កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីថៃ្ងទី៣-១-២០១៩ មានករណីគ្រោះថ្នាក់ចរាចរ នៅចំណុចគីឡូម៉ែត្រ ១០៥-១០៦ លើកំណាត់ផ្លូវជាតិលេខ៤(ពេជ្រនិល) ក្នុងភូមិទី ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច រថយន្តមួយគ្រឿង ម៉ាក Hino ពណ៌ ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A.2424 អ្នកបើកបរមិនស្គាល់ឈ្មោះនិងអាសយដ្ឋាន ចុះរត់គេចខ្លួនបាត់។
បង្កឲ្យកកស្ទះចរាចរណ៍ ខូចខាតរថយន្ដ ១៧ គ្រឿង របួសមនុស្ស ៨នាក់ និងស្លាប់ម្នាក់ភេទប្រុស នៅនឹងកន្លែងកើតហេតុ ចំណែកអ្នករបួសត្រូវបាន កងកម្លាំងនគរបាលចរាចរណ៍ខេត្ដ និងស្រុកបញ្ជូនមកកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។
មូលហេតុ បណ្ដាលមកពីមានរថយន្ដដាច់ហ្វាំង (ខូចលក្ខណៈបច្ចេកទេស) ធ្លាក់ចុះមកកៀររថយន្ដតែម្ដង។
លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត បាន បញ្ជាឲ្យកងកម្លាំងនគរបាលចរាចរណ៍ខេត្ត កម្លាំងនៅមូលដ្ឋានជួយសម្រួលចរាចរណ៍ និងសង្គ្រោះបន្ទាន់ ដល់អ្នករងរបួសទៅកាន់មន្ទីរពេទ្យ ដែលនៅជិតនៅអាចយកទៅកាន់ខេត្ដកំពង់ស្ពឺ ឬរាជធានីភ្នំពេញ តាមលទ្ធភាពអាការអ្នករបួស ដាច់ខាតយ៉ាងណា ត្រូវតែម្ចាស់ការលើកិច្ចការនេះបន្ទាន់និងចាំបាច់បំផុត។
ជំនាញចរាចរណ៍កំពុងអន្ដរគមន៍ ស្ទួចយកមករក្សាទុក នៅអធិការដ្ឋាននគបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ ដោយ ៖ កូឡាប