ខេត្តកំពត ៖ រដ្ឋបាលសាលាខេត្តកំពត បានអះអាងពីភាពជោគជ័យ នៃការងាតរៀបចំកម្មវិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកលដ៏ធំនារាត្រីរំលងអាធ្រាត្រ ២០១៨ ឆ្លងចូលឆ្នាំ២០១៩ នៅឯបរិវេណទីរួមខេត្តកំពត។
កម្មវិធីនេះដឹកនាំដោយ ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ឯកឧត្ដម ប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីជាន់ខ្ពស់នៃមន្ទីរនានា ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមលេងកម្សាន្ត ដោយមានតន្ត្រីសម័យប្រគំកំដរអបអរសាទរឆ្លងឆ្នាំសកល ឆ្នាំនេះយ៉ាសប្បាយរីករាយថែមទៀតផង។
ឯកឧត្ដម ជាវ តាយ បានមានប្រសាសន៍នៅក្នុងកម្មវិធីអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០១៨ ចូលឆ្នាំ២០១៩ ថា ការរៀបចំពិធីអបអរសាទរឆ្នាំថ្មីនេះ ថាក្រៅពីផ្តល់ការកម្សាន្តសប្បាយរីករាយជូនដល់អ្នកចូលរួម គឺជាឱកាសបង្ហាញពីសក្ដានុពលនៃទីតាំងភូមិសាស្ត្រ ធនធានធម្មជាតិ ការវិនិយោគ និងកិច្ចអភិវឌ្ឍរបស់ខេត្តកំពត ក្នុងបណ្តាឆ្នាំកន្លងមក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិន ឱ្យចូលមកទស្សនាកំសាន្ត និងបណ្តាក់ទុនវិនិយោគកាន់តែច្រើនឡើងថែមទៀត សម្រាប់កំណើនសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត រួមចំណែកកាត់បន្ថយភាពក្រីក្រ និងធានាកិច្ចអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម ជាវ តាយ បញ្ជាក់ថា «ពិធីដ៏សប្បាយរីករាយនេះ ប្រព្រឹត្តទៅ ស្របពេលដែលប្រជាជាតិកម្ពុជាទាំងមូល កំពុងប្រារព្វពិធីសម្ពោធវិមានឈ្នះឈ្នះ និងរំលឹកខួបលើកទី ២០ (១៩៩៨ – ២០១៨) នៃការអនុវត្តនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលបានអូសបន្លាយជាច្រើនឆ្នាំ នាំមកនូវ សុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា។ ក្រោមដំបូលនៃសុខសន្តិភាព និងស្ថេរភាពជាតិ ប្រជាជនទទួលបានសិទ្ធិសេរីភាពពេញលេញ ទទួលបានឱកាសសិក្សារៀនសូត្រ ប្រកបរបរអាជីវកម្ម និងដើរលេងកំសាន្តគ្រប់ ទីកន្លែងដោយគ្មានភ័យបារម្ភ។ សូមចងចាំថា បើប្រទេសជាតិគ្មានសន្តិភាព ប្រាកដណាស់គឺគ្មានភ្ញៀវទេសចរណ៍ និងគ្មានកិច្ចអភិវឌ្ឍ ដូចនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ រួបរួមគ្នាបន្តថែរក្សា សន្តិភាពដែលយើងទទួលបានដោយលំបាកបំផុតនេះ។»
ពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំថ្មីនេះ គឺភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនពាន់នាក់ បានចូលរួមបោះតង់សម្រាក និងជួបជុំជាក្រុមគ្រួសារយ៉ាងសប្បាយរីករាយ ពិសាអាហារ ស្ដាប់ការប្រគំតន្ត្រី រង់ចាំពេលវេលារាប់ថយក្រោយឆ្លងឆ្នាំ២០១៨ ចូលឆ្នាំ២០១៩ ចាប់ពីស្ពានថ្មី រហូតដល់មុខសាលាខេត្តកំពត។
ក្នុងពិធីដ៏ឱឡារិកប្រចាំឆ្នាំ របស់ខេត្តកំពត នេះក៏មានការតាំងពិព័រណ៍ពាណិជ្ជកម្ម និងពិព័រណ៍ផលិតផលក្នុងស្រុកដែលយកមកពីបណ្ដាស្រុកនានានៃខេត្តកំពត ហើយក៏ជាផ្នែកមួយដើម្បីបង្ហាញពីសក្ដានុពលផលកសិកម្មរបស់ប្រជាពលរដ្ឋ និងសក្ដានុពលធម្មជាតិដ៏ប្រណិតនៃខេត្តទេសចរណ៍តំបន់ឆ្នេរសមុទ្រ និងតំបន់ធម្មជាតិ ប្រវត្តិសាស្ត្រនៃខេត្តនេះ។
នៅក្នុងឱកាសរៀបចំអបអរសាទរឆ្លងឆ្នាំសកលឆ្នាំ២០១៨ ចូលឆ្នាំ២០១៩ នេះ នៅខេត្តកំពត មានចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួនជិត ១០ម៉ឺននាក់។ ចំនួននេះមានការកើនឡើង26.78% ធៀបឆ្នាំ2017 ដែលមានចំនួជិត ៨ម៉ឺននាក់។
ឯកឧត្ដម ជាវ តាយ បានថ្លែងថា៖ «ខេត្តកំពត គឺជាខេត្តមួយក្នុងចំណោមខេត្តតំបន់ឆ្នេរទាំងបួន ដែលត្រូវបានប្រសិទ្ធិនាមថា តារារះនាទិសនីរតី ជាប៉ូលដ៏សំខាន់ទាក់ទាញភ្ញៀវទេសចរណ៍។ ក្នុងបណ្តាឆ្នាំកន្លងមកនេះ ពិសេសក្នុងឆ្នាំ២០១៨ រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខិតខំពង្រឹង ពង្រីក ថែទាំ និងកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទាំងក្នុងតំបន់ទីក្រុង តំបន់ប្រជុំជន និងតំបន់ជនបទ ដើម្បីឆ្លើយតបជាមួយតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ។ សមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន គឺជាការចូលរួមចំណែកដ៏ល្អ និងខ្វះមិនបានរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន អង្គភាពជំនាញ កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងស្មារតីនៃសាមគ្គីភាព ឆ្ពោះទៅសម្រេចគោលដៅរួមតែមួយ គឺវឌ្ឍនភាពរបស់ខេត្តកំពត ទាំងមូល»។ ខ្ញុំសូមឆ្លៀតយកឱកាសនេះ ថ្លែងនូវការកោតសរសើរ និងអរគុណជាអតិបរមាជូនចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច បងប្អូនប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ កិច្ចសហប្រតិបត្តិការល្អ និងការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់រដ្ឋបាលខេត្ត រហូតសម្រេចបាន លទ្ធផលការងារគួរជាទីពេញចិត្ត»។
ឯកឧត្តម បន្តថា ខេត្តនេះ ក្រៅពីមានការរៀបចំពិធីអបអរសាទរឆ្លងឆ្នាំសកលនេះទៅ ក្នុងឆ្នាំ២០១៩ នេះរដ្ឋបាលខេត្តកំពត នឹងមានភារកិច្ចរៀបចំពិធីបុណ្យយ៉ាងធំគគ្រឹកគគ្រេងមួយទៀត គឺពិធីបុណ្យសមុទ្រលើកទី ៨ ជុំទី ២ ព្រមទាំងពិធីបុណ្យជាតិ ធំៗមួយចំនួនទៀត តាមការចាត់តាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ហើយថា រដ្ឋបាលខេត្ត បានដាក់ចេញនូវផែនការសកម្មភាពសំខាន់ៗជាអាទិភាពដូចជាបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ តុបតែងលម្អសួនច្បារ ដាំដើមឈើ ជួសជុល និងស្ថាបនាផ្លូវក្នុងក្រុង ការលម្អសោភ័ណភាពតាមមាត់ព្រែកកំពត និងការរៀបចំឆ្នេរសមុទ្រនៅតំបន់បឹងទូក សម្រាប់ត្រៀមលក្ខណៈរៀបចំពិធីបុណ្យទាំងនេះ ឱ្យបានល្អ និងត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអត្តរជាតិ ដែលនឹងសម្រុកមកទស្សនាកម្សាន្តក្នុងខេត្តនេះ៕ ដោយ៖ ដែន សីមា