ឧត្ដរមានជ័យ ៖ ស្ត្រីម្នាក់បានឈឺពោះគ្រប់ខែ ត្រូវបានសាច់ញាតិក្រុមគ្រួសារ ដឹកមកសំរាកកូននៅមន្ទីពេទ្យបង្អែកស្រុកអន្លងវែងហើយក៏សម្រាលកូនរួច បានធ្លាក់ឈាមរហូតមិនឈប់បានស្លាប់ បន្សល់ទុកតែទារកម្នាក់ ឲ្យរស់នៅដោយបាត់បង់ម្តាយ។ ដែលករណីស្វាមីស្ត្រីរងគ្រោះបានបញ្ជាក់ថា នេះជាការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យ នៅមន្ទីពេទ្យបង្អែកស្រុកអន្លងវែង ដោយមិនបានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះអ្នកជំងឺនោះទេ គឺទុករហូតដល់អ្នកជំងឺហូរឈាមខ្សោះខ្លួនរហូតដល់ស្លាប់។
ពាក់ព័ន្ធនឹងករណីខាងលើនេះ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ បុរសជាប្ដីរបស់ស្ដ្រីដែលបាន សម្រាលកូនស្លាប់ នៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង កាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ បានទៅដាក់ពាក្យប្តឹងក្រុមគ្រូពេទ្យនៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង នៅអធិការដ្ឋាននគបាលស្រុកអន្លង់វែង ដើម្បីឲ្យជួយរកយុត្តិធម៌ និងសងជំងឺចិត្តមួយម៉ឺនប្រាំពាន់ដុល្លារ ។
ប្ដីស្ដ្រីរងគ្រោះឈ្មោះ ហេង ខេង អាយុ៣៧ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រសាទ ខេត្តឧត្ដរមានជ័យ ចំណែកជនរងគ្រោះឈ្មោះ ឃឿម សុធា អាយុ២៨ឆ្នាំ ។
លោកហេង ខេង បានឲ្យដឹងថា ” ប្រពន្ធរបស់គាត់ឈឺពោះគ្រប់ខែដឹកមកសំរាកកូននៅមន្ទីពេទ្យបង្អែកស្រុកអន្លងវែងនៅភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដល់វេលាម៉ោង១រំលងអធ្រាត្រ ក៏សម្រាលកូនរួចបានធ្លាក់ឈាម រហូតដល់ម៉ោង៣និង៣០នាទីយប់បានស្លាប់ បន្សល់ទុកតែទារករស់បាត់បង់ម្តាយ” ។
លោក បានបញ្ជាក់បន្ថែមថា “ក្រោយប្រពន្ធរបស់គាត់សំរាលកូនរួច និងមានអាការៈធ្លាក់ឈាមខ្លាំង បែរជាក្រុមគ្រូពេទ្យ មិនបានបញ្ជូនសង្គ្រោះបន្ទាន់ ទៅខេត្តសៀមរាបទេ ដែលរូបគាត់ជាប្ដី សុំឲ្យបញ្ជូនសង្គ្រោះបន្ទាន់ ទៅពេទ្យបង្អែកខេត្តសៀមរាប ដោយក្រុមគ្រូពេទ្យឆ្លើយថា អត់មានរថយន្ដសង្គ្រោះបន្ទាន់ទេ រួចទុកអ្នកជំងឺឲ្យហូរឈាម ឡើងខ្សោះខ្លួនរយៈពេល៣ម៉ោង ទើបប្រពន្ធគាត់ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតែម្ដងទៅ ។ នៅក្នុងពាក្យបណ្តឹងដាក់ ជូនអធិការដ្ឋាននគបាលស្រុកអន្លង់វែង សរសេរថា សូមឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងឲ្យពេទ្យបង្អែកស្រុកអន្លង់វែងសងជំងឺចិត្ត១ម៉ឺន៥ពាន់ដុល្លារ” ។
ចំណែកគណនីហ្វេសប៊ុកឈ្មោះ Hen Ho បានសរសេរថា “សូមប្អូនស្រីទៅឲ្យបានសុខចុះ ស្លាប់ដោយសារសម្រាលកូនរួចមានការហូរឈាមខ្លាំង រយៈពេលជាង២ម៉ោង នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ ។ តើនេះជាការធ្វេសប្រហែស ឬមកពីខ្វះឧបករណ៍គ្រប់គ្រាន់? បន្សល់ទុកកូនប្រុស បន្ទាប់ពីសម្រាលបាន២ម៉ោង ឲ្យកំព្រាម្ដាយជារៀងរហូតហើយ”៕ ដោយ ៖ រចនា