ខេត្តកណ្ដាល ៖ យុវជនម្នាក់ ត្រូវសមត្ថកិច្ចនគរបាលខេត្តកណ្តាល សហការជាមួយនគរបាលខេត្តតាកែវ ចាប់ខ្លួនកាលពីថ្ងៃទី៣ មករា នេះ ពាក់ពន្ធពីបទ គំរាមហែកកេរ្តិ៍ យករូបថតអាក្រាតកាយនារី២នាក់ បង្ហោះចូលក្នុងបណ្ដាញផ្សព្វផ្សាយFacebook ប្រព្រឹត្តពីខែតុលា ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ករណីគំរាមហែកកេរ្តិ៍ (តាមទូរស័ព្ទ) កើតហេតុថ្ងៃមិនចាំ ខែតុលាឆ្នាំ ២០១៨ នៅចំណុច ផ្ទះជនរងគ្រោះ ភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះ០២នាក់ ៖ ១.ឈ្មោះ គ.គ ភេទស្រីអាយុ ២៣ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ព្រែកយាយហាយ ឃុំ ព្រែកថ្មី ស្រុកោះធំ ខេត្តកណ្ដាល មុខរបរកម្មការនីរោងចក្រ។ ២.ឈ្មោះ ជ.ធ ភេទស្រីអាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មការនីរោងចក្រ។ ចំណែកជនសង្ស័យ១នាក់ ឈ្មោះ ចេង មិត្ត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរ កម្មករសំណង់ ប្រើប្រាស់ facebook ឈ្មោះ Ahmoa Tps និង ប្រើប្រាស់លេខទូរស័ព្ទ ១.0712223640 ២.071 7403444 ៣.081 754442
នគរបាលខេត្តកណ្តាល បានប្រាប់ពីសភាពរឿងហេតុថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ កន្លងទៅ ជនរងគ្រោះទាំង២នាក់ខាងលើ មានទំនាក់ទំនងជាមួយជនសង្ស័យ តាមរយៈទូរស័ព្ទ និង Facebook ។ បន្ទាប់ពីបាននិយាយ និងឆាតជាមួយគ្នាជាហូរហែរមក បានប្រមាណជា១សប្ដាហ៍ ស្រាប់តែជនសង្ស័យខាងលើ បានសុំមើលរូបថតអាក្រាតកាយ របស់ជនរងគ្រោះទាំង២នាក់ (ម្នាក់ម្ដង) មុនក្រោយគ្នា ហើយជនរងគ្រោះ ក៏បានផ្ញើរូបអាក្រាតកាយ ទៅឲ្យជនសង្ស័យតាម រយៈ Account facebook ឈ្មោះ Ahmoa Tps ។ បន្ទាប់ពីមានរូបថតអាក្រាតកាយ នៅក្នុងដៃហើយ ជនសង្ស័យក៏បានទូរស័ព្ទសុំលុយ ពីជនរងគ្រោះទាំង២នាក់ តែជនរងគ្រោះពុំព្រមឲ្យ ពេលនោះជនសង្ស័យ បាននិយាយគំរាមថា នឹងយករូបថតអាក្រាតកាយ របស់ពួកគេទាំង២នាក់ បង្ហោះចូលក្នុងបណ្ដាញផ្សព្វផ្សាយ Facebook ។ ដោយមានការភ័យខ្លាចជនសង្ស័យ យករូបភាពអាក្រាត បង្ហោះចូលក្នុងបណ្ដាញផ្សព្វផ្សាយសង្គម នារីរងគ្រោះទាំង២នាក់ខាងលើ ក៏បានផ្ញើលុយ ទៅឲ្យជនសង្ស័យ តាមរយៈភ្នាក់ងារវេរលុយ អ៊ីម៉ាន់នី និង wing ជាបន្តបន្ទាប់ តាមអ្វីដែលជនសង្ស័យ ត្រូវការពុំដែលខាន ដែលសរុបជាទឹកប្រាក់ទាំងអស់មានដូចខាងក្រោម ជនរងគ្រោះទី១ អស់ទឹកប្រាក់ ៖ សរុប ចំនួន1.800.000រៀល និង 500 ដុល្លារអាមេរិក។ ជនរងគ្រោះទី២ អស់ទឹកប្រាក់៖សរុប ចំនួន1.700 ដុល្លារអាមេរិក និងប្រាក់រៀលចំនួន 64 ម៉ឺនរៀល ។
លុះមកដល់ថ្ងៃទី១៩ធ្នូ២០១៨ ជនរងគ្រោះ រកលុយផ្ញើឲ្យជនសង្ស័យលែងបាន ទើបមកដាក់ពាក្យបណ្ដឹងនៅ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីឲ្យសមត្ថកិច្ចជំនាញ ជួយស្រាវជ្រាវ តាមចាប់មុខសញ្ញា ដើម្បីយកមកបន្តចាត់ការតាមនីតិវិធី។ លទ្ធផលស្រាវជ្រាវស៊ើបអង្កេត នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ ដោយមានកិច្ច សហការជាមួយសមត្ថកិច្ចជំនាញ ខេត្ដតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុច ភ្នាក់ងារ wing វេរលុយ ផ្សារអង្គរកា ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។
ជនសង្ស័យឈ្មោះចេង មិត្ដ បានសារភាពថា ខ្លួនបានស្គាល់គ្នាជាមួយជនរងគ្រោះទាំង ០២ នាក់ខាងលើតាមរយៈឆាត Facebook ជាមួយគ្នា បន្ទាប់មកបានលួងលោមជនរងគ្រោះឲ្យថតរូបអាក្រាតកាយផ្ញើឲ្យគ្នាមើល ក្រោយមកក៏បានទូរស័ព្ទទៅជនរងគ្រោះជាបន្ដបន្ទាប់ ឲ្យផ្ញើលុយមកឲ្យខ្លួនបើមិន ដូច្នោះទេនឹងបង្ហោះរូបអាក្រាតកាយរបស់ ជនរងគ្រោះ ទៅក្នុងបណ្ដាញផ្សព្វផ្សាយសង្គមFacebook ឲ្យ សាធារណៈជនបានឃើញ។
ករណីនេះកម្លាំងជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី ៕ ដោយ ៖ កូឡាប