ភ្នំពេញ ៖ មានយុវជនម្នាក់បានធ្លាក់ពីលើជាន់ទី៤ នៃអគារផ្សារទំនើប AEON ទី១ ដោយមិនទាន់ដឹងថាមូលហេតុ ច្បាស់លាស់ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃអាទិត្យ ទី៦ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លវព្រះសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សពបុរសខាងលើ ជាជនជាតិចិន អាយុប្រហែល២០ឆ្នាំជាង ។
តាមការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់សមត្តកិច្ចឲ្យដឹងថា នៅវេលាម៉ោងខាងលើ គេបានឃើញបុរសម្នាក់ធ្លាក់ពីលើផ្សារទំនើប ជាន់ទី៤ ចុះក្រោមបោកក្បាល ហើយអ្នកដែលបានឃើញនាំគ្នាស្ទុះចេញទៅមើល ឃើញបុរសម្នាក់នោះដេកស្ដូកស្ដឹង និងមានឈាមហូរចេញពីក្បាល តែមិនមានអ្នកណាហ៊ានប៉ះពាល់ទេ ទើបបង្កឲ្យមានការភ្ញាក់ ផ្អើលឡើង និងរាយការណ៍ប្រាប់សន្តិសុខផ្សារទំនើប AEON និងសមត្ថកិច្ចមូលដ្ឋានឲ្យបានដឹងផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកេីតហេតុ តែខាងក្រុមសន្តិសុខផ្សារទំនេីប AEON មិនអនុញ្ញាតអោយក្រុមអ្នកយកព័ត៌មានចុះផ្ដិតយករូបភាពនោះឡើយ ហាក់បីដូចជា មានការលាក់បាំង មិនឲ្យក្រុមអ្នកសារព័ត៌មានដឹងពីមូលហេតុនឹងដំណើររឿងនេះឡើយ។
ជនរងគ្រោះស្លៀកពាក់ ខោខ្លី ពណ៍ខៀវ អាវយឺត ដៃខ្លីពណ៍ខៀវ និងមិនមែនជាបុគ្គលិកផ្សារទំនើប AEON នោះទេ គឺជាប្រជាពលរដ្ឋដើរមកពីខាងក្រៅ ឡើងទៅលើជាន់ទី៤ លោតសម្លាប់ខ្លួនតែម្តង ។
បច្ចុប្បន្ន សពកំពុងរង់ចាំខាងសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ រួចរងចាំស្វែងរក បងប្អូន ឬ សាច់ញាតិ ក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី ។
ជាមួយនោះផងដែរ សមត្តកិច្ចបាន និងកំពុងអំពាវនាវ ដល់បងប្អូនណាដែលបាត់សមាជិកគ្រួសារ ដូចភិនភាគបានរៀបរាប់ខាងលើ មេត្តាទៅទាក់ទងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ឬសមត្ថកិច្ច ខណ្ឌចំការមន ដេីម្បីទទួលយកសព៕ ដោយ៖រចនា