មណ្ឌលគិរី ៖ បើតាមមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានបង្ហាញនូវកម្រងរូបថត ឧបករណ៍បទល្មើសចាប់សត្វព្រៃដោយច្បាប់ ជាច្រើនសន្លឹក ដូចជា អន្ទាក់ធ្វើពីខ្សែលួស កាំភ្លើងកែច្នៃ អង្គប់ ម៉ាស៊ីនកាត់ដើមឈើជាដើម។
មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា “នេះជាកម្រងរូបភាព ស្ដីពីការអនុវត្តច្បាប់ របស់ដែនជម្រកសត្វព្រៃស្រែពក”។
សូមបញ្ជាក់ថា កន្លងមកសត្វព្រៃក្នុងដែនជម្រកសត្វព្រៃមួយចំនួននេះ តែងរងនូវការបាញ់សម្លាប់ដាក់អន្ទាក់ ពីសំណាក់ក្រុមព្រានព្រៃ ដើម្បីយកបំណែកសាច់ ឬឆ្អឹង ទៅលក់តាមទីផ្សារងងឹត និងសត្វព្រៃខ្លះ ត្រូវបានក្រុមឈ្មួញ លួចលាក់ដឹកជញ្ជូន ទៅលក់នៅឯបរទេសផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នសត្វព្រៃប្រភេទមានដោយកម្រ និងជិតផុតពូជ បានបាត់បង់គួរឲ្យកត់សម្គាល់ ដោយសារការបរបាញ់ និងការដាក់អន្ទាក់ ពីសំណាក់ព្រានព្រៃ។ កត្តាប្រឈម នៃការបាត់បង់សត្វព្រៃនេះ មន្ត្រីឧទ្យានុរក្សបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដើរល្បាត ដើម្បីដោះអន្ទាក់ និងទប់ស្កាត់ការបរបាញ់សត្វព្រៃ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
ជាទិសដៅរបស់ក្រុមការងារ មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី នឹងបន្តការងារអប់រំ និងផ្សព្វផ្សាយនេះ ទៅកាន់គោលដៅនៃភូមិមួយចំនួនទៀត នៅក្នុងខេត្តមណ្ឌលគិរី ដែលទទួលរងនូវការបរបាញ់ និងការដាក់អន្ទាក់សត្វព្រៃ ដើម្បីរួមចំណែកការពារនិងអភិរក្សសត្វព្រៃ ដែលនៅសេសសល់ នាពេលបច្ចុប្បន្ននេះ បន្តទៀត។
អាជ្ញាធរ បានស្នើដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងអំពីអត្ថប្រយោជន៍សត្វព្រៃ និងការបញ្ឈប់សកម្មភាពបរបាញ់ ឬដាក់អន្ទាក់សត្វព្រៃ ការបំពុល ព្រមទាំងការបញ្ឈប់បរិភោគសាច់សត្វព្រៃជាអាហារជាដើម៕ ដោយ ៖ រចនា