ភ្នំពេញ ៖ បុរសម្នាក់ដែលសរសេរថាលើបណ្តាញសង្គមហ្វេសប៊ុកប្រមាថព្រះមហាក្សត្រកម្ពុជា ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន៣ឆ្នាំ និងពិន័យជាប្រាក់ ចំនួន៥លានរៀល ។
ជនជាប់ចោទឈ្មោះ អៀង ជុលសា កើតឆ្នាំ១៩៩២ ត្រូវចាប់ខ្លួននៅវេលាម៉ោង១៦៖៤០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ បានឃាត់បុរសម្នាក់ បន្ទាប់ពីគេបានប្រើ Account facebook ឈ្មោះអៀង ជលសារ ហើយជេរប្រមាថព្រះមហាក្សត្រ កាលពីថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង៩.១៦នាទីយប់ ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា បន្ទាប់ពីធ្វើស្រាវជ្រាវលើបណ្តាញសង្គម ដោយសហការជាមួយ បណ្តាក្រុងដែលសង្ស័យជាអាសយដ្ឋានបច្ចុប្បន្ន របស់ជនម្ចាស់គណនេយ្យ ខាងលើដូចជា៖ ខេត្តស្វាយរៀង រាជធានីភ្នំពេញ សមត្ថកិច្ចនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនឈ្មោះ អៀង ជុលសា នៅវេលាម៉ោង១៦៖៤០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រមទាំងបានបញ្ជូន ទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ដើម្បីសាកសួរនឹងកសាងសំណុំរឿងទៅតុលាការ តាមនីតិវិធីតែម្តង៕ ដោយ ៖បញ្ញាស័ក្តិ