ក្រចេះ ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី៣ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា បុរសជនជាតិខ្មែរឥស្លាម អាយុ៥៣ឆ្នាំម្នាក់ ដែលបានធ្វើសកម្មភាព ចាប់រំលោភក្មេងស្រីជនជាតិឥស្លាមដូចគ្នា មានអាយុ៩ឆ្នាំ ហើយនាងមានសតិមិនប្រក្រតីទៀតនោះ រហូតសម្រេចជាបន្តបន្ទាប់ ត្រូវបាននគរបាលស្រុកឆ្លូង ធ្វើការចាប់ខ្លួន ទៅតាមពាក្យបណ្តឹងជីដូនរបស់ក្មេងស្រី។
នគរបាលមូលដ្ឋាន បានបន្ថែមថា ជនម្នាក់នេះ បានធ្វើសកម្មភាព ចាប់រំលោភលើក្មេងស្រីរងគ្រោះ ចំនួន៣ដង កាលពីខែមុន។
ការធ្វើសកម្មភាពចាប់រំលោភ ពីជនម្នាក់នេះ ទៅលើក្មេងស្រីរងគ្រោះ បានធ្វើឡើងកន្លែងផ្សេងគ្នា ដូចជា នៅលើអង្រឹងខាងក្រោមផ្ទះ នៅព្រៃក្រោយផ្ទះ និងនៅវាលស្រែ។ ក្មេងស្រីរងគ្រោះ ជាមនុស្សមានសតិមិនប្រក្រតី សព្វថ្ងៃរស់នៅជាមួយជីដូន ក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង។
អធិការនគរបាលស្រុកឆ្លូង លោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ បានឲ្យដឹងថា ជនសង្ស័យ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២ ខែមករា ទៅតាមបណ្តឹងរបស់ជីដូនក្មេងស្រីរងគ្រោះ៕ ដោយ ៖ បញ្ញាស័ក្តិ