ខេត្តមណ្ឌលគិរី ៖ មន្ត្រីអនុវត្តច្បាប់បង្ក្រាបបទល្មើសសត្វព្រៃចល័ត បានចាប់សាច់ជ្រូកព្រៃទម្ងន់ជាង១០០គីឡូក្រាម ហើយយកទៅដុតកម្ទេចចោល នៅស្នាក់ការអង្គការ WWF ប្រចាំខេត្តមណ្ឌលគិរី។
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា រថយន្តចំនួន១គ្រឿង ម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2B-6865 បានផ្ទុកសាច់ព្រៃស្រស់ទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានមន្ត្រីអនុវត្តច្បាប់ បង្ក្រាបបទល្មើសសត្វព្រៃចល័ត របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ស្ទាក់ចាប់ឃាត់បាន រួមជាមួយនឹងមនុស្ស៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសសត្វព្រៃនេះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក។
វត្ថុតាងរថយន្ត និងជនសង្ស័យ ត្រូវបាននាំយកទៅកាន់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ ចំណែកសាច់ជ្រូកព្រៃស្រស់ ទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានដុតកម្ទេចចោល នៅស្នាក់ការអង្គការ WWF ប្រចាំខេត្តមណ្ឌលគិរី៕ ដោយ ៖ បញ្ញាស័ក្តិ