ខេត្តកំពង់ស្ពឺ៖ (ព័ត៌មានបឋម) សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងជាបឋមថា នៅរសៀលថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១ករណីថ្មីទៀត នៅចំណោតលោកយាយម៉ៅ ពេជ្រនិល ចន្លោះស្ពានទី២ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាប់ព្រំប្រទល់ជាមួយខេត្តព្រះសីហនុ ។
សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរារណ៍នេះ បង្កដោយរថយន្ត៣គ្រឿង បានបុកប៉ះគ្នាខូចខាតធ្ងន់ធ្ងរ និងមានមនុស្សរងរបួសធ្ងន់ស្រាលចំនួន ៤នាក់។
ទោះយ៉ាងណា សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យច្បាស់នៅឡើយទេ ពីទំហំ នៃការខូចខាតរថយន្ត និងចំនួនមនុស្សរបួស ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីដើមហេតុអ្វីនោះទេ ព្រោះពេលនេះសមត្ថកិច្ច កំពុងស្រាវជ្រាវ ។
ដោយឡែកងាកមកផ្លូវជាតិលេខ៤ ត្រង់ចំណោតលោកយាយម៉ៅ ស្ថិតក្នុងក្រុងព្រះសីហនុឯណោះវិញ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងព័ត៌មានបឋមមកថា នៅម៉ោង ២ និង៣០នាទី រសៀលថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩នេះ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍បុករះ១ករណីដែរ រវាងរថយន្តតចំនួន ៥គ្រឿង បណ្តាលឲ្យខូចខាតរថយន្តធ្ងន់ធ្ងរ។ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតពីសមត្ថកិច្ច អំពីចំនួនមនុស្សរងរបួស ឬមានគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយទេ ។
គ្រោះថ្នាក់នេះ បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅចំណោតលោកយ៉ាយម៉ៅ តាមផ្លូវជាតិលេខ៤ ស្ថិតក្នុងក្រុងព្រះសីហនុ ខាងលើនេះ គឺបណ្តាលមកពីរថយន្តធុនធំដឹកឥដ្ឋ ជាអ្នកបង្កឡើង ។
យ៉ាងនេះក្តី មិនទាន់មានរបាយការណ៍លម្អិតពីកម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជុំវិញគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះទេ ព្រោះសមត្ថកិច្ចមូលដ្ឋាន បានអះអាងថា កំពុងស្រាវជ្រាវរកខុសត្រូវ ឲ្យបានពិតប្រាកដជាមុនសិន៕ ដោយ៖ ដែន សីមា