តាកែវ ៖ នៅក្នុងឱកាសអញ្ជើញចូលរួមរំលឹកខួបអនុស្សាវរីយ៍ទិវាជ័យជំនះ៧មករា ខួបលើកទី៤០ ដែលខេត្តតាកែវបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី ៨ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានចាត់ទុកថ្ងៃប្រវត្តិសាស្ត្រនេះគឺជាមូលដ្ឋានគ្រឹះដែលនាំដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរយើង ជាពិសេសធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនហួសពីការរំពឹងទុក ។
ថ្លែងចំពោះមុខមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនុសិស្សនិងបងប្អូនប្រជាពលរដ្ឋជាង១ម៉ឺននាក់ ដែលបានចូលរួមនៅក្នុងទិវាជ័យជំនះ៧មករា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងថា កម្ពុជាពីមុនត្រូវបានញាំញីនិងបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់ជាតិនិងបែងចែកទឹកដី អសន្តិសុខគ្រប់ទីកន្លែង ឥឡូវបានក្លាយជាប្រទេសដែលមានសុខសន្តិភាពពេញលេញ មានការបង្រួមបបង្រួមជាតិនិងឯកភាពទឹកដីទាំងស្រុង មានសន្តិសុខរឹងមាំនិងក្លាយជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញមួយនៅក្នុងតំបន់និងពិភពលោក ហើយមានប្រជាជនរស់នៅក្នុងសុខសន្តិភាពយ៉ាងសុខដុមរមនាទាំងក្នុងគ្រូសារ ទាំងក្នុងសហគមន៍និងទាំងក្នុងសង្គមជាតិ។ កម្ពុជាដែលពីមុនជាវាលពិឃាត គ្របដណ្ដប់ដោយអំណាចផ្ដាច់ការ និងឧក្រិដ្ឋកម្មគួអោយរន្ធត់បំផុតនៃរបបប្រល័យពូជសាសន៍ ឥឡូវបានក្លាយជាទឹកដីនៃសេរីភាព ដែលមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិតេយ្យសេរីពហុបក្ស តាមរយៈការបោះឆ្នោតយ៉ាងទៀងទាត់ សេរី ត្រឹមត្រូវ និងយុត្តិធម៌។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានមានប្រសាសន៍បន្តថា កម្ពុជាពីមុនដែលត្រូវបានគេប្រមាថមើលងាយ ត្រូវបានគេហ៊ុំព័ទ្ធនិងឯកោទាំងខាងនយោបាយនិងសេដ្ឋកិច្ច ប៉ុន្តែឥឡូវនេះក្លាយជារដ្ឋឯករាជ្យមួយដែលមានអធិបតេយ្យនិងបូរណភាពទឹកដីពេញលេញ ហើយកំពុងតែពង្រីកការធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធក្នុងតំបន់និងពិភពលោកព្រមទាំងបំពេញតួនាទីយ៉ាងសកម្មដោយស្មើភាព ស្មើសិទ្ធិ រាល់កិច្ចការក្នុងតំបន់និងអន្តរជាតិ។ ចំណែកសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជារៀងរាល់ឆ្នាំ ដែលធ្វើអោយអាត្រាភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាត្រូវបានកាត់បន្ថយ ជាពិសេសកម្ពុជាបានឆ្លងកាត់ដោយជោគជ័យពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងតែប្រឹងប្រែងដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ស្មារតី៧មករាគឺស្ថិតនៅជាប់ជានិច្ចនៅក្នុងដួងចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ស្មារតី ៧មករា គឹជាកម្លាំងយ៉ាងធំធេងដែលធ្វើឲ្យយើងមកឈ្នះគ្រប់ឧបសគ្គនិងការលំបាកសព្វបែបយ៉ាងក្នុងការកសាងនិងការពារមាតុភូមិកម្ពុជាយើងឲ្យរស់នៅក្នុងភាពសម្បូសប្បាយក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា៕ ដោយ ៖ តាកែវ