ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចដោយបដិសេធពាក្យស្នើសុំរបស់ក្រុមមេធាវីការពារសិទ្ធិរបស់លោក កឹម សុខា អតីតប្រធានសង្គ្រោះជាតិ ដែលបានដាក់ពាក្យស្នើសុំទៅកាន់តុលាការដើម្បីទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា ។
បើយោងតាមសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ៖ «បដិសេធពាក្យស្នើសុំ ចុះថ្ងៃព្រហស្បត្តិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ របស់សហមេធាវីការពារសិទ្ធិឲ្យជនត្រូវចោទឈ្មោះ កឹម សុខា»។
ដីកាសម្រេចរបស់តុលាការក៏បានបង្ហាញថា សំណុំរឿងលោក កឹម សុខា ស្ថិតនៅក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរត្រូវចាត់និតិវិធី ដើម្បីស្រាវជ្រាវប្រមូលភស្តុតាងឲ្យបានពេញលេញ និងគ្រប់គ្រាន់ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌជាធរមាន ហើយបានបញ្ជាក់ថា សំណុំរឿងលោក កឹម សុខា កំពុងដំណើរការទៅមុខ ដើម្បីប្រមូលភស្តុតាងបន្ថែម ៕ ដោយ ៖ រចនា