ខេត្តតាកែវ ៖ ជនសង្ស័យក្នុងករណីយកកន្ត្រៃកាត់តូបលក់ទូរស័ព្ទដៃម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចាប់វាយទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍ចាប់ខ្លួនជនសង្ស័យក្នុងករណីប្រព្រឹត្តអំពើចោរកម្មនេះធ្វើឡើងភ្លាមៗ ខណៈដែលជនសង្ស័យធ្វើសកម្មភាពនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២០និង៣០នាទី នៅចំណុចហាងលក់ទូរស័ព្ទដៃមួយកន្លែង ដែលជារបស់ឈ្មោះ សំ ហុន ភេទប្រុស អាយុ៣២ឆ្នាំស្ថិតនៅភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់។
តាមការឲ្យដឹងពីប៉ូលិសស្រុកត្រាំកក់បានប្រាប់ថា ៖ ជនសង្ស័យមានឈ្មោះ ជា ទិត្យ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ សមត្ថកិច្ចបានបន្តថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពប្រដាប់ដោយសោនិងកន្ត្រៃយកទៅកាត់ជញ្ជាំងស័ង្កសី ហាងលក់ទូរស័ព្ទរបស់ម្ចាស់ហាងខាងលើតែត្រូវប្រជាពលរដ្ឋឃើញទាន់ឃាត់ខ្លួននិងវាយឲ្យងរបួសធ្ងន់ សន្លប់ ទើបប្រគល់ជូនសមត្ថកិច្ច។
ពេលនោះសមត្ថកិច្ចលោកបានហៅរថយន្តសង្គ្រាះដឹកយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តតាកែវ។ ដោយឡែកវត្ថុតាងនៅនិងជនសង្ស័យមាន ៖ ទូរស័ព្ទដៃចំនួន១០គ្រឿង oppo ០៣គ្រឿង Vivo ចំនួន០៦គ្រឿង Samsung ០១គ្រឿង កន្រៃ្តកាត់ស័ង្កសី០១និងសោមួយមួយចំនួន ម៉ូតូមួយគ្រឿង ម៉ាកស្មាស់វី សេរី២០១៤ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1DG1069។
បច្ចុប្បន្នជនសង្ស័យក្នុងករណីប្រព្រឹត្តអំពើចោរកម្មខាងលើនេះត្រូវបានសមត្តកិច្ចជំនាញស្រុកត្រាំកក់កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី ៕ តាកែវ