ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ចោមចៅទី៣ ឃាត់ខ្លួនបុរសម្នាក់ជាយោធាស័ក្តិ៤ ប្រគល់ឱ្យអាវុធហត្ថរាជធានីភ្នំពេញ ក្រោយពេលដែលយោធារូបនោះ បានខឹងប្រពន្ធ និងបងថ្លៃស្រី លួចថតរូបស្រីស្នេហ៍របស់ខ្លួន បានប្រើហិង្សាចាប់វាយប្រពន្ធនិងគំរាមបាញ់សម្លាប់បងថ្លៃស្រីនិង ម្តាយក្មេកចោល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បញ្ជូនជនសង្ស័យទៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តនឹងចាត់វិធានការតាមផ្លូវច្បាប់ ។
ហេតុការណ៍នេះ បង្កឡើងកាលពីម៉ោង៨យប់ ថ្ងៃទី២ មករា ឆ្នាំ២០១៩ ស្ថិតចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យមានឈ្មោះ ហង្ស រ៉ាឌ៉ែរ អាយុ ២៨ឆ្នាំ មុខរបរ យោធា ពាក់ស័ក្តិ៤ មុខងារជំនួយការការិយាល័យ លេខាធិការដ្ឋាន នៃវិទ្យាស្ថានបច្ចេកទេសយោធា ប្រើប្រាស់កាំភ្លើងខ្លីម៉ាក NP.42 និងមានទីលំនៅភូមិកើតហេតុខាងលើ ហើយមានស្រីថ្មីនៅឯខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះ៣នាក់ គឺប្រពន្ធជនរងបង្ក ឈ្មោះ សួន ស្រីទូច អាយុ២៧ឆ្នាំ ជាកម្មកររោងចក្រ ឈ្មោះ សួន រ៉ុន ត្រូវជាបងថ្លៃស្រី អាយុ៣២ឆ្នាំ ជាម្មកររោងចក្រ និងទី៣-ឈ្មោះ សូរ ហ៊ុត ត្រូវជាម្តាយក្មេក អាយុ ៥៤ឆ្នាំ ជាកម្មកររោងចក្រ ពួកគេស្នាក់ភូមិភូមិកើតហេតុខាងលើ ។
តាមសម្តីខាងស្ត្រីរងគ្រោះទាំង៣នាក់ បាននិយាយប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី២១ ធ្នូ កន្លងមក ឈ្មោះហង្ស រ៉ាឌ៉ែរ ដែលជាជនជាប់ចោទ បានទៅចូលរួមមង្គលការបងប្អូន នៅទីរួមខេត្តតាកែវ ដោយនាំស្រីស្នេហ៍ទៅជាមួយ ព្រមទាំងទៅអង្គុយរួមតុជាមួយឪពុកម្តាយ របស់បុរសជាប្តីនោះទៀត តែមិនបានយកប្រពន្ធទៅជាមួយទេ ទើបអ្នកស្រុករស់នៅភូមិខាងប្តី បានទូរស័ព្ទមកប្រាប់ប្រពន្ធថា ប្តីរបស់នាង ទៅការបងប្អូន បានយកស្រីស្នេហ៍ទៅជាមួយ ។ បន្ទាប់មក ស្ត្រីជាប្រពន្ធ បានឱ្យបងស្រី ជូនទៅកន្លែងពិធីមង្គលការខាងលើ ក៏ឃើញជាក់ស្ដែង ឪពុកម្តាយក្មេក និងស្រីស្នេហ៍ កំពុងអង្គុយតុហូបការជុំគ្នា ។ ពេលនោះ ប្រពន្ធមិនបានស្រែកឡូឡាទេ បានហៅប្តីមកក្រៅ ដើម្បីនិយាយរកខុសត្រូវ ហើយបងស្រីរបស់ខ្លួន បានថតសកម្មភាព ប្អូនថ្លៃរបស់គាត់ និងថតរូបស្រីស្នេហ៍នោះ ។ លុះដល់ថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៨ ប្តីបានមកផ្ទះវិញ បានគំរាមសម្លាប់បងថ្លៃ និង ម្តាយក្មេក ។ លុះមកដល់ថ្ងៃកើតហេតុទី២ខែមករាឆ្នាំ២០១៩ រឿងទំនាស់ក្នុងគ្រួសារមួយនេះ នៅតែមិនចប់ ព្រោះជនជាប់ចោទ នៅតែទាក់ទងស្រីស្នេហ៍ ដោយនិយាយថារូបគេយកទាំង២នាក់ ហើយបុរសជាប្តី បានយកទូរស័ព្ទបងស្រីថ្លៃ លុបរូបរួចបានបោកទូរស័ព្ទ បងថ្លៃចោល និងគំរាមសម្លាប់បងថ្លៃ និងម្តាយក្មេក ធ្វើឲ្យក្រុមគ្រួសារខាងប្រពន្ធ ភិតភ័យយ៉ាងខ្លាំង ទើបនាំបងប្អូនក្រុមគ្រួសារ រត់ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ឲ្យជួយ អន្តរាគមន៍ភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ បាននាំខ្លួនមកកាន់ប៉ុស្តិ៍ សួរនាំទើបដឹងថា បុរសខាងលើជាមន្ត្រីយោធា បន្ទាប់មកក៏បានទាក់ទងទៅអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បញ្ជូនទៅខ្លួនជនបង្ក រួមនឹងអាវុធខ្លី ទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត ចាត់វិធានការតាមផ្លូវច្បាប់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ៕ ដោយ ៖ រចនា