន​ជ្រើស​យក​កត្តា​មួយចំនួន ក្នុង​ការវាយតម្លៃ រួម​មាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល​ជា​ធនាគារ​អន្តរជាតិ បណ្ណ​ឥណទាន សេវាកម្ម​ធនាគារ​ជាន់ខ្ពស់ (Preferred ឬ Priority Banking) ក្នុងប្រទេស​កម្ពុជា សេវាកម្ម​គ្រប់គ្រង​សាច់ប្រាក់ ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​ការប្តូរ​ប្រាក់ ព្រមទាំង​អាជីវកម្ម​ទីផ្សារ​ទុន​បង្វិល​។ Asiamoney ក៏​ផ្តល់​ពិន្ទុ​បន្ថែម ទៅលើ​ធនាគា​រណា ដែល​អាច​ផ្តល់​សេវាកម្ម ឆ្លង​ប្រទេស​ផងដែរ​។ ហើយ​កត្តា​ដែល​យក​មក​វាយ​តម្លៃ​ខាងលើនេះ គឺ​ស្រប​ទៅនឹង​អ្វី ដែល​ធនាគារ CIMB បាន​ផ្តល់ជូន និង​លើកកម្ពស់​សេវាកម្ម ដល់​អតិថិជន​របស់​ខ្លួន​។​

​ធនាគារ CIMB រក្សា​បាន​អភិបាលកិច្ច​ល្អ​របស់​ខ្លួន រួម​នឹង​កំណើន​ជា​រៀងរាល់ឆ្នាំ ដែល​ជាក់ស្តែង ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ ប្រាក់ចំណេញ​មុន​បង់ពន្ធ​របស់​ធនាគា​រ បាន​កើនឡើង​រហូត​ដល់ ៧​ដង ពី​២​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៤ ដល់ ១៤​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨​។ ហើយ​ទ្រព្យសកម្ម​របស់​ធនាគា​រ​បាន​កើនឡើង ជាង ២​ដង ពី ៣៥៣​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៤ រហូតដល់ ៨៦៥​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨​។

​ភាព​រីកចម្រើន ប្រកប​ដោយ​ស្ថេរភាព និង​សុភ​វិនិច្ឆ័យ​នេះ បាន​ជម្រុញ​ឲ្យមាន​ភាព​រីកចម្រើន នៃ​ទំហំ​ឥណទាន និង​ប្រាក់​បញ្ញើ​របស់​ធនាគារ CIMB ជាមួយ​នឹង​កំណើន​ជា​មធ្យម​ប្រចាំឆ្នាំ ៣២% និង ៣០% ពី​២០៩​លាន​ដុល្លារ​អាមេរិក និង​២៦៥​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៤ រហូតដល់ ៥៤៥​លាន​ដុល្លារ​អាមេរិក និង ៧០០​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨​។ ធនាគារ CIMB ក៏​រក្សាបាន​នូវ​គុណភាព​នៃ​ឥណទាន​គ្រប់​ប្រភេទ ដែល​បាន​ផ្តល់​ដល់​អតិថិជន​របស់​ខ្លួន​ផង​ដែរ ជាមួយនឹង​កម្រិត​ឥណទាន​មិន​ដំណើរការ​ទាប ០,១៩% ភាគរយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​វិស័យ​ធនាគារ​ទាំងមូល​មាន​រហូត​ដល់ ២,៤០%​។​

​ជា​ផ្នែក​មួយ​របស់​ស៊ី​អាយ​អិម​ប៊ី គ្រុប ដែល​មាន​បណ្តាញ​យ៉ាង​ទូលំទូលាយ ក្នុង​តំបន់​អាស៊ាន ធនាគារ CIMB ក្នុងប្រទេស​កម្ពុជា បាន​ផ្តល់ឲ្យ​អតិថិជន​របស់ខ្លួន នូវ​សេវាកម្ម និង​ផលិតផល ទាំង​នៅក្នុង​ស្រុក និង​ឆ្លង​តំបន់ ប្រកប​ដោយ​អត្ថប្រយោជន៍​ខ្ពស់​។ ជាមួយនឹង​សេវាកម្ម​បណ្តាញ​អេ​ធី​អិ​ម​ប្រចាំ​តំបន់ អតិថិជន​អាច​ដក​ប្រាក់​នៅ​តាម​ម៉ាស៊ីនអេ​ធី​អិម ដោយ​ឥតគិតថ្លៃ ក្នុង​តំបន់​អាស៊ាន ទៅតាម​រូបិយ​បណ្ណ​ប្រទេស​នី​មួយៗ ជាមួយនឹង​អត្រា​ប្តូរ​ប្រាក់​ដ៏​ល្អប្រសើរ​។ តាមរយៈ​សេវាកម្ម​ធនាគារ​ជាន់ខ្ពស់ CIMB Preferred អតិថិជន​អាច​រីករាយ​នឹង​បុព្វសិទ្ធិ​ពិសេស សម្រាប់​ការប្រើប្រាស់​សេវាកម្ម​ធនាគារ និង​អត្ថប្រយោជន៍​ដ៏​សម្បូរបែប​ជាច្រើន​ទៀត ទូទាំង​តំបន់​អាស៊ាន​ផងដែរ​។

​ក្រៅពីនេះ អតិថិជន​របស់​ធនា​គារ CIMB អាច​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស កាន់តែ​ឆាប់រហ័ស ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ក្នុង​ថ្ងៃ​តែមួយ ជុំវិញ​តំបន់​អាស៊ាន​ទៀត​ផង​។ ជាមួយ​នឹង​ភាព​ច្នៃប្រឌិត​ខ្ពស់ លើ​សេវាកម្ម និង​ផលិតផល​ធនាគារ​របស់ខ្លួន ធនាគារ CIMB បាន​សម្ពោធ​គម្រោង HomePro ដែល​ឥណទាន​គេហដ្ឋាន​ភ្ជាប់​មក​ជាមួយ​ការធានារ៉ាប់រង​អាយុជីវិត មាន​តម្លៃ​រហូត​ដល់ ៥០.០០០​ដុល្លារ​អារ​មេរិក​។ ជាមួយនឹង​អត្រា​ការប្រាក់​ទាប និង​លក្ខខណ្ឌ​ល្អប្រសើរ ធនាគារ CIMB បាន​ក្លាយ​ជា​ធនាគារ​ឈាន​មុខ​គេ​មួយ ផ្នែក​ឥណទាន​គេហដ្ឋាន ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​ជាង​៨​ឆ្នាំ នៃ​ការឈាន​ចូល​ក្នុង​ទីផ្សារ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១០​មក ធនាគារ CIMB ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ស៊ី​អាយ​អិម​ប៊ី គ្រុប បាន​ពង្រីក​បណ្តាញ​សាខា​របស់​ខ្លួន រហូត​ទៅ​ដល់​១៣​សាខា ដែល​ក្នុងនោះ ៩​សាខា នៅ​រាជធានី​ភ្នំពេញ និង ៤​សាខា​ទៀត នៅតាម​បណ្តា​ខេត្ត​សំខាន់ៗ ដូចជា​ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ចាម រួមជាមួយ​នឹង​ទីតាំង Preferred Centre ចំនួន​៨​ទៀត នៅ​ទូទាំង​ប្រទេស​ផងដែរ​។ ជាមួយនឹង​អតិថិជន​សរុប ជាង ២៦,០០០​នាក់ ធនាគារ ស៊ី​អាយ​អី​ម​ប៊ី បាន​ផ្តល់ជូន​នូវ​សេវាកម្ម និង​ផលិតផល​ធនាគារ​យ៉ាង​ទូលំទូលាយ រួមមាន​ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម និង​សេវាកម្ម​ហិរញ្ញវត្ថុ​សាជីវកម្ម និង​ប្រតិបត្តិការ​។

​ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិម​ប៊ី គ្រុប ដែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយ​បាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួម​មាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ចាម និង​ខេត្ត​បាត់ដំបង​។ ជាមួយនឹង​អតិថិជន​ទាំង​បុគ្គល​សរុប​ប្រមាណ ២៣,០០០​នាក់ ធនាគារ ស៊ី​អាយ​អិម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួម​មាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ហិរញ្ញ​ពាណិជ្ជកម្ម ព្រមទាំង​សេវាកម្ម​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវា​ប្រតិបត្តិការ​ផងដែរ​។​

​ស៊ី​អាយ​អិម​ប៊ី គ្រុប គឺជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារ​ពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារ​ឥស្លាម ក៏ដូចជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យ​សកម្ម និង​ធានា​រ៉ាប់រង​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ បច្ចុប្បន្ននេះ ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​វត្តមាន​នៅ​ប្រទេស​ចំនួន ៩ ក្នុងចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន (​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និង​ឡាវ​)​។ ក្រៅ​ពី​តំបន់​អាស៊ាន ស៊ី​អាយ​អិម​ប៊ី គ្រុប ក៏​មាន​វត្តមាន​នៅ​ប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​

​ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំ​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ៩០០ កន្លែង គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៧​។ ធនាគារ​វិនិយោគ​របស់​ស៊ីអាយ​អិម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុង​ចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ​ទៅលើ​ផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅក្នុង​តំបន់ ។

​ស៊ី​អាយ​អិម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិម​ប៊ី ឥស្លាម (CIMB Islamic)​។ ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩២,៥% នៅក្នុង​ធនាគារ ស៊ី​អាយ​អិម​ប៊ី នៀហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣,៧% នៅ​ធនាគារ ស៊ី​អាយ​អិម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ​។​

​ស៊ី​អាយ​អិម​ប៊ី គ្រុប ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូលបត្រ ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)​។ ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៧​។ ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​បុគ្គលិក​សរុប​ជាង ៣៩.០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៥៕ ដោយ ​៖ ​កូឡាប​

spot_img
×