ខេត្តកំពង់ស្ពឺ ៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ព័ត៌មានបឋម នៃគ្រោះថ្នាក់ចរាចរណ៍ រវារថយន្តតូចធំបុកគ្នាជាង ២០គ្រឿង នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចទីសក្ការៈលោកយាយម៉ៅ ជ្រោះពេជ្រនិល កាលពីរសៀលម៉ោង៣ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាលចំនួន៨នាក់។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក សម សាមួន បានបញ្ជាក់រសៀលថ្ងៃដដែលនេះថា តាមព័ត៌មានបឋន ដែលទទួលបាន គឺជាក់ស្តែង ឃើញមានជនរងគ្រោះដល់អាយុជីវិតចំនួនម្នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន៨នាក់។ លោកស្នងការបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កដោយរថយន្តដឹកថ្ម ធ្វើដំណើរចេញពីទិសខាងកើត ឆ្ពោះទៅលិច ហើយបានដាច់ហ្វ្រាំងតែម្តង។
លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានអះអាងដូច្នេះ ដោយផ្អែកតាមសេចក្តីរាយការណ៍ នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ពីនគរបាលចរាចរណ៍ដែលចុះទៅដល់ទីតាំងកើតហេតុ និងបានជួយអន្តរាគមន៍ភ្លាមៗដល់ជនរងគ្រោះ។
លោកថា គ្រោះថ្នាក់ចរាចរណ៍នេះ មុនដំបូងមានរថយន្ត ០១គ្រឿង កំពុងចុះចំណោតក្នុងល្បឿនលឿន នៅម្ដុំទីសក្ការៈលោកយាយម៉ៅ ត្រង់ចំណោតជ្រោះពេជ្រនិល ហើយបន្ទាប់មក ក៏ស្រាប់តែរថយន្តដឹកថ្មធុនធំនោះ បានដាច់ហ្វ្រាំង និងបានបុករះរថយន្ដជាង ២០គ្រឿង ផ្សេងទៀត មានទាំងរថយន្ដធំ និងរថយន្ដតូចៗ បណ្ដាលឲ្យជនរងគ្រោះខ្លះគៀបជាប់ នៅក្នុងរថយន្ដ។ ហើយរថយន្ដខ្លះទៀត ធ្លាក់ជ្រោះពេជ្រនិល ទៅផ្នែកខាងក្រោមមួយចំនួនទៀត៕ ដោយ៖ ដែន សីមា