ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅមិនទាន់មានអតីតសមាជិកគណបក្សសង្គ្រោះជាតិ ដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅឡើយទេ។ ដោយសារតែច្បាប់ច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ នៅមិនទាន់បានព្រះមហាក្សត្រឡាយព្រះហត្ថលេខាប្រកាសឲ្យប្រើប្រាស់ចូលជាធរមាន។
ការថ្លែងបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្រោយចប់កិច្ចប្រជុំសភាកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩។
ពាក់ព័ន្ធនឹងអតីតមន្ត្រីបក្សប្រឆាំងដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយវិញនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានឲ្យដឹងដែរថា រហូតមកទល់ពេលនេះ ក្រសួងមហាផ្ទៃ មិនទទួលបានសំណើនៃការសុំផ្ដល់នីតិសម្បទា ពីអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានកាត់សិទ្ធិធ្វើនយោបាយនោះទេ ដោយហេតុថាវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ មិនទាន់ចូលជាធរមាននៅឡើយទេ។ សម្តេចក្រឡាហោម បញ្ជាក់ថា “មកដល់ពេលនេះមិនទាន់មាននៅឡើយ ដោយសារតែច្បាប់នេះមិនទាន់ព្រះករុណា ព្រះអង្គមិនទាន់ឡាយព្រះហស្តលេខា ប្រកាសឲ្យប្រើប្រាស់ជាធរមាននៅឡើយ ហើយក្រោយពេលដែលច្បាប់នេះចូលជាធរមានទើបយើងដឹង “។ ពាក់ព័ន្ធនឹងបុគ្គលបក្ខប្រឆាំងណាខ្លះដែលមាននីតិសម្បទាមិនអាចស្តារបាននោះ សម្តេចក្រឡាហោម បញ្ជាក់ថា បញ្ហានេះ ខ្ញុំក៏មិនអាចយល់បាន ពីព្រោះថាមានវាបញ្ហាត្រង់ថា នែ យើងមិនអាចទៅធ្វើការវាយតម្លៃស្មានៗកើតទេ ទាល់តែឯកសារ និងមានអ្វីៗទៀត “។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការផ្ដល់នីតិសម្បទាជូន លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះ អាចមានសិទ្ធិធ្វើនយោបាយឡើងវិញនោះ គឺអាស្រ័យទៅលើនីតិវិធីរបស់តុលាការតែប៉ុណ្ណោះ ព្រោះតុលាការកំពុងតែដំណើរការលើសំណុំរឿងនេះ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា “បញ្ហាយើងត្រូវមើលបញ្ហាពីដើម មូលហេតុអីបានជាគាត់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ត្រូវមើលមូលហេតុហ្នឹង ។ អ៊ីចឹងហើយសំណួរប្អូនលើកឡើង គឺថាជាសិទ្ធិរបស់ប្អូនទេ ប៉ុន្តែយើងត្រូវមើលហេតុផលអី រហូតមកដល់ពេលនេះដំណើរការដល់ណា នីតិវិធីតុលាការ មិនទាន់ចប់ ។ ឥឡូវនេះខ្ញុំមិនដឹងទេ តែឥឡូវគាត់ ស្ថិតនៅក្នុងនីតិវិធីតុលាការ”៕ ដោយ ៖ បញ្ញាស័ក្តិ