Friday, June 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវ ស្ពាន ផ្លូវដែក ផ្លូវអាកាស ផ្លូវទឹក កំពង់ផែ និង​ប្រព័ន្ធ​គ្រប់​មធ្យោបាយ​ដឹកជញ្ជូន ជា​សរសៃឈាម​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ទ្រទ្រង់​សេដ្ឋកិច្ច​

spot_img

​ភ្នំពេញ​ ៖ លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា ជា​ការពិត​ណាស់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន​រួម​មាន​៖ ផ្លូវ ស្ពាន ផ្លូវដែក ផ្លូវអាកាស ផ្លូវទឹក កំពង់ផែ និង​ប្រព័ន្ធ​គ្រប់​មធ្យោបាយ​ដឹកជញ្ជូន ដែល​ជា​វិស័យ​មួយ​ដ៏​សំខាន់ ជា​សរសៃឈាម​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ទ្រទ្រង់​សេដ្ឋកិច្ច បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ការកាត់បន្ថយ​ភាព​ក្រីក្រ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ របស់​ប្រជាជន គ្រប់​ស្រទាប់វណ្ណៈ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ផងដែរ​។ ជាក់ស្ដែង​ផ្លូវថ្នល់ និង​ស្ពាន​ត​ភ្ជាប់​ទៅគ្រប់​រាជធានី​-​ខេត្ត និង​ជនបទ ស្ទើរ​គ្រប់​ច្រកល្ហក​ទូទាំងប្រទេស ត្រូវ​បាន​ស្តារ និង​អភិវឌ្ឍន៍​ជា​លំដាប់ ដែល​បាន​បង្ក​ភាព​ងាយស្រួល​ដល់​ការធ្វើ​ចរាចរណ៍ ដឹកជញ្ជូន​ពាណិជ្ជកម្ម និង​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។​

​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​មករា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​អមដំណើរ​លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​សាធារណការ និង​ដឹកជញ្ជូន ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាលសន្និសីទ​ចតុមុខ រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រីរាជការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​សន្និបាត​នេះ​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​១​ថ្ងៃ​កន្លះ ដែល​មាន​ការចូលរួម​ធ្វើ​បទ​អន្តរាគមន៍​ពី​អង្គភាព​ពាក់ព័ន្ធ បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​និង​បទពិសោធន៍​ការងារ​យ៉ាង​ផុលផុស បាន​ពិនិត្យ​លើ​បញ្ហា​ប្រឈម សំណូមពរ និង​ដំណោះស្រាយ និង​បាន​បូកសរុប​លទ្ធ​ផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០១៩​។​

​ថ្លែង​ក្នុង​សន្ទរកថា​នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​សមិទ្ធផល​ការងារ​ឆ្នាំ ២០១៨ ដែល​ជា​ឆ្នាំ​ទទួលបាន​នូវ​ការគាំទ្រ និង​ជំនឿ​ទុកចិត្ត​ខ្ពស់​ពី​បងប្អូន​ប្រជាពលរដ្ឋ​លើ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទាក់ទង​នឹង​ការអនុវត្ត​ការងារ​របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ តាម​ការសន្យា សមិទ្ធផល​សំខាន់ៗ​ទាំងនោះ​រួមមាន​៖ ការងារ​ដឹកជញ្ជូន​ផ្លូវគោក​និង​សុវត្ថិភាព​ចរាច​រណ៍ ការងារ​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ ការងារ​ផ្លូវដែក ការងារ​សាធារណការ ការងារ​ភស្តុភា​រកម្ម ការងារ​សហគ្រាស​សាធារណៈ និង​ការងារ​ព័ត៌មានវិទ្យា​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៩ ដែល​ជា​ឆ្នាំ​ត្រូវ​ជំរុញ​ទ្វេដង​ក្នុង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ដែល​បាន​ផ្តល់​ការទុកចិត្ត​ដល់​រាជរដ្ឋាភិបាល និង​បង្កើន​ចំណូល​ជាតិ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​លើកឡើង​អំពី​ផែនការ​គម្រោង​សំខាន់ៗ​សម្រាប់​ឆ្នាំ​២០១៩​នេះ ដែល​ក្នុងនោះ​រួមមាន​៖ សេចក្ដីព្រាង​អនុក្រឹត្យ​ស្តីពី​ផ្លាក​លេខ​ពិសេ​សរថយ​ន្ត សំដៅ​ប្រមូល​ថវិកា​ជូន​រដ្ឋ ផ្តល់​ជម្រើស​ងាយស្រួល​ដល់​ម្ចាស់​កម្មសិទ្ធិ​យានយន្ត និង​ពង្រឹង​ការ​គ្រប់​គ្រង​យានយន្ត គម្រោង​កាត់បន្ថយ​អត្រា​នៃ​ការរង​របួស​ធ្ងន់ធ្ងរ​ឱ្យបាន​៥០%​ត្រឹម​ឆ្នាំ​២០២០ និង​ការបង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​រថយន្ត​​​ដឹក​ជញ្ជូន​ទំនិញ​តាម​គោលដៅ​កំពង់ផែ​ស្វយ័ត​ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ជាដើម​។​

​ជាមួយគ្នានេះ​ផង​ដែរ​លោក​អគ្គបណ្ឌិត​សភា​ចារ្យ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល​១០០​ថ្ងៃ​ដំបូង ដើម​អាណត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល ដូចជា​៖ ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​ថែទាំ​ផ្លូវ យុទ្ធនាការ​ជិះ​កង់​ត្រួតពិនិត្យ​មើល​ផ្លូវ ការជួសជុល​ថែទាំ​ផ្លូវ​-​ស្ពាន ដែល​រង​ការខូចខាត​ដោយសារ​ទឹកជំនន់ ការដាក់ឱ្យ​ដំណើរការ​សាលាបង្រៀន​បើកបរ​រថយន្ត​ធុន​ធ្ងន់ ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ការរៀបចំ​បញ្ចប់សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការផ្តល់​ផ្លាក​លេខ​ពិសេស ជាដើម​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​អគ្គបណ្ឌិត​សភា​ចារ្យ បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​បណ្តា​ប្រទេស​ផ្តល់ជំនួយ ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ អន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​សហការ និង​ផ្តល់​ការឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី សម្ភារ ថវិកា និង​បច្ចេកទេស លើ​ការរៀបចំ​ផែនការ និង​ការអនុវត្ត​សកម្មភាព​ការងារ​ក្នុង​វិស័យ​សាធារណការ និង​ជញ្ជូន​។​

​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា ការប៉ាន់ស្មាន​ជាបឋម អត្រា​កំណើន​សេដ្ឋកិច្ចរ​បស់​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៨ កន្លង​ទៅនេះ អាច​សម្រេចបាន​ក្នុង​រង្វង់ ៧,៣​ភាគរយ ដែល​កំណើន​នេះ​ទទួលបាន​ពី​ការកើនឡើង ដ៏​រឹងមាំ​នៃ​វិស័យ​សំណង់ វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៍ រួម​ទាំង​វិស័យ​ទូរគមនាគមន៍ និង​ដឹកជញ្ជូន​។​

​លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា ឈរ​លើ​មូលដ្ឋាន នៃ​លទ្ធផល​ដែល​សម្រេច​បាន​ខាងលើនេះ កម្ពុជា​បាន​កំណត់​បំណងប្រាថ្នា​របស់​ខ្លួន កាន់តែ​ខ្ពស់​ជាង​មុន​ក្នុង​ការ​ប្រែ​ក្លាយខ្លួន​ជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​២០៥០​។​

​លោក​បាន​បញ្ជាក់ថា ទន្ទឹម​នេះ​កម្ពុជា ក៏បាន និង​កំពុង​ពង្រឹង​ការតភ្ជាប់​ជាមួយ​ប្រទេស នៅក្នុង​តំបន់ គ្រប់​ប៉ូល និង​របៀ​ង​សេដ្ឋកិច្ច​សំខាន់ៗ​នៅក្នុង​ប្រទេស និង​ការចាប់ផ្ដើម​រៀបចំ​នូវ​ប្រព័ន្ធ ឡូ​ជី​ស្ទីក​ក្នុងស្រុក ដែល​នឹង​រួមចំណែក​កាត់​តែ​ច្រើន​ឡើងៗ ក្នុង​ការ​លើកកម្ពស់​ស​ម​ត្ថភាព​ប្រកួតប្រជែង និង​ជំរុញ​ពាណិជ្ជកម្ម​មូលដ្ឋាន គាំទ្រ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​បន្ថែម​ទៀត​ផង​ដែរ​។​

​បើ​តាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ៖ “៤៣ ចំណុច​” ជា​លទ្ធផល​សន្និបាទ​បូកសរុប​ការងារ​២០១៨ និង​ទិសដៅ​២០១៩ ក្រោម​ប្រធានបទ “​ពង្រឹង ពង្រីក និង​ធ្វើ​ទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង​សេវា​ដឹកជញ្ជូន ឆ្ពោះទៅ​កាន់​ការអភិវឌ្ឍ​ភស្តុភា​កម្ម​” របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕ ​ដោយ​៖​កូឡាប​

spot_img
×