ព្រះវិហារ ៖ ក្នុងរយៈពេល១០ថ្ងៃ កងកម្លាំងនគរបាល បានបំបែកសំណុំរឿង តាមចាប់ខ្លួនជនដៃដល់ម្នាក់ ជាយោធា ដែលប្រើកាំបិតចាក់សម្លាប់បុរសជនជាតិចិនម្នាក់ ជាប្តីក្រោយរបស់អតីតប្រពន្ធ និងម្តាយក្មេករបួសធ្ងន់ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានប្រាប់ថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តព្រះវិហារ និងស្ថិតក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចាប់ខ្លួនជនដៃដល់ម្នាក់ ដែលចាក់សម្លាប់បុរសជនជាតិចិនម្នាក់ ពេកកំពុងញ៉ាំស៊ុបជាមួយនឹងក្រុមគ្រួសារសង្សាររបស់ខ្លួននៅភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ រហូតមកទល់ល្ងាចថ្ងៃទី៣ ខែមករានេះ កម្លាំងសមត្ថកិច្ចកំពុងតែបញ្ជូនខ្លួនជនដៃដល់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីបន្ដការសួរនាំ ទើបបញ្ជូនមករាជធានីភ្នំពេញវិញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សូមជម្រាបថា នៅម៉ោងជាង៧យប់ ថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ៧៩៣ (ហាង Family BBQ Buffet) ផ្លូវ១០១ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បុរសជនជាតិចិន ដែលជាប្ដីក្រោយ បានស្លាប់ ដោយសារអតីតប្តីដើម បានលបចាក់សម្លាប់ ។ នៅមុនពេលកើតហេតុគេបានឃើញនារីរងគ្រោះ (ជាប្រពន្ធ) និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀតជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកើតហេតុខាងលើ ទើបមួយសន្ទុះក្រោយមក មានជនជាតិចិនដែលជាសង្សារ ជិះកង់មកតាមក្រោយ ទើបនាំគ្នាហៅស៊ុបហូបជុំគ្នា មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃ ដល់ជិះម៉ូតូមួយគ្រឿង ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាងមួយជុំ រួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្ត ដែលគេចតចោលនៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុ ក៏បានសាកសួររកថា អញ្ជើញពិសាអ្វីដែរ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញ៉ាប់ដើរសំដៅទៅរកបុរសជនជាតិចិនរងគ្រោះ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធ និងកូនរួមទាំងម្ដាយក្មេក រួចធ្វើសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ ចាក់ទៅលើជនជាតិចិនជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ហូរឈាមពេញហាង ចំណែកឯនារីជាប្រពន្ធ និងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ ចាក់ជាច្រើនកាំបិត បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់នោះ។
ក្រោយពីធ្វើសកម្មភាពចាក់ទៅលើមនុស្ស៣នាក់ខាងលើ បណ្ដាលឲ្យរងរបួសធ្ងន់ហើយ ជនដៃដល់បានដើរចេញពីហាងខាងលើទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះមានភ្ញៀវ និងបុគ្គលិកក្នុងហាង បានរត់ចេញមកជួយចាប់ដែរ តែដោយសារតែឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់នោះ ទើប មិនមានអ្នកណាហ៊ានចូលទៅឃាត់ និងចាប់ឡើយ ទើបបណ្ដោយឲ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់។
បន្ទាប់មកស្ត្រីជាប្រពន្ធ និងស្ត្រីជាម្ដាយដែលរងរបួស ត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះភ្លាមៗ នៅឯគ្លីនិកឯកជន រីឯបុរសជនជាតិចិនត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យរុស្ស៊ី តែបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ៕ ដោយ ៖ រចនា