ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃពុធ ទី២ ខែមករា ឆ្នាំ២០១៩នេះ បានសហការចាប់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៣នាក់បនថែមទៀត ដែលត្រូវជាបក្ខពួកជនសង្ស័យបទល្មើសមនុស្សឃាត ដោយចេតនា ( មិនបានសម្រេច ) ប្រព្រឹត្តិនៅក្រុងព្រះសីហនុ កាលពីចុងខែធ្នូ ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៩ និង៥០នាទីយប់ នៅត្រង់ចំណុចក្រុមទី៦ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណី មនុស្សឃាតដោយចេតនា ប៉ុន្តែមិនបានសម្រេច មួយករណីបានកើតឡើង បង្កដោយជនសង្ស័យចំនួន៤នាក់ ជាជនជាតិចិន។
លោកបន្តថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពសំរុកចូលក្នុងរថយន្ត របស់ជនរងគ្រោះ ដែលជាជនជាតិចិនដូចគ្នា ក្នុងអំឡុងពេលជនរងគ្រោះកំពុងឡើងជិះរថយន្តតាមផ្លូវ វិលត្រឡប់ទៅផ្ទះវិញ ដោយជនសង្ស័យទាំង៤នាក់នោះ បានប្រើកូនកាំបិតស្នៀត១ដើម និងកាំភ្លើងខ្លី១ដើម សម្រាប់ធ្វើសកម្មភាពប្រព្រឹត្តិបទល្មើស។
លោកស្នងការបញ្ជាក់បន្ថែមថា ក្នុងខណៈពេលជនសង្ស័យទាំង៤នាក់ខាងលើ កំពុងធ្វើសកម្មភាពវាយ ដំ និងយកកាំភ្លើងភ្ជង់គំរាមផ្តាច់ផ្តិលជីវិតជនរងគ្រោះនៅក្នុងរថយន្ត ប៉ុន្តែភ្លាមៗនោះ ក៏ត្រូវកម្មកររបស់ជនរងគ្រោះបានឃើញហេតុការនោះ ក៏បានស្រេចឆោរឡោឡើង ហើយជនសង្ស័យក៏បាននាំគ្នារត់គេចខ្លួនអស់។
បទល្មើសនេះ លោក ជួន ណារិន្ទ អះអាងថា បន្ទាប់ពីសមត្ថកិច្ចជំនាញ បានទទួលដំណឹង ភ្លាមៗ ដែលប្រជាពលរដ្ឋផ្តល់ជូន កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ក៏បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ បានចុះធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួនបានជនសង្ស័យបានម្នាក់ជាជំហានដំបូង។
តាមរបាយការណ៍ របស់សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញថា ជនរងគ្រោះ ក្នុងសំណុំរឿងប៉ងសម្លាប់ខាងលើមានឈ្មោះ LIN YONGFEI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរ វិស្វករ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានរងរបួសមានស្នាមជាំនៅកញ្ចឹងក។
ចំណែកជនសង្ស័យ ដែលសមត្ថកិច្ចចាប់ខ្លួនបានជាជំហានដំបូងមានឈ្មោះ ZHANG HONG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៨៥៨០៧ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។
សមត្ថកិច្ចបន្តថា វត្ថុតាងដែលកម្លាំងជំនាញចាប់បានរួមមាន៖ កូនកាំប៉ិតស្នៀតចំនួន១ដើម ជាឧបករណ៍ប្រព្រឹត្តិបទល្មើស ក្នុងករណីបទល្មើសព្រហ្មទណ្ឌខាងលើនេះ។
ត្រង់ចំណុចនេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា ក្រោយពីកម្លាំងជំនាញបាន ចាប់ឃាត់ខ្លួនជន សង្ស័យខាងលើបានម្នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ក៏បានបន្តចុះស្រាវជ្រាវ និងឈានទៅចាប់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ បន្ថែមទៀត នៅថ្ងៃពុធ ទី២ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង៥ ជិតភ្លឺ នៅក្រុង ព្រះសីហនុ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលកម្លាំងជំនាញទើបចាប់ខ្លួនបានពេលនេះ មានឈ្មោះ៖ ឈ្មោះ CHEN BING ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៨៥៨០៣ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិត ប្រាកដ( សហចារី )។ ឈ្មោះ ZHAO QINGSONG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED០៤៣០១២៧ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (ជនដៃដល់កាន់កាំភ្លើងភ្ជង់គំរាមជនរងគ្រោះ) និងឈ្មោះ ZUO GUO XING ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៩៩៩៩០ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (សហចារី)។
ចំណែកវត្ថុតាង ដែលសមត្ថកិច្ចចាប់យកបានបន្ថែមមានដូចជា៖ កាំភ្លើងខ្លី១ដើម ម៉ាក RUGER SR9c លេខឈូសចោល មានបង់១ និងគ្រាប់៤គ្រាប់ (ឧបករណ៍ប្រព្រឹត្តិបទល្មើស) កូនកាំប៉ិតស្នៀត១ដើម និងស្រោមដៃ១គូ។
ចំពោះសំណុំរឿងប៉ងសម្លាប់មនុស្សខាងលើនេះ បច្ចុប្បន្នកម្លាំងនគរបាល ការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីះនុ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ ដែន សីមា