Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​ខ្មែរ ដ៏​ឆ្នើម​លើក​ទី​២” បានចាប់ផ្តើម​ដំណើការ​ជា​ផ្លូវការ ដោយ​នាំមក​អាហារ​វប្បធម៌​ដ៏​ល្អ​ឆ្នើម​

​ភ្នំពេញ​-​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧ ព្រឹត្តិការណ៍ “ ដំណើរ​ភាពយន្ត​ចល័ត​ចិន​ខ្មែរ​ដ៏​ឆ្នើម​លើក​ទី​២” ដែល​សហការ​រៀបចំ​ដោយ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន បានចាប់ផ្តើម​ដំណើការ​ជា​ផ្លូវការ ដោយ​បាន​រៀបចំ​ធី​សម្ពោធ​បើក​នៅ​សាល សន្និសីទ​ចតុម្មុខ រាជធានី​ភ្នំពេញ​។ ក្នុងឱកាស​នៃ​ពិធី​សម្ពោធ​បើក​នោះ​ក៏​មាន​វត្តមាន​ដ៏​ខ្ព​ង់ ខ្ពស់​របស់​លោក Xiong Bo ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ឯកឧត្តម ឯក សំអុល ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​ចិន លោក Wang Wenjun អគ្គនាយករង​នៃ​វិទ្យុ​អន្តរជាតិ​ចិន​(CRI) ព្រមទាំង​វត្តិ​មាន​របស់​ប្រិយមិត្ត​អ្នកស្តាប់​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន និង​តំណាង​សហគ្រាស​ចិន សិស្ស​និស្សិត​នៃ​វិជ្ជា​ស្ថាន​ខុង​ជឺ វិទ្យាស្ថាន​វី​ឌី​ស៊ី សាលារៀន​ភាសា​ចិន​តំបន់ ចំនួន​ជិត​៧០០​នាក់ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក ព្រមទាំង​បាន​ទស្សនា​ភាព យន្ត​ចិន ដែល​មាន​ចំណងជើង​ថា “​ព្រះគ្រូ ស៊ាន ចាំង ទៅ​ចម្លង​ធម៌​”​។​

​ក្នុង​ពិធី​នោះ លោក Xiong Bo ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​សុន្ទរកថា​ថា មិត្តភាព​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ​មាន​ប្រវត្តិសាស្ត្រ​យូរអង្វែង ហើយ​ការផ្លាស់ប្តូរ​ផ្នែក​វប្បធម៌ គឺជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការបង្កើន​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​។ ភាពយន្ត​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​វប្បធម៌​និង​សិល្បៈ​។ គួរ​រំលឹក​ផងដែរ​ថា “​ដំណើរ​ភាពយន្ត​ចិន​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​លើក​ទី​១” ដែល​ក្រោយ​ពី​បញ្ចប់​ពិធី​សម្ពោធ​ទៅ ក៏បាន​ដំណើរការ​ចាក់​បញ្ចាំងភាពយន្ត​ចិន​ខ្មែរ​នៅតាម​តំបន់​នៃ​ខេត្ត​មួយចំនួន​ជុំវិញ​បឹង​ទន្លេសាប​កាលពី​ឆ្នាំ​២០១៦ ហើយ​បាន​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​ជាច្រើន​មានឱកាស​ទស្សនា​ភាពយន្ត​ចិន​ខ្មែរ និង​បង្កើន​ការយល់ដឹង​គ្នា​អំពី​ប្រទេស​ចិន​តាមរយៈ​ភាពយន្ត​ទាំងនេះ​។ ឆ្នាំនេះ​“​ដំណើរ​ភាពយន្ត​ចល័ត​ចិន​ខ្មែរ​ដ៏​ឆ្នើម​លើក​ទី​២” នឹង​បញ្ចាំងភាពយន្ត​ចិន​ដ៏​ឆ្នើម ចំនួន ៣ រឿង ដែល​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​ប្រពៃណី​ចិន ក៏ដូចជា​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍ​នៃ​សង្គម​ចិន​ផង​ដែរ​។ ខ្ញុំ​សង្ឈឹមថា មិត្តភក្តិ​ខ្មែរ​អាច​ឆ្លង​តាមរយៈ​ការ​ទស្សនា​ភាពយន្ត នេះ កាន់តែ​ខិត​ជិត​និង​ចាប់អារម្មណ៍​ចំពោះ​លក្ខណៈ​ទាក់ទាញ​ពិសេស​របស់​វប្បធម៌​នៃ​ប្រទេស​ចិន និង​កាន់តែ​យល់ច្បាស់​ពី​ប្រទេស​ចិន ។​

​ជាមួយគ្នានេះ​ដែរ​លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ថ្លែង​សុន្ទរកថា​ថា​“​ដំណើរ​ភាពយន្ត​ចល័ត​ចិន​ខ្មែរ​ដ៏​ឆ្នើម​លើក​ទី​២“​នេះ​បាន​ចាប់ផ្តើម​សារជាថ្មី​ម្ដងទៀត ក្នុង​គោលបំណង​ជំរុញ​ដល់​កា​ផ្លាស់ប្ដូរ​ស្វែងយល់​ពី​គ្នា​ទៅវិញទៅមក​លើ​ផ្នែក​សិល្បៈ វប្បធម៌ និង​ព័ត៌មាន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ស្អិតរ​មួ​ត​ថែម​មួយ​កម្រិត​ទៀត​។ ជាច្រើន​ឆ្នាំ​កន្លងមកហើយ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន តែងតែមាន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ជា​ញឹកញាប់​ជាមួយនឹង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ជា​ពិស​សេ​លើ​ផ្នែក​សិល្បៈ​និង​វប្បធម៌​នេះ​។ លោកជំទាវ​សង្ឃឹមថា “​ដំណើរ​ភាពយន្ត​ចល័ត​ចិន​ខ្មែរ​ដ៏​ឆ្នើម​លើក​ទី​២” ដ៏​ពិសិដ្ឋ​នេះ អាច​ទទួលបាន​លទ្ធផល​ជោគជ័យ​កាន់តែ​ធំ​ក្រោម​កិច្ច​សហប្រតិបត្តិការ​ពី​ស្នាក់​ភាគី​ទាំង​៥​យើងខ្ញុំ​។ ក្រៅពីនេះ អាច​ឆ្លុះបញ្ចាំង​ឃើញថា វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​មិន​ត្រឹមតែ​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការផ្លាស់ប្តូរ​ព័ត៌មាន​និង​វប្បធម៌​រវាង​ប្រទេស​និង​ប្រជាជន​ទាំង​ពីរ​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ស្ពាន​យ៉ាងរឹងមាំ​ដែល​បាន​ភ្ជាប់​រវាង​ប្រទេស​និង​ប្រជាជន​ទាំង​ពីរ​ឱ្យ​ធ្វើ​ការស្វែងយល់​ពី​គ្នា​និង​ទៅ​មក​រក​គ្នា​ប្រកបដោយ​មេត្រី​ភាព ប្រកប​ដោយ​ស្នាមញញឹម ព្រមទាំង​ធ្វើឱ្យ ចំណង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា​និង​ចិន​កាន់តែ​ជ្រាលជ្រៅ រឹងមាំ និង​យូរអង្វែង​ផងដែរ​។​

​លោក Wang Wenjun អគ្គនាយករង​នៃ​វិទ្យុ​អន្តរជាតិ​ចិន​បាន​ថ្លែងថា ខ្សែភាពយន្ត​គឺជា​ការសម្ដែង​ដ៏​ល្អ​បំផុត​នៃ​សមិទ្ធផល​វប្បធម៌​ជាតិ​មួយ ល្ខោន​ភាពយន្ត​បើកទូលាយ​គឺ​អាច​ជំរុញ​ឱ្យ​សមិទ្ធផល​វប្បធម៌​ដ៏​ឆ្នើម​បែប​នេះ​ឈាន​ចូលដល់​មូលដ្ឋាន​កាន់តែ​ស៊ីជម្រៅ​។ ការបង្កើត​គំនិត​សម្រាប់​ព្រឹត្តិការណ៍​“​ដំណើរ​ភាពយន្ត​ចល័ត​ចិន​ខ្មែរ​ដ៏​ឆ្នើម​“​គឺ​ដើម្បី​ធ្វើ​ការនិយាយ ឆ្លើយឆ្លង​គ្នា​និង​ផ្លាស់ប្តូរ​គ្នា​ជាមួយ​ទស្សនិកជន​មូលដ្ឋាន​នៅ​កម្ពុជា តាមរយៈ​រៀបចំ​ល្ខោន​ភាពយន្ត​បើកទូលាយ ។ ព្រឹត្តិការណ៍​“​ដំណើរ​ភាពយន្ត​ចល័ត​ចិន​ខ្មែរ​ដ៏​ឆ្នើម​“ លើក​នេះ​ពិតជា​នឹង​នាំមក​នូវ​ចំណាប់​អារម្មណ៍​ក្នុង​វប្បធម៌​និង​មនោសញ្ចេតនា​យ៉ាង​ល្អ​ប្រសើរ​មួយ​ជូន​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ។​
​ព្រឹត្តិការណ៍​”​ដំណើរ​ភាពយន្ត​ចល័ត​ចិន​ខ្មែរ​ដ៏​ឆ្នើម​លើក​ទី​២” ត្រូវបាន​រៀបចំ​ឡើង​សារជាថ្មី​ម្ដងទៀត​ដោយ​យោង​លើ​មូលដ្ឋាន​នៃ​ភាពជោគជ័យ​ដ៏​មហិមា​នៃ​ការ​បញ្ចាំង​ខ្សែភាពយន្ត “​ដំណើរ​ភាពយន្ត​ចិន​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​លើក​ទី​១” កាលពី​ឆ្នាំមុន​ឆ្នាំ​២០១៦​។ លើក​នេះ យើង​នឹង​ពង្រីក​កាន់តែ​ធំ​នូវ​ក្របខ័ណ្ឌ​បញ្ជាំង​ភាពយន្ត ដូចជា នៅតាម​តំបន់​ជនបទ បន្ទាយ​ទាហាន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម ដែល​រួមមាន​៧​ខេត្ត ក៏​ដូចជា​ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ចាម​ខេត្ត​កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ ខេត្ត​ព្រះវិហារ ខេត្តសៀមរាប និង​ខេត្ត​កោះ កុង​។ យើង​នឹង​នាំយក​នូវ​ភាពយន្ត​ដ៏​ល្អ​ប្រណីត​ចិន​និង​ខ្មែរ សម្រាប់​បញ្ចាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទស្សនា ហើយ​តាមរយៈ​ការ​បញ្ជាំង​ភាពយន្ត​ចល័ត​នេះ នឹង​បាន​បង្ហាញ​ពី​ទំនៀមទម្លាប់​និង​ស្មារតី​របស់​ប្រជាជន​ប្រទេស​ទាំង​ពីរ និង​ជំរុញ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ​ចិន​និង​កម្ពុជា​បន្ថែម​ទៀត​។ ឆ្នាំនេះ ខ្សែភាពយន្ត​ចិន​ដ៏​ល្អ​ឆើយ​ឆាយ​ដែល​នឹង​បញ្ចាំង រួមមាន ១-​រឿង ព្រះគ្រូ ស៊ាន​ចាំង ទៅ​ចម្លង​ធម៌ ២-​រឿង កុង​ហ្វួ​-​យូ​ហ្គា និង ៣-​រឿង សំណុំរឿង​នៅ​ឆាយ​ណា​ថោ​ន ។​

​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ពិធី​សម្ពោធ​បើក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ ក៏​ត្រូវ​នឹង​ថ្ងៃ​ខួប​ឆ្នាំ​ទី​៩ នៃ​ការ​ចាក់​ផ្សាយ​សម្លេង​របស់​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន ហើយក៏​មាន​ប្រិយមិត្ត​អ្នក​ស្តាប់​នៃ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​ជាច្រើន​មក​ចូលរួម​ផង​ដែរ​។ វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​គឺ​ចាប់ផ្តើម​ផ្សាយ​សម្លេង​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០០៨ ហើយ​បច្ចុប្បន្ន​នេះ វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​បាន​ផ្សាយ​តាមរយៈ​រលកអាកាស FM96.5 MHz នៅ​រាជធានី​ភ្នំពេញ និង FM105 MHz នៅ​ខេត្ត​សៀមរាប​ដោយ​ផ្សព្វផ្សាយ​ពី​សម្លេង​មិត្តភាព​ពី​ប្រទេស​ចិន​មកកាន់​ប្រទេស​កម្ពុជា​។

​គួររំលឹកថា “​ដំណើរ​ភាពយន្ត​ចិន​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​លើក​ទី​១” បាន​ប្រារព្ធ​សម្ពោធ​បើក​និង​ដំណើរការ​ដោយ​ជោគជ័យ​ចាប់ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៧ ដោយ​បាន​ធ្វើ​ការចាក់​បញ្ចាំង​ចំនួន​៨ ខេត្ត​ក្រុង​តាម​បណ្ដា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ហើយ​ចាក់​បញ្ចាំង​ចំនួន​១៣​ទីតាំង ព្រមទាំង​មាន​ប្រជាជន​ខ្មែរ​ចំនួន​ជាង ២០០០០ នាក់​បាន​អញ្ជើញ​មក​ទស្សនា និង​ទទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង​ពី​មន្ត្រីរាជការ​និង​ប្រជាជន​កម្ពុជា​៕ ដោយ​-​គីម ស្រីរ័ត្ន​

 

×