ភ្នំពេញ ៖ លោកមុត ចន្ថា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៩មករានេះ បានសរសេរផេកហ្វេសប៊ុកថា មិនលាបពណ៌ ឯកឧត្តម គង់ គាំ និងកូនប្រុសរបស់លោកជាជនក្បត់ ឬអគុណធម៌ទេ ដែលកំពុងដំណើរការទាមទារសិទ្ធិនយោបាយ ព្រោះខ្ញុំគោរពសិទ្ធិស្វ័យសម្រេចរបស់ឯកឧត្តម និងកូនប្រុស។ ប៉ុន្តែខ្ញុំហាក់មិនទទួលយកបាននូវការលាបពណ៌របស់ឯកឧត្តម ដែលបានចោទថាបក្សប្រឆាំងជាអ្នកធ្វើឲ្យបែងចែកវណ្ណៈរវាងខ្មែរនិងខ្មែរ។
លោកបានបន្ថែមថា ៖ ខ្ញុំសង្ឃឹមថានេះមិនមែនជាពាក្យសំដីពិតរបស់ឯកឧត្តមទេ។ បើសិនជាពាក្យពិតមែន ឯកឧត្តម ក៏ត្រូវទទួលខុសត្រូវផងដែរ ព្រោះ ឯកឧត្តម ជាមេដឹកនាំបក្សប្រឆាំងម្នាក់ដែរ ដែលបានដឹកនាំបក្សប្រឆាំងមុនគេ គឺបក្សជាតិខ្មែរ ដែលក្រោយមកប្តូរជា “គណបក្សសម រង្ស៉ី” ពីខែវិច្ឆិកា ឆ្នាំ១៩៩៥ ដល់ពាក់កណ្តាលឆ្នាំ២០១៦ ដែលមានរយៈពេល ២១ឆ្នាំ។ បើសិនវាជាវប្បធម៌របស់បក្សប្រឆាំងដូច ឯកឧត្តម ចោទលាបពណ៌ នោះគឺ ឯកឧត្តម បានចូលរួមយ៉ាងសកម្មក្នុងការសាបព្រោះវា។
សូម ឯកឧត្តម សម្លឹងមើលម្រាបដៃខ្លួនឯងផង នៅពេលឯកឧត្តមចង្អុលដាក់គេ!
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា គណបក្សប្រឆាំងជាអ្នកបង្កើតធ្វើឲ្យខ្មែរបែងចែកវណ្ណៈរើសអើងលាបពណ៌គ្នារវាងខ្មែរ និងខ្មែរដែលជា ហេតុមួយមិនគួរឲ្យកើតមានឡើយ ។
លោក គង់ គាំ អតីតឧត្តមប្រឹក្សាគណបក្សសង្គ្រោះជាតិ បានឲ្យដឹងក្នុងផេកហ្វេសប៊ុក នៅថ្ងៃទី៨ មករា ដូច្នេះថា «យុទ្ធសាស្ត្រខុសឆ្គងរបស់គណបក្សសង្គ្រោះជាតិ (CNRP) គណបក្សប្រឆាំងជ្រុលនិយមបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរបន្ថែមពណ៌ខ្មែរដល់ថ្ងៃ៧មករាច្បាស់ឡើងៗជាងពេលកន្លងមក» ។
លោក គង់ គាំ ក៏បានលើកឡើងថា ថ្ងៃទី៧ មករា ១៩៧៩ ជាទំព័រនយោបាយមួយរបស់កម្ពុជា ក៏ជាចំណុចចាប់ផ្តើមជាក់ស្តែងនៃជីវភាពនយោបាយរបស់ខ្ញុំ (គង់ គាំ) ដែលពេលនោះ៧មករា មានពណ៌វៀតណាមក្រាស់ ។ ក្រោយមកថ្ងៃ៧ មករា (១៩៩១-១៩៩៣) បានប្រែពណ៌ពីវៀតណាមមកកាន់ពណ៌ខ្មែរហាសិបភាគរយ (លទ្ធផលបោះឆ្នោតឆ្នាំ១៩៩៣) ។ លោកបញ្ជាក់ថាថ្ងៃ៧ មករា ឆ្នាំ២០១៩ សែសិប ឆ្នាំក្រោយជា៧ មករា ដែលប្តូរពីពណ៌វៀតណាមក្រាស់មកជាពណ៌ខ្មែរក្រាស់ តាមរយៈការបោះឆ្នោតហើយលទ្ធផលបោះឆ្នោតឆ្នាំ២០១៨បានបង្ហាញឲ្យឃើញរួចហើយ ។
ការលើកឡើងរបស់លោក គង់ គាំ នេះបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រើយុទ្ធសាស្ត្រ ឬសារនយោបាយយ៉ាងមុតស្រួលទៅកាន់អ្នកគាំទ្រ ដើម្បីឲ្យ គាំទ្រខ្លួនរហូតអ្នកខ្លះគាំទ្រទាំងមិនដឹងថា មេខ្លួននាំយកទៅទិសដៅណាច្បាស់លាស់ផង ។
យ៉ាងណាក្តីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ទណ្ឌិតសម រង្ស៊ី នៅមិនចោលក្បួនបោកនៅឡើយ ទោះបីកំពុងស្ថិតនៅក្នុងបរាជ័យយ៉ាងណា កាលចុងក្រោយក្តីក៏ទណ្ឌិតរូបនេះនៅតែព្យាយាម ប្រើឧបាយកលបោកបងប្អូនមួយចំនួនដែលនៅជឿឲ្យលង់តាមខ្លួន ។
លោកបន្តថា លោក សម រង្ស៊ី បានបំផុសឲ្យបងប្អូនជួបជុំគ្នាហើយបង្ហោះវីដេអូថា គាំទ្រសម រង្ស៊ី ចេញពីកន្លែងនេះពីកន្លែងនោះឲ្យមើលទៅដូចជាច្រើនណាស់អ្នកគាំទ្រធ្វើហាក់ដូចជា ទណ្ឌិត សម រង្ស៊ី នៅមានប្រជាប្រិយណាស់អញ្ចឹង ។ តែតាមការពិតវាគ្មានប្រជាប្រិយភាពស្អីវាទេ វាគ្រាន់តែបង្ហោះវីដេអូតាមខ្យល់តើ បានការអីទៅ ? ដល់មានបង្ហោះវីដេអូច្រើនកន្លែងទៅ នាំឲ្យសមត្ថកិច្ចហៅមកសាកសួរ និងធ្វើកិច្ចសន្យា៕ ដោយ ៖ បញ្ញាស័ក្តិ