ភ្នំពេញ ៖ សមត្ថកិច្ចបញ្ជូនខ្លួនលោកស្រី ហូវ ដាណេ ថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក និងស្រីម្នាក់ទៀតជាអ្នកវះកាត់កែប្រដាប់ភេទដោយផ្ទាល់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ។
សំណុំរឿង លោកស្រី ហូវ ដាណេ ពាក់ព័ន្ធការគំរាមកំហែង បង្ហោះវីដេអូ សកម្មភាព វះកាត់ប្រដាប់ភេទ របស់អតិថិជន ស្ថិតក្រោមចំណាត់ការរបស់ លោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន។
គួររំលឹកថា ការភ្ញាក់ផ្អើលបានកើតមាននៅវេលារសៀលថ្ងៃទី២ មករា ខណៈដែលហាងកែសម្ផស្សដ៏ធំមួយក្នុងរាជធានីភ្នំពេញយីហោ ឌែម៉ូគ្លីនិក ត្រូវបានកម្លាំងកងរាជអាវុធហត្ថចូលឆែកឆេរ និងមិនមានប្រភពព័ត៌មានត្រូវបានប្រាប់ឱ្យដឹងភ្លាមៗនោះទេ ចេញពីក្រុមមន្ត្រីដែលចូលឆែកឆេរក្នុងហាងកែសម្ផស្សនេះ ។ ឌែម៉ូគ្លីនិក មានទីតាំងស្ថិតនៅអគារលេខ១២១ ផ្លូវលេខ៥៦៦ កែងផ្លូវលេខ៣០៧ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ជាមួយនឹងប្រតិបត្តិការឆែកឆេរនោះអ្នកស្រី ហូវ ដាណេ ត្រូវបានគេស្គាល់ថា ជានាយិកាឌែម៉ូគ្លីនិកដែលទើបចូលរោងការជាមួយអ្នកជំនួញថៃវ័យក្មេងម្នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួន ដែលតាមប្រភពក្រៅផ្លូវការបានឱ្យដឹងថា ពាក់ព័ន្ធករណីយករូបស្រាតគំរាមជំរិតទារប្រាក់ ។ ប្រភពព័ត៌មានដដែលបានឱ្យដឹងថា គ្លីនិករបស់អ្នកស្រី ហូវ ដាណេ បានដាក់កាមេរ៉ាលួចថតរូបតារាមួយចំនួន រួមទាំងអតិថិជនផ្សេងទៀត ដែលចូលទៅកែសម្ផស្ស ដូចជាធ្វើសុដន់មូលក្បំ កែកន្លែងផ្សេងៗតាមតម្រូវការ ហើយបានយករូបភាពទាំងនោះ ទៅជំរិតទារប្រាក់ពីជនរងគ្រោះច្រើនម៉ឺនដុល្លារ ។ ដោយសារតែករណីនេះ បានធ្វើឱ្យមានកំហឹងផ្ទុះឡើង និងបានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ច អាវុធហត្ថលើផ្ទៃប្រទេស ទោះជាបែបណាជារឿងចោទប្រកាន់ប៉ុណ្ណោះ ។
កាលពីថ្ងៃទី៣១ ធ្នូ ២០១៨កន្លងទៅនេះ អ្នកស្រី ហូវ ដាណា បានសម្រេចចិត្តចូលរោងការជាមួយ អ្នក ជំនួញល្បីឈ្មោះម្នាក់ ជាជនជាតិថៃ មានប្រាក់វាល់លានដុល្លារ ដែលពិធីរៀបអាពាហ៍ពិពាហ៍នេះ បានធ្វើឡើងនៅវីឡាដ៏ស្កឹមស្កៃមួយ ក្នុងបុរីវិមានភ្នំពេញ ក្រោមវត្តមានចូលរួមពីក្រុមតារាល្បីៗជាច្រើន ។ អ្វីដែលជាការចាប់អារម្មណ៍ ក្នុងអាពាហ៍ពិពាហ៍របស់អ្នកជំនួញស្រី ដែលមានសក្ដានុពលខ្លាំងលើវិស័យកែសម្ផស្សរូបនេះ គឺស្ថិតនៅត្រង់កូនកំលោះមានវ័យក្មេងរហូតដល់ទៅ៨ឆ្នាំ ជាអ្នកជំនួញ មានមុខជំនួញច្រើនមុខមានទ្រព្យលានដុល្លារ ក្នុងប្រទេសថៃ ។ លោក Thammarat Thurathong ត្រូវបានគេស្គាល់ថា គឺជាកូនពៅក្នុងត្រកូលអភិជនដែលមានកូនតែ២នាក់ និងជាអ្នកជំនួញជួរមុខក្នុងប្រទេសថៃ ដែលមានក្រុមហ៊ុនធំៗក្នុងដៃជាច្រើនដូចជា ក្រុមហ៊ុនយន្តហោះឯកជន ក្រុមហ៊ុនកប៉ាល់ឯកជន ក្រុមហ៊ុនលក់មាស ក្រុមហ៊ុនផលិតជី ក្រុមហ៊ុនលក់ដីក្រុមហ៊ុនសណ្ឋាគារ និងភោជនីយដ្ឋានលំដាប់ផ្កាយ៥ ក្រុមហ៊ុនកែសម្ផស្សជាដើម ។
យោងតាមប្រភពក្រៅផ្លូវវការថា ថៅកែហាងកែសម្ផស្សរូបនេះ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធករណីលួចថតវីដេអូអតិថិជន ដែលទៅទទួលសេវាកម្មកែសម្ផស្ស ដើម្បីគំរាមទារប្រាក់ ។
ប្រភពនេះបញ្ជាក់បន្ថែមថា ជនរងគ្រោះបានប្តឹងនិងចោទប្រកាន់ថា អ្នកស្រីដាណេបានបើកហាងកែសម្ផស្សខាងលើ ដោយផ្តល់សេវាកម្មកែសម្ផស្សដូចជាចាក់ថ្នាំឲ្យស ឬកែសម្ផស្សផ្សេងៗទៀតរហូតដល់ចំណុចអាថ៌កំបាំង ។
លុះពេលផ្តល់សេវារួចរាល់ គឺមានវិក្កយបត្រ២ មួយតម្លៃ៧០០ដុល្លារ និងមួយទៀតតម្លៃ២៨០០០ដុល្លារ ដោយអះអាងថា តម្លៃ២៨.០០០ដុល្លារជាសេវាចាក់ថ្នាំផ្សេងៗ ។ ពេលនោះជនរងគ្រោះបានតវ៉ាលើសេវាផ្សេងៗដោយសុំត្រឹម២.០០០ដុល្លារ ប៉ុន្តែស្ត្រីថៅកែបានទាមទារ៨.០០០ដុល្លារ បើមិនបានទេ គេនឹងបង្ហោះវីដេអូ (ដេរប្រដាប់ភេទ)លើបណ្តាញសង្គមហ្វេសប៊ុក ។ ក្រោយទទួលការគំរាមបែបនេះ ទើបជនរងគ្រោះ សម្រេចដាក់ពាក្យប្តឹងទៅការិយាល័យជំនាញរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទើបមានចំណាត់ការនាពេលនេះ ។
អ្នកស្រី ហូវ ដាណេ ជាស្ត្រីមេម៉ាយកូន២ តែសម្រស់មិនអន់នោះទេ ។ ទាក់ទិននឹងការជួបអ្នកជំនួញថៃវ័យក្មេងនេះ ត្រូវបានគេដឹងថា អ្នកទាំងពីរបានស្គាល់គ្នាជាង២ឆ្នាំមកហើយ តាមរយៈការធ្វើជំនួញជាមួយគ្នាផ្នែកកែសម្ផស្ស និងមុខជំនួញផ្សេងទៀត ដែលដំបូងឡើយគ្រាន់តែជាដៃគូជំនួញ ប៉ុន្តែក្រោយពីសិក្សាចិត្តគ្នា ក៏ឈានដល់មានទំនាក់ទំនងស្នេហាតែម្ដង ។ ទាំងអ្នកសិល្បៈ ក៏ដូចជាមហាជនកោតសរសើរពីមន្តស្នេហ៍អ្នកជំនួញ១គូនេះជាខ្លាំង ដោយមិននឹកស្មានលោក Thammarat Thurathong មានវ័យក្មេងជាង ដល់ទៅ៨ឆ្នាំមកស្រឡាញ់អ្នកស្រី ហូវ ដាណេ ដែលជាស
្ត្រីមេម៉ាយកូន២ទៅហើយ ។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងថ្ងៃអាពាហ៍ពិពាហ៍គឺបែបសាមញ្ញ ប៉ុន្តែខ្លឹមកប់នោះ ម្ដាយកូនកំលោះបានផ្តល់កាដូយ៉ាងពិសេសខ្សែ.កពេជ្រ១ខ្សែ តាមដែលដឹងតម្លៃប្រហែល៤៧ម៉ឺនដុល្លារ និងចិញ្ចៀនពេជ្រ១វង្ស មានតម្លៃប្រហែលជាង៣០ម៉ឺនដុល្លារឯណោះ ។ ដោយសារតែកូនកំលោះជាជនជាតិថៃ ដូចនេះអាពាហ៍ពិពាហ៍ខាងលើបានធ្វើតាមបែបខ្មែរ កាត់ថៃ អ្នកផាត់មុខនិងធ្វើសក់ខាងកូនកំលោះនាំយកពីប្រទេសថៃទាំងអស់ ។ ដោយឡែក គ្រឿងសម្អាង សម្លៀកបំពាក់ គឺសុទ្ធតែកុម្ម៉ង់ថ្មីៗទាំងអស់ ដែលអ្នកស្រីបានប្រគល់ឲ្យហាងខ្មែរកាត់ដេរខ្មែរឌីហ្សាញជាអ្នករៀបចំឲ្យ ។ ក្រោយពីរៀបការរួច គ្រឿងសម្អាង និងសម្លៀកបំពាក់មិនត្រូវបានផ្ទេរឲ្យខាងសម្អាងយកទៅជួលបន្តឡើយ គឺពួកគេទុកតាំងជា អនុស្សាវរីយ៍ទាំងអស់ ។
ទោះបីជាបែបណា ចំណងអាពាហ៍ពិពាហ៍ដែលរំលងបានត្រឹមតែ២ថ្ងៃនេះ មិនដឹងទៅជាបែបណានោះទេ ហើយប្រសិន បើសមត្ថកិច្ចរកឃើញកំហុសមែននោះ អ្នកស្រីម្ចាស់គ្លីនិកនិងប្រឈមមុខជាប់ពន្ធនាគារមិនខានឡើយ៕ ដោយ ៖ បញ្ញាស័ក្តិ