បុរសជនជាតិចិនម្នាក់ ដែលល្បីឈ្មោះដោយសារតែសកម្មភាពប្រថុយគ្រោះថ្នាក់ខ្លាំងរបស់គាត់ តាមរយៈការឡើងលើដំបូងអាគារខ្ពស់ៗ បានស្លាប់នៅក្នុងការសម្តែង បន្ទាប់ពីធ្លាក់ពីលើអាគារកំពស់ ៦២ជាន់។
លោក Wu Yongning បានក្លាយជនល្បីល្បាញ និងមានអ្នកគាំទ្រយ៉ាងច្រើននៅលើបណ្តាយទំនាក់ទំនងសង្គមចិន (Weibo) ដោយសារតែការបង្ហោះវីដេអូខ្លីៗ បង្ហាញពីសកម្មភាពរបស់គាត់ឡើងលើដំបូងអាគារខ្ពស់ៗ ដោយមិនមានប្រើខ្សែសុវត្ថិភាព។
ប៉ុន្តែកាលពីខែវិច្ឆការ អ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភ ដោយសារតែលោក មិនបានបង្ហោះវីដេអូថ្មីៗពីការឡើងអាគារខ្ពស់របស់លោកទៀត ហើយឥឡូវនេះក៍មានព៌តមានចេញមកថា គាត់បានស្លាប់ ក្រោយពេលធ្លាប់ពីលើអាគារកំពស់ ៦២ជាន់នៅទីក្រុង ចាងហ្សា (Changshsa)។
បើតាមសេចក្តីរាយការណ៏របស់បណ្តាយសារព៌តមានចិនបានឲ្យដឹងថា លោក Wu Yongning បានចូលរួមក្នុងការប្រកួតដើម្បីឈ្នះទឹកប្រាក់មួយចំនួនធំ។
លោក Wu Yongning បានស្លាប់កាលពីថ្ងៃទី ៨ ខែវិច្ឆការ ប៉ុន្តែការស្លាប់របស់គាត់គ្រាន់តែត្រូវបានប្រកាសបញ្ជាក់ដោយមិត្តស្រីរបស់គាត់ប៉ុណ្ណោះលើបណ្តាញទំនាក់ទំនងសង្គម។
ការឡើងអាគារដំបូលអាគារខ្ពស់ដោយមិនមានប្រើប្រាស់ឧបករណ៏សុវត្ថិភាពមានការពេញនិយមយ៉ាងខ្លាំងទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ពេលមិនទាន់មានគ្រោះថ្នាក់ លោក Wu Yongning បានបង្ហោះវីដេអូ ដោយបានប្រាប់ដល់អ្នកគាំទ្ររបស់លោកថា កុំឲ្យធ្វើត្រាប់តាមសកម្មភាពដ៏គ្រោះថ្នាក់របស់គាត់។ គាត់ជាមនុស្សធ្លាប់ហ្វឹកហាត់វិជ្ជាគុណ (martial art) និងធ្លាប់បានចូលរួមក្នុងការសំដែងតាមទូរទស្សន៏ និងគុនផងដែរ៕ សុភ័ក្ត្រ