រដ្ឋមន្ត្រីការបរទេសអាមេរិច រិច ធៀល័រសាន់ (Rex Tillerson) បានប្រកាសឲ្យដឹងថា អាមេរិច “បានត្រៀមខ្លួនរួចរាល់ជាស្រេចក្នុងការជួបចរចារគ្រប់ ពេលវេលា” ជាមួយនឹងប្រទេសកូរ៉េខាងជើង ដោយមិនមានការដាក់ល័ក្ខខ័ណ្ឌទុកជាមុននោះទេ។
សេចក្តីប្រកាសរបស់លោកបានបង្ហាញពីការផ្លាស់ប្តូរជំហររបស់អាមេរិច ១០០ភាគរយ ដែលពីមុន អាមេរិចធ្លាប់ប្រកាស និងទាមទារឲ្យកូរ៉េខាងជើង ត្រូវតែបញ្ឍប់កម្មវិធីអាវុធរបស់ខ្លួន មុននឹងមានការចរចារកើតឡើង។
លោក ថ្លែងប្រាប់វេទិការគោនយោបាយនៅទីក្រុងវ៉ាស៊ីនតោនថា “តោះពួកយើងជួបគ្នា និងពិភាក្សាគ្នាពីអ្វីដែលអ្នក (កូរ៉េខាងជើង) ចង់បាន”។
មហិច្ឆតារបស់កូរ៉េខាងជើងក្នុងការសម្រេចអាវុធប្រល័យលោក បណ្តាលឲ្យប្រទេសកុម្មុនិស្តដ៏ឯកោមួយនេះ ទទួលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដែលផ្តួចផ្តើមឡើងដោយអាមេរិច។
ប៉ុន្តែរបបនេះនៅតែចចេស និងរឹងរូសជាមួយនឹងសម្ពាធអន្តរជាតិ ដោយនៅតែបន្តការអភិវឌ្ឍន៏អាវុធរបស់ខ្លួន បើទោះបីជាមានការដាក់សម្ពាធទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកការទូត
ក៏ដោយ ហើយនៅពេលថ្មីៗនេះដែរ កូរ៉េខាងជើងទើបតែបាញ់សាកល្បងមីស៊ីលរយៈចំងាយឆ្ងាយ ដែលខ្លួនអះអាងថា អាចមានសមត្ថភាពវាយប្រហារដល់គ្រប់ទីកន្លែងនៃទឹកដីអាមេរិច។
ការបបួលកូរ៉េខាងជើងចូលមករកតុចរចារ ដោយមិនមានលក្ខខ័ណ្ឌរបស់រដ្ឋមន្ត្រីការបរទេសអាមេរិច កើតឡើងតែប្រហែលមួយសប្តាហ៏ ក្រោយពេលមានដំណើរទស្សនៈកិច្ចរបស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ទៅកាន់កូរ៉េខាងជើង។
លោក Jeffrey Feltman ប្រធានកិច្ចការបរទេសរបស់អង្គការសហប្រជាជាតិ ដែលទើបតែនឹងបានធ្វើដំណើរទៅទីក្រុងព្យុងយ៉ាង បានថ្លែងប្រាប់អ្នកសារព៌តមានថា មន្ត្រីកូរ៉េខាងជើងបានសំដែងពីសារៈសំខាន់ក្នុងការទប់ស្កាត់កុំឲ្យមានសង្គ្រាម និងបាននិយាយថាការពិភាក្សាគ្នាគួរតែបន្តកើតមាន៕ សុភ័ក្ត្រ