ភ្នំពេញ ៖ អាជ្ញាធរមីន នៅថ្ងៃទី៧ខែមករាឆ្នាំ២០១៩នេះ បានបញ្ចេញរបាយការណ៍ពីអត្រាជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឆ្នាំ២០១៨ ដោយក្នុងនោះមានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គិតពីខែមករា មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០១៨ មានចំនួន ៥៨នាក់ តួលេខនេះ មានចំនួនដូចគ្នានៅឆ្នាំ២០១៧ដែលមានជនរងគ្រោះចំនួន ៥៨នាក់។
អាជ្ញាធរមីន បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះចំនួន ៥៨នាក់ ក្នុងឆ្នាំ២០១៨ មាន៖ ជនរងគ្រោះដោយសារមីន ចំនួន ១៣នាក់ (២២ភាគរយ) និងដោយសារសំណល់ជាតិផ្ទុះ សល់ពីសង្គ្រាម ចំនួន ៤៥នាក់ (៧៨ភាគរយ) ។ ជនរងគ្រោះជាបុរស ចំនួន ៣៦នាក់ (៦២ភាគរយ) ជាក្មេងប្រុស ចំនួន ១៤នាក់ (២៤ភាគរយ) ជាស្ត្រី ចំនួន ៦នាក់ (១០ភាគរយ) និងជាក្មេងស្រី ចំនួន ២នាក់ (៤ភាគរយ)។ ជនរងគ្រោះស្លាប់ ចំនួន ១០នាក់ (១៧ភាគរយ) ពិការ ចំនួន ១២នាក់ (២១ភាគរយ) និងរបួស ចំនួន ៣៦នាក់ (៦២ភាគរយ) ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបាននឹងកំពុងរស់នៅក្បែរតំបន់ សង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះ សល់ពីសង្គ្រាម ឲ្យមានការប្រយ័ត្នខ្ពស់ និងត្រូវសហការជាមួយភ្ងាក់ងារកម្ចាត់មីន ដើម្បីផ្តល់នូវព័ត៌អំពីមីន ៕ ដោយ ៖ បញ្ញាស័ក្តិ