ភ្នំពេញ ៖ លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្របក្សប្រឆាំង បានសរសេរលើផេកហ្វេសប៊ុក នៅថ្ងៃទី៦មករាថា លាការក្រុងភ្នំពេញកោះហៅ លោក គង់ គាំ អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចូលបំភ្លឺក្នុងនាមជាសាក្សី លើសំណុំរឿងក្ដី លោក កឹម សុខា ពីបទសន្និដ្ឋភាពជាមួយបរទេស។
លោក គង់ គាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅសាកសួរក្នុងនាមសាក្សី ក្នុងសំណុំរឿងដែលមានជនត្រូវចោទ កឹម សុខា ជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស ។ នេះបើយោងតាមដីការបស់តុលាការដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩នេះ។
សាសាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យលោក គង់ គាំ ចូលខ្លួនមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨៖៣០នាទីព្រឹក ជាន់ទី៤ បន្ទប់ «គ»។
ការចូលបំភ្លឺរបស់លោក គង់ គាំ នេះគឺស្ថិតនៅក្នុងដំណាក់កាលស៊ើបសួរ។ ហើយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ក៏បានបដិសេធរាល់ការស្នើសុំលុបបទចោទប្រកាន់លើលោក កឹម សុខា ពីសំណាក់មេធាវីរបស់លោក កឹម សុខា ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖រចនា