ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយឃាត់រថយន្តដឹកទំនិញចេញចូលម៉ោងខុសច្បាប់ចំនួន៩៦គ្រឿង ក្នុងគោលដៅចំនួន៣ផ្សេងគ្នា នៅរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ជើងគោក បានឲ្យដឹងថា នៅក្នុងការចុះអនុវត្តច្បាប់ចរាចរណ៍ ក៏ដូចជា ការត្រួតពិនិត្យទៅលើរថយន្តធុនធំនេះ គឺចាប់ផ្ដើមតាំងពីព្រឹករហូតដល់ល្ងាច ដោយកម្លាំងនគរបាលជំនាញរបស់យើង បានធ្វើការឃាត់រថយន្តធុនធំបានចំនួន៩៦គ្រឿង ដោយយកមកតាមគោលដៅចំនួន៣ផ្សេងគ្នា។
លោកវរសេនីយ៍ឯក បានបន្ថែមថា រថយន្តដែលកម្លាំងនគរបាលជំនាញ បានឃាត់នោះ នឹងសុំគោលការណ៍ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការពន្យល់ណែនាំដល់ម្ចាស់អាជីវករ ដែលបើកមុខរបររថយន្តដឹកទំនិញធុនធំ ទាំងឡាយ ស្ដីអំពីច្បាប់អនុញ្ញាត ឱ្យរថយន្តធុនធំ ចេញចូលមានម៉ោងកំណត់ត្រឹមត្រូវ។
លោកវរសេនីយ៍ឯកបានបញ្ជាក់ទៀតថា ចំពោះរថយន្តដឹកទំនិញធុនធំទាំងអស់ មិនត្រូវអនុញ្ញាតឱ្យចូល ក្នុងរាជធានីភ្នំពេញ ចំនួន៤ខណ្ឌរួមមាន៖ ខណ្ឌ៧មករា ខណ្ឌដូនពេញ ខណ្ឌទួលគោក និងខណ្ឌចំការមន។ ដោយឡែក រថយន្តដឹកទំនិញធុនធំ ដែលអនុញ្ញាតឱ្យចេញចូលបាននៅតំបន់ជាយក្រុងរួមមាន៖ ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវវេងស្រេង និងផ្លូវលេខ២៧១។
លោក សែម គន្ធា បានសំណូមពរដល់ម្ចាស់អាជីវករទាំងអស់ សូមមេត្តាគោរពនៅច្បាប់ចរាចរណ៍ ដែលសាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ បានដាក់ចេញនូវសេចក្តីណែនាំ ៕ ដោយ ៖ បញ្ញាស័ក្តិ