ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវ ឲ្យប្រជាពលរដ្ឋនៅទីជិត ឆ្ងាយមកធ្វើប្រហុកទុកជាស្បៀងប្រចាំគ្រួសារ ខណៈរដូវនេសាទកំពុងតែត្រូវខ្លាំង។
បើតាមការផ្សាយរបស់ផេកហ្វេសប៊ុករបស់ក្រសួងកសិកម្ម បានឲ្យដឹងថា នារសៀលថ្ងៃដដែល លោក វេង សាខុន និងសហការី បានអញ្ជើញចុះពិនិត្យការប្រមូលផលត្រី នៅដាយត្រីលេខ១៣ ភូមិពានជនិក ឃុំកំពុងលួង ស្រុកពញាឭ ខេត្តកណ្តាល។
មន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា រដូវនេសាទចាប់ផ្តើមត្រូវជាបន្តបន្ទាប់តាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅតាមដាយនៃដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលអាចនេសាទត្រី បានជាបណ្តើរៗ។ បច្ចុប្បន្នត្រីប្រហុក នៅនឹងកន្លែងថ្លៃ ១៥០០-២០០០រៀល ក្នុង១គីឡូក្រាម តែតម្លៃនេះ មន្ត្រីជំនាញបានបញ្ជាក់ថា វាអាស្រ័យពេលវេលាលើកដាយត្រីផងដែរ។ ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅទីជិត ឆ្ងាយមកធ្វើប្រហុកទុកជាស្បៀងប្រចាំគ្រួសារ៕ ដោយ ៖ កូឡាប