ខេត្តកំពង់ធំ ៖ ជនសង្ស័យម្នាក់ ទាញកាំបិតផ្គាក់ កាប់ជនរងគ្រោះ ដាច់ម្រាមដៃមួយ បានរត់គេចបាត់រយៈពេល៣ថ្ងៃ ហើយ សមត្ថកិច្ចមិនចាប់នោះទេ ដែល ករណីនេះសមត្ថិកច្ចកំពុងតាមស្រាវជ្រាវរកជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ អំពើហិង្សាដោយចេតនាមានអាវុធ (កាំបិតផ្គាក់) កាប់គ្នា បានកើតឡើងកាលពីវេលាម៉ោង១៩និង២០នាទីកើតថ្ងៃទី៤មករា២០១៩ នៅចំណុច នៅភូមិខ្ញោម ឃុំសូយោង ស្រុកបារាយណ៍ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះប៉ន ស៊ីណា ភេទប្រុស អាយុ២៦ឆ្នាំប្រពន្ធឈ្មោះលុយ ឆវី អាយុ២៦ឆ្នាំនៅ ភូមិខ្ញោម ឃុំសូយោង ស្រុកបារាយណ៍មុខរបរជាកម្មករមើលស្រូវប្រាំងតំបន់វាលក្រោមខាងលិចភូមិខ្ញោម។
ជនរងគ្រោះ២នាក់ ទី១-ឈ្មោះសៀង គឹមហ៊ាន់ ភេទប្រុស អាយុ 37ឆ្នាំ របួស២កន្លែង ដាច់អង្អុលដៃឆ្វេង និងពោះ ទី២-ឈ្មោះអឹម អាត ភេទប្រុស៣៦ឆ្នាំ របួសកដៃឆ្វេង។ ទាំងពីរនាក់នៅភូមិឃុំកើតហេតុ ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកត្រពាំងស្វាយ ។
មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ហ៊ាន់ និងឈ្មោះលន់ សារ៉ុម បានផឹកនៅផ្ទះលន់ សារ៉ុម ។ មួយសន្ទុះ ទើបឈ្មោះប៉ន ស៊ីណា ជាជនសង្ស័យដើរចូលទៅផឹកដែរ ហើយជជែកគ្នាបណ្តាលឲ្យទាស់ ពាក្យសំដីគ្នារហូតធ្វើឲ្យជនសង្ស័យ ទ្រាំមិនបាន រត់ទៅយកកាំបិតពីក្នុងផ្ទះ (ផ្ទះនៅទល់មុខកន្លែងផឹក) ចេញមកវិញជួបជនរងគ្រោះតាមផ្លូវមុខផ្ទះ ហើយកាប់ត្រូវជនរងគ្រោះ បណ្តាលឲ្យដាច់ចង្អុលដៃឆ្វេង និងពោះ ចំណែកឈ្មោះ អឹម អាត ជាជនរងគ្រោះទី២ បាន ស្ទុះទៅជួយត្រូវ ជនសង្ស័យកាប់ចំកដៃឆ្វេងបណ្តាលឲ្យរបួសធ្ងន់ ។
រីឯជនសង្ស័យក្រោយធ្វើសកម្មភាពរួចគេចខ្លួនបាត់ ៕ ដោយ ៖ បញ្ញាស័ក្តិ