ភ្នំពេញ ៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីជូនដំណឹង ហាមមន្ត្រីរបស់ខ្លួនប្រើប្រាស់យានជំនិះ ដែលពាក់ស្លាកលេខរដ្ឋ ក្រៅពីម៉ោងដែលខ្លួនបំពេញការងារ ជាពិសេសកន្លែងសប្បាយគ្រប់ប្រភេទ រួមមានក្លឹបកម្សាន្ត កន្លែងខារ៉ាអូខេ កន្លែងម៉ាស្សាជាដើម ហើយ ត្រូវប្រើប្រាស់ទោចក្រយានយន្ត និងយានយន្ត ពាក់ស្លាកលេខរដ្ឋឲ្យបានត្រឹមត្រូវ បើកបរប្រកបដោយសេចក្តីថ្លៃថ្នូរ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវ និងមិនត្រូវអនុញ្ញាតឲ្យអ្នកដទៃ ប្រើប្រាស់ទោចក្រយានយន្ត និងយានយន្ត ដែលមានស្លាកលេខរដ្ឋ ក្នុងគោលបំណងផ្សេង ដែលមិនពាក់ព័ន្ធទៅនឹងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២៧ ខែធ្នូ បានចេញសេចក្តីណែនាំមួយដល់មន្ត្រីរបស់ខ្លួនទាក់ទងនឹងការប្រើប្រាស់ទោចក្រយានយន្ត និងរថយន្តរបស់ក្រសួង ពោលគឺយានដែលមានស្លាកលេខរដ្ឋ។
ក្នុងសេចក្តីណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ធ្វើឡើងដើម្បីធានាប្រសិទ្ធភាព ក្នុងការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋ និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ និងមន្ត្រីរាជការសាធារណៈ។ ទាក់ទងនឹងការប្រើប្រាស់យានយន្តស្លាកលេខរដ្ឋ លោក អ៊ុក រ៉ាប៊ុន បានណែនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនចំនួន៣ចំណុច។
លោករដ្ឋមន្ត្រី បានស្នើឲ្យមន្ត្រីខ្លួន ប្រើប្រាស់ទោចក្រយានយន្ត និងយានយន្ត ពាក់ស្លាកលេខរដ្ឋឲ្យបានត្រឹមត្រូវ និងបើកបរថ្លៃថ្នូរដោយគោរពតាមច្បាប់ចរាចរណ៍ផ្លូវគោក។ ហាមប្រើប្រាស់យានយន្តទាំងនោះ ក្រៅពីម៉ោងការងារ ជាពិសេសជិះទៅកន្លែងបម្រើសេវាកម្មសប្បាយផ្សេងៗ ដូចជា ក្លឹបកម្សាន្ត កន្លែងខារ៉ាអូខេ កន្លែងម៉ាស្សាជាដើម។
លោក រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានហាមមន្ត្រីយកយានយន្តស្លាកលេខរដ្ឋ ឲ្យអ្នកដទៃប្រើប្រាស់ ក្នុងគោលបំណងផ្សេង ដែលមិនពាក់ព័ន្ធទៅនឹងការបំពេញភារកិច្ចរបស់ខ្លួន៕ ដោយ ៖ រចនា