កំពង់ធំ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ មានករណីជនសង្ស័យម្នាក់បានយកកាំភ្លើង ០១ដើមម៉ាក AK47 បាញ់រះទៅលើមន្រ្តីនគរបាលចំនួន០២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅចំណុច ភូមិបែកចាន ឃុំអណ្តូងពោធិ ស្រុកតាំងគោក ខេត្តកំពង់ធំ និងបានយកកាំភ្លើង០១ដើម ម៉ាក K59 ពីរបស់សមត្ថកិច្ចរត់គេចខ្លួន។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹងនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
លុះនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួមមាន៖
១.ឈ្មោះ ថន ឌីណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ ថន សៀងហៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកដឹកជនសង្ស័យរត់គេចខ្លួន) ឃាត់ខ្លួនត្រង់ចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ។
ដកហូតវត្ថុតាង អាវុធ១ម៉ាក AK47 បង់ចំនួន០១ គ្រាប់ចំនួន២២ នៅចំណុច ភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ជនដៃដល់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី













