ភ្នំពេញ៖ ឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ដែលរត់គេចខ្លួនពីសំណាញ់ច្បាប់អស់ជាង៤ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបាន នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនបង្ក្រាបគ្រឿងញៀន នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានប្រាប់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ ចាប់បានជនល្មើស៤នាក់ (ស្រីម្នាក់) ដកហូតបានថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនទឹកកក (ICE) ទម្ងន់ជាង៥៤គីឡូក្រាម ប៉ុន្តែមេខ្លោង ឈ្មោះ ដាំ ញ៉ា បានរត់គេចខ្លួនទៅប្រទេសឡាវ។ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ចេញសាលក្រមលេខ ៩៧ ហ ក្រ៥ សម្រេចផ្ដន្ទាទោសជនល្មើសទាំង២នាក់ និងផ្ដន្ទាទោស ឈ្មោះ ដាំ ញ៉ា (មេខ្លោង គេចខ្លូន) ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់៦០លានរៀល។
នាយឧត្តមសេនីយ៍បន្តថា នៅម៉ោង៤ល្ងាច ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវចាប់បានឈ្មោះ ដាំ ញ៉ា នៅចំណុចស្ប៉ាម៉ាស្សា សង់អេលីហ្ស៊េ តាមផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ ដោយ ៖ បញ្ញាស័ក្តិ