កណ្តាល ៖ លោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ បានសម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “គំរាមគំហែង ដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ” ដែលប្រព្រឹត្តនៅភូមិ ព្រែកយាយហាយ ឃុំ ព្រែកថ្មី ស្រុកោះធំ ខេត្តកណ្ដាល កាលពីខែតុលា ឆ្នាំ២០១៨ តាមមាត្រា២៣២ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទមាន ឈ្មោះ ចេង មិត្ត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរ កម្មករសំណង់។ ចំណែកជនរងគ្រោះ ឈ្មោះ គ.គ ភេទស្រី អាយុ ២៣ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ព្រែកយាយហាយ ឃុំ ព្រែកថ្មី ស្រុកោះធំ ខេត្តកណ្ដាល មុខរបរកម្មការិនីរោងចក្រ និង ឈ្មោះ ជ.ធ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មការិនីរោងចក្រ។
លោកវរសេនីយ៌ឯក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ កន្លងទៅ ជនរងគ្រោះទាំង២នាក់ មានទំនាក់ទំនងជាមួយជនសង្ស័យ តាមរយៈទូរស័ព្ទ និងហ្វេសប៊ុក។ បន្ទាប់ពីបាននិយាយ និងឆាតជាមួយគ្នាជាហូរហែរមក បានប្រមាណជា១សប្ដាហ៍ ស្រាប់តែជនសង្ស័យខាងលើ បានសុំមើលរូបថតអាក្រាតកាយ របស់ជនរងគ្រោះទាំង២នាក់ (ម្នាក់ម្ដង) មុនក្រោយគ្នា ហើយជនរងគ្រោះ ក៏បានផ្ញើរូបអាក្រាតកាយ ទៅឲ្យជនសង្ស័យតាម រយៈAccount facebook ឈ្មោះ Ahmoa Tps។ បន្ទាប់ពីមានរូបថតអាក្រាតកាយ នៅក្នុងដៃហើយជនសង្ស័យ ក៏បានទូរស័ព្ទសុំលុយ ពីជនរងគ្រោះទាំង២នាក់ តែជនរងគ្រោះពុំព្រមឲ្យ ពេលនោះជនសង្ស័យ បាននិយាយគំរាមថា នឹងយករូបថតអាក្រាតកាយ របស់ពួកគេទាំង២នាក់ បង្ហោះចូលក្នុងបណ្ដាញផ្សព្វផ្សាយហ្វេសប៊ុក ។ ដោយមានការភ័យខ្លាចជនសង្ស័យ យករូបភាពអាក្រាត បង្ហោះចូលក្នុងបណ្ដាញផ្សព្វផ្សាយសង្គម នារីរងគ្រោះទាំង២នាក់ ក៏បានផ្ញើលុយទៅឲ្យជនសង្ស័យ តាមរយៈភ្នាក់ងារវេរលុយ អ៊ីម៉ាន់នី និង wing ជាបន្តបន្ទាប់ តាមអ្វីដែលជនសង្ស័យ ត្រូវការពុំដែលខាន ដែលសរុបជាទឹកប្រាក់ទាំងអស់ មានដូចខាងក្រោម៖ ជនរងគ្រោះទី១ អស់ទឹកប្រាក់សរុប ចំនួន1.800.000រៀល និង 500 ដុល្លារអាមេរិក។ ជនរងគ្រោះទី២ អស់ទឹកប្រាក់៖សរុប ចំនួន1.700 ដុល្លារអាមេរិក និងប្រាក់រៀលចំនួន64 ម៉ឺនរៀល។
លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះ រកលុយផ្ញើឲ្យជនសង្ស័យ លែងបាន ទើបមកដាក់ពាក្យបណ្ដឹងនៅ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីឲ្យសមត្ថកិច្ចជំនាញ ជួយស្រាវជ្រាវ តាមចាប់មុខសញ្ញា ដើម្បីយកមកបន្តចាត់ការតាមនីតិវិធី។ លុះដល់នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ ដោយមានកិច្ច សហការជាមួយសមត្ថកិច្ចជំនាញ ខេត្ដតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុច ភ្នាក់ងារ wing វេរលុយ ផ្សារអង្គរកា ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ជនសង្ស័យឈ្មោះចេង មិត្ដ បានសារភាពថា ខ្លួនបានស្គាល់គ្នាជាមួយជនរងគ្រោះទាំង ២ នាក់ខាងលើ តាមរយៈឆាតហ្វេសប៊ុកជាមួយគ្នា បន្ទាប់មកបានលួងលោម ជនរងគ្រោះ ឲ្យថតរូបអាក្រាតកាយ ផ្ញើឲ្យគ្នាមើល ក្រោយមកក៏បានទូរស័ព្ទ ទៅជនរងគ្រោះជាបន្ដបន្ទាប់ ឲ្យផ្ញើលុយមកឲ្យខ្លួន បើមិន ដូច្នោះទេ នឹងបង្ហោះរូបអាក្រាតកាយរបស់ ជនរងគ្រោះ ទៅក្នុងបណ្ដាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក ឲ្យសាធារណជនបានឃើញ។ ករណីនេះ កម្លាំងជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី ៕ ដោយ ៖ បញ្ញាស័ក្តិ