ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការរួមចំណែក និងជំរុញការអនុវត្ត “គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ពិសេសការកែទម្រង់ស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សសំដៅពង្រឹង “សុខដុមនីយកម្មក្នុងសហគមន៍” លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមមូលដ្ឋាន និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃគ្រប់ក្រសួង ស្ថាប័ន, កងកម្លាំងប្រដាប់អាវុធ, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ចំណុះឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជា អង្គការជាតិ និង អន្តរជាតិ, សមាគម, គ្រឹះស្ថានឯកជន និង សប្បុរសជននានា ដែលបានបង្កលក្ខណៈ និង ផ្តល់កិច្ចសហការល្អ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមស្មារតី នៃការចាត់ទុក «បញ្ហាគ្រឿងញៀនជាបញ្ហាចម្បងរួមគ្នា ដែលគ្រប់ភាគីត្រូវចូលរួមដោះស្រាយទាំងអស់គ្នា» ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុង ការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គមតាមរយៈ ការបង្ការ ការទប់ស្កាត់ និង ការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និង វិធានការគន្លឹះជាអាទិភាព របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ៕រក្សាសិទ្ធដោយ៖សុទ្ធលី

















