Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រមណីយដ្ឋានទឹកឆាដាក់សម្ពោធសមិទ្ធផលនានាសម្រាប់ពលរដ្ឋមកកំសាន្តលេងក្នុងឱកាសបុណ្យចូលឆ្នាំ

ខេត្តកំពង់ចាម៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ស្ថិតក្នុងបរិវេណរមណីយដ្ឋានទឹកឆា ក្នុងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ដោយធ្វើឡើងនាថ្ងៃទី២២មីនា ឆ្នាំ២០២៦។ជាមួយនោះមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានព្រមទាំងអាជ្ញាធរដែនដី តំបន់នេះត្រូវបានចាត់ទុកកន្លែងទេសចរណ៍ធម្មជាតិបានទាក់ទាញមនុស្សមកកំសាន្តលេងរាល់ថ្ងៃ។

លោកខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរបានគូសបញ្ជាក់ថា: បើគិតពីចម្ងាយផ្លូវបំបែកជាបួនផ្សារព្រៃទទឹងទៅដល់ក្បាលហុង រមណីយដ្ឋានទឹកឆាមានចម្ងាយប្រមាណ១៧គីឡូម៉ែត្រ។ក្រោមការគិតគូរពីរដ្ឋបាលខេត្តបានស្ថាបនាផ្លូវកៅស៊ូដល់តំបន់នោះ សម្រាប់ជាមធ្យោបាយឱ្យប្រជាពលរដ្ឋងាយស្រួលទៅលេងក្នុងរដូវបុណ្យទានឬចុងសប្តាហ៍ជាដើម។ ក្រោមការវិនិយោគពីសំណាក់ឯកជន តំបន់នេះបានអភិវឌ្ឍច្រើនក្នុងនោះមានអាងហែលទឹក ក្លោងទ្វារសម្រាប់ចូល មានឡូរីជិះកំសាន្តលេងព្រមទាំងធ្វើផ្ទះសម្រាកលំហែកាយសម្រាប់ភ្ញៀវស្នាក់នៅ ដោយមានកម្លាំងសន្តិសុខរួមទាំងសមត្ថកិច្ចពង្រឹងសណ្ដាប់ធ្នាប់ទៀតផង។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា សមិទ្ធផលថ្មីៗដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការប្រែមុខមាត់ថ្មីនៃរមណីយដ្ឋានទឹកឆា តាមរយៈ ការស្ថាបនាផ្លូវកៅស៊ូថ្មីៗ សម្រួលដល់ការធ្វើដំណើរចូលមកកាន់រមណីយដ្ឋាន។ នៅតំបន់ទឹកឆានេះ គឺពិតជាស្អាត និងមានភាពទាក់ទាញខ្លាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអាចមកកម្សាន្តបែបធម្មជាតិផង និងបែបវិទ្យាសាស្ត្រទំនើប (ជិះស្គី) ផង ក្នុងបរិស្ថានដែលមានអនាម័យ និងសុវត្ថិភាពខ្ពស់”។

ទន្ទឹមនឹងការអបអរសាទរសមិទ្ធផលថ្មី ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញនិងលើកទឹកចិត្តដល់វិនិយោគិន ក្នុងការវិនិយោគលើវិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាមឱ្យកាន់តែច្រើន និងពង្រីកការវិនិយោគ ឱ្យកាន់តែសម្បូរបែប ជាពិសេសការអភិវឌ្ឍតំបន់ស្នាក់នៅបែបធម្មជាតិ ជំរុញការកែច្នៃផ្ទៃដីទំនេរឱ្យទៅជាកន្លែងស្នាក់នៅបែបធម្មជាតិ ដែលមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវបរទេស។រៀបចំឱ្យមានកញ្ចប់សេវាកម្មស្នាក់នៅរយៈពេលវែង សម្រាប់ភ្ញៀវវ័យចំណាស់ ឬអ្នកចូលនិវត្តន៍ ដោយធានាបាននូវការស្នាក់នៅដែលមានសុវត្ថិភាព របបអាហារត្រឹមត្រូវ និងការធានារ៉ាប់រងច្បាស់លាស់។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ការអភិវឌ្ឍរមណីយដ្ឋានទឹកឆានេះ មិនត្រឹមតែជាការផ្ដល់កន្លែងកម្សាន្តដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ថានភាពអំណោយផលដ៏សំខាន់ ក្នុងការបង្កើតការងារ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
គួររំលឹកថាក្បាលហុងក្នុងសម័យសង្គមរាស្ត្រនិយមប្រភពទឹកចេញពីក្នុងដីមានកម្ពស់ប្រមាណ៤ទៅ៥ម៉ែត្រគ្រានោះសម្បូរទៅដោយដើមឈើធំៗ តែមកដល់សព្វថ្ងៃទឹកនៅតែចេញពីក្នុងដីហូរទៅតាមប្រឡាយ អាចស្រោចស្រពដំណាំស្រូវ បានរាប់ពាន់ហិកតាទៀតផង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×