Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មានប្រសាសន៍​ថា​៖ ថ្ងៃ​៧​មករា គឺជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា ដែល​គ្មាន​ជន​ណា​មក​បំភ្លៃ ឬ​បំផ្លាញ​បានឡើយ​

(​ស្វាយរៀង​) ៖ លោក រស់ ផា​រិទ្ធ សមាជិក​គណៈកម្មការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង និង​ជា​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ពងទឹក ស្រុក​រំដួល ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩ បាន​មានប្រសាសន៍ថាៈ ថ្ងៃ​៧​មករា គឺជា​ថ្ងៃកំណើត​ទី​២​របស់ ប្រជាជន​កម្ពុជា ដែល​នេះ​ជា​សច្ចៈ​ធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​ជន​ណា ឬ​កម្លាំង​ណា មក​បំភ្លៃ ឬ​បំផ្លាញ​បានឡើយ​, មាន​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ទើប​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ​។​

​លោក រស់ ផា​រិទ្ធ បាន​ថ្លែង​យ៉ាង​ដូចនេះ ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​អង្គ​មី​ទ្ទិញ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជ​ជនកម្ពុជា ឃុំ​ពងទឹក ស្រុក​រំដួល ខេត្ត​ស្វាយរៀង ដែល​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​នាក់​។​

​ក្នុងឱកាស​នោះ​លោក រស់ ផា​រិទ្ធ បាន​អាន​នូវ​សុន្ទរកថា​ទាំងស្រុង​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​អបអរសាទរ​ដល់​ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា ដែល​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៩​ជូន​ប្រជាពលរដ្ឋ សមាជិក​សមាជិកា​បក្ស​ទាំងអស់​នៅក្នុង​អង្គពិធី​ផងដែរ​។​

​លោក​បាន​លើកឡើង​ថា ថ្ងៃ​៧​មករា គឺជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា ដែល​នេះ​ជា​សច្ចៈ​ធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​ជន​ណា ឬ​កម្លាំង​ណា មក​បំភ្លៃ ឬ​បំផ្លាញ​បានឡើយ មាន​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ទើប​មាន​អ្វីៗ ដូច​សព្វថ្ងៃនេះ ហើយ​ថ្ងៃ ៧​មករា បាន​កើតចេញ​ពី​ការលះបង់​សាច់​ស្រស់ ឈាម​ស្រស់ និង​ភាព​អង់អាច​ក្លាហាន​របស់​ថ្នាក់ដឹកនាំ យុទ្ធជន​កម្ពុជា ដោយ​មាន​ការគាំទ្រ​ពី​កងទ័ព​វៀតណាម បាន​វាយ​ដណ្តើម​ជោគជ័យ លើ​របប​ប្រល័យ​ពូជសាសន៍​ខែ្មរ​ក្រហម ហើយ​សូម​ស្មារតី ថ្ងៃ ៧​មករា ស្ថិតស្ថេរ​ជា​អមតៈ​ក្នុង​បេះ​ប្រជាពលរដ្ឋ​គ្រប់រូប​។​

​លោក រស់ ផា​រិទ្ធ បាន​បញ្ជាក់បន្ថែម​ថា ៤០​ឆ្នាំ​កន្លងមកនេះ គឺ​៤០​ឆ្នាំ​នៃ​សាមគ្គីភាព វីរភាព និង​ជ័យជំនះ​។ ការខិតខំ​ពុះពារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ បាន​កែប្រែ​មាតុភូមិ​កម្ពុជា ពី​គំនរ​ផេះផង់​ឲ្យ​រស់​ឡើង​វិញ និង​រីកចម្រើន​លូតលាស់ ប្រកប​ដោយ​មោទនភាព​បំផុត ដែល​បាន​ពង្រឹង​មូលដ្ឋានគ្រឹះ សម្រាប់​ឲ្យ​យើង​ឈាន​ទៅ​សម្រេច នូវ​គោលដៅ​ដ៏​ឧត្តុងឧត្តម​មួយ គឺ​កម្ពុជា​ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​។ នៅ​ខេត្ត​ស្វាយរៀង​បច្ចុប្បន្ននេះ មាន​រោងចក្រ​សហគ្រាស យ៉ាងច្រើន​ផ្តល់​ការងារ​ធ្វើ ដល់​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ អាច​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ពលរដ្ឋ បាន​មួយកំរិត​ផងដែរ​។​

​លោក រស់ ផា​រិទ្ធ បាន​គូសបញ្ជាក់ថា ការរំដោះ​ជាតិ​បាន​មក​វិញ គឺជា​វីរភាព​គ្មាន​ពីរ សំរាប់​មេដឹកនាំ ដែល​បាន​ចូលរួម និង​លះបង់​គ្រប់យ៉ាង​ដើម្បី​បុព្វ​ហ​តុ​ជាតិ ដ៏​មហា​ធំធេង​។ លោក​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ រួម​គ្នា​ជួយ​ថែរក្សា​សុខសន្តិភាព និង​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល ឱ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​ប្រកប​ដោយ​និរន្ត​ភាព សំរាប់​អនាគត​យូរអង្វែង ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​៕ ដោយ ៖ ​វ៉ៃ​គោ​

  

×