ខេត្តរតនគិរី ៖ ជនជាតិវៀតណាម២នាក់ ឪពុក និងកូន បានរត់គេចខ្លួន ចេញពីប្រទេសវៀតណាម លួចឆ្លងដែនចូលមកសម្ងំលាក់ខ្លួន ក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធក្នុងករណីឆបោកទ្រព្យសម្បត្តិ ប្រជាជនវៀតណាម នៅក្នុងខេត្តបារៀវុងតាវ ប្រទេសវៀតណាម ត្រូវបាន កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ បានស្រាវ និងឃាត់ខ្លួន នៅល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅក្នុងឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ការចាប់ខ្លួនបុរស២នាក់ឪពុក-កូន ជាជនជាតិវៀតណាម យោងតាមលិខិតបង្គាប់ឲ្យចាប់ខ្លួន និងនាំខ្លួនលេខ0២/PC ៤៥ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ របស់ស្ថាប័នស្រាវជ្រាវស៊ើបអង្កេត នគរបាលខេត្តបារៀវុងតាវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងយោងចំណារឯកភាព របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ លើសំណើសុំឃាត់ខ្លួន របស់ស្នងការដ្ឋានគរបាលខេត្តរតនគិរី។
លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ស្នងការរងទទួលផែនអន្តោប្រវេសន៍ ប្រាប់ឲ្យដឹងថា ជនសង្ស័យទី១- ឈ្មោះ ឡេ ថាន់ថាវ ភេទប្រុស ឆ្នាំកំណើត១៩៦៨ កាន់អត្តសញ្ញាណប័ណ្ណវៀតណាមលេខ ២៧៣៤៣២៩៩៦ និងទី២- ឈ្មោះ ឡេ ក្វៀតថាំង ភេទប្រុស ឆ្នាំកំណើត១៩៩៧ ស្រុកកំណើតខេត្តហាយយឿង កាន់អត្តសញ្ញាណប័ណ្ណវៀតណាមលេខ ២៧៣៦២០៧៥៩។ ជនសង្ស័យ ឪពុក និងកូននេះ បានត្រៀមរៀបចំបែបបទ និងរង់ចាំចំណារឯកភាពពីថ្នាក់លើ ដើម្បីប្រគល់ទៅឲ្យភាគីវៀតណាម៕ ដោយ ៖ រចនា