Saturday, March 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ “លុបបំបាត់សេដ្ឋកិច្ចខ្មៅ ឈានទៅថែរក្សា និងបង្កើន​សេដ្ឋកិច្ចស ឱ្យបានច្រើន”

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដែលជាយុទ្ធនា​ការយ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាលក្នុងការបង្ហាញសុឆន្ទៈ ការជំរុញរួមគ្នាធ្វើពីគ្រប់ក្រសួងស្ថាប័ន ដើម្បីសម្អាតផ្ទះឱ្យ​បានស្អាត ថែរក្សាឱ្យបានល្អ ដែលគោលដៅយ៉ាងច្បាស់គឺ “លុបបំបាត់សេដ្ឋកិច្ចខ្មៅ ឈានទៅថែរក្សា និងបង្កើន​សេដ្ឋកិច្ចស ឱ្យបានច្រើន”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​បិទសន្និបាត បូកសរុប​លទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​ផ្សព្វ​ផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ នារសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ ថារាជរដ្ឋាភិបាល ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដែលជាយុទ្ធនា​ការ យ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាលក្នុងការបង្ហាញសុឆន្ទៈ ការជំរុញ រួមគ្នាធ្វើពីគ្រប់ក្រសួងស្ថាប័ន ដើម្បីសម្អាតផ្ទះឱ្យ​បានស្អាត ថែរក្សាឱ្យបានល្អ ដែលគោលដៅយ៉ាងច្បាស់គឺ “លុបបំបាត់សេដ្ឋកិច្ចខ្មៅ ឈានទៅថែរក្សា និងបង្កើន​សេដ្ឋកិច្ចស ឱ្យបានច្រើន”។

ព្រមជាមួយគ្នានេះដែរ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើសុំដល់ប្រជាជនឱ្យមានការ​សហការ និងចូលរួមលើគោលការណ៍ចំនួន ៣ គឺ៖ ទី១/ សូមកុំចូលរួមអនុវត្តដោយផ្ទាល់ក្នុងសកម្មភាពនៃការរួម​ចំណែក​នៃការឆបោកតាមប្រព័ន្ធអនឡាញ, ២/ សូមចូលរួមសហការ និងរាយការណ៍អំពីបទល្មើសដែលកើតមានផ្ទាល់ និងទី៣/ សូមប្រជាជនចូលរួមចាប់អាជីពដែលត្រឹមត្រូវស្របតាមច្បាប់។

ឆ្លៀតក្នុងឱកាសនេះដែរ, សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំថ្មី គឺជាការរៀបចំដើម្បីអបអរ​សាទរ និងថែរក្សាប្រពៃណីជាតិខ្មែរខ្លួន ដែលជាសាសនា វប្បធម៌ និងប្រពៃណីរបស់ខ្មែរយើងតាំងពីយូរលង់ណាស់មក​ហើយ ព្រមជាមួយនោះក៏ត្រូវជំរុញដំណើរជីវិតឱ្យទៅមុខដោយត្រូវពង្រឹងខ្លួនឯង។ ការរៀបចំ​នេះ គឺផ្តោតទៅលើ​សាមគ្គីភាព និងភាពរឹងមាំរបស់ជាតិ ដែលត្រូវរៀបចំឱ្យបានសមស្របតាមប្រពៃណី និងមិនត្រូវបំភ្លេចដល់ជនភៀសសឹក ដោយនឹងបំផុសសិល្បករ និងសប្បុរជននឹងទៅជួបផ្ទាល់ ទៅលេង ហើយលើកទឹកចិត្តផ្ទាល់ជាមួយបងប្អូនជនភៀស​សឹក នៅមូលដ្ឋានផ្ទាល់ ជាពិសេសក្នុងកម្មវិធី ក៏នឹងមានការជំរុញផ្សព្វផ្សាយអំពីវីរកងទ័ពនៅតាមទីតាំងផ្សេងៗ ដើម្បីបង្ហាញ ទៅដល់ប្រជាជនដែលបាននឹងអញ្ជើញទៅទស្សនាផ្ទាល់។

ជាមួយគ្នានោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាជនខ្មែរពីគ្រប់ទិសទី ដែលបានចូលរួមជា​ចលនា​ជាតិនិយមយ៉ាងសកម្មក្នុងចលនាជាតិនិយមតាមរយៈការចូលរួមយ៉ាងច្រើនក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាល និង​វីរកងទ័ព ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីការសាមគ្កីជាតិ ស្មារតីជាតិនិយម និងស្នេហាជាតិ ទឹកដី និងប្រជាជនយ៉ាង​ប្រាកដបំផុត។

មុននឹងបញ្ចប់, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធបន្តទំនាក់ទំនងជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋយើងដែលរស់នៅតំបន់មជ្ឈិមបូព៌ាដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង និងត្រូវតាមដានសភាពការណ៍ឱ្យជាប់ជាប្រចាំដើម្បីដាក់ចេញវិធានការឱ្យបានលឿន និងទាន់ពេល ។ បន្ថែមពីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវតាមដានឱ្យជាប់ពីទិន្នន័យ និងការប្រែប្រួលប្រេង ដោយត្រូវមើលពីបរិមាណប្រេង និងមានប្រទេសនាំចេញប្រេង ថាតើមានប្រទេសណាដែលនឹងបិទការនាំចេញដែរឬទេ ដើម្បីធានាស្ដុកប្រេងសម្រាប់ប្រើប្រាស់ និងស្ថិរភាពតម្លៃប្រេង ។

ជាទីបញ្ចប់, សម្ដេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ​ ព្រមទាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៃគ្រប់ក្រសួងស្ថាប័ន, អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ នឹងបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយ, ទិសដៅការងារ, បទបញ្ជា និងសេចក្តីណែនាំនានា ព្រមទាំងផ្តល់កិច្ចសហការទូលំទូលាយ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបេសកកម្មដ៏មានអត្ថន័យរបស់ជាតិមាតុភូមិយើង គឺ ការកសាងសហគមន៍មួយដែលគ្រឿងញៀនលែងជាឧបសគ្គនៃការអភិវឌ្ឍជាតិ និងស្របតាមទស្សនវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជិវិតនិងសហគមន៍គ្មានគ្រឿងញៀន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×