ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ ។
ក្រសួងពាណិជ្ជកម្មសូមជម្រាបជូនដំណឹងដល់សាធារណជន ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និង ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់នៅតាមបណ្តារាជធានី ខេត្ត មេត្តាជ្រាបថា ដើម្បីធានាបាននូវការគ្រប់គ្រង ហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដែលអាចកើតឡើងពីការស្តុកប្រេងឥន្ធនៈ ដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស ហើយធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅ តាមស្ថានីយ ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវ អនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តល្អ ស្របតាមស្តង់ដា និងក្រមប្រតិបត្តិ ដែលស្ថានីយលក់ប្រេងឥន្ធនៈ ជាទូទៅបានអនុវត្ត និងគ្រប់គ្រងហានិភ័យល្អកន្លងមក។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្ត និងយោគយល់ចំពោះស្ថានីយលក់ ប្រេងឥន្ធនៈ ដែលបានខិតខំប្រឹងប្រែងគ្រប់គ្រងហានិភ័យ និងចូលរួមសន្សំសំចៃ ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំងចៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កឱ្យមានហានិភ័យឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្ម រួមទាំងមន្ទីររ៉ែ និងថាមពល រាជធានី ខេត្ត បាននឹងកំពុងបន្តចុះតាមដាន-ត្រួតពិនិត្យការលក់ ជាប្រចាំ ដើម្បីធានាការលក់និងជំរុញឱ្យស្ថានីយប្រេងឥន្ធនៈអនុវត្តឱ្យបានគត់មត់ តាមលក្ខណៈស្តង់ដាបច្ចេកទេស និងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតីជាដើម។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន ក្រុមហ៊ុនចែកចាយ និងម្ចាស់ស្ថានីយប្រេងឥន្ធនៈ
ទាំងអស់ ជ្រាបជាព័ត៌មាន និងត្រូវអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



