សៀមរាប៖ នាព្រឹកថ្ងៃ ទី១៤ខែមករា លោកឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភានិងជាអនុប្រធាន គណៈកម្មការអចិន្ត្រៃយ៍រៀបចំវេទិកា មានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំវេទិកា សភាអាស៊ី ប៉ាស៊ីហ្វិក លើកទី២៧ មានរបៀបវារៈពិភាក្សាអំពីបញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាជម្លោះសមុទ្រចិន ខាងត្បូង ដែលមានបណ្តាប្រទេសជាសមាជិក អាស៊ាន មួយចំនួនពាក់ព័ន្ធ ក្នុងជម្លោះនោះ និងពិភាក្សាបញ្ហាឧបទ្វីបកូរ៉េ ។ កិច្ចប្រជុំនេះធ្វើឡើងនៅខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា។
លោកឈាង វុន មានប្រសាសន៍បញ្ជាក់ទៀតថា យើងមានគ្រួសារអាស៊ាន អ៊ីចឹងហើយការសម្រេចរបស់យើង តែងតែ ពឹងផ្អែកទាំងស្រុង លើសេចក្តីសម្រេចអាស៊ាន ជាតំណាងនៃរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន ។ ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង អាស៊ាន មានជំហររួម រួចហើយដោយអនុវត្តតាមសេចក្តីសម្រេច DOC&COC និងការដោះស្រាយវិវាទជម្លោះ ដោយសន្តិ វិធី គ្មានអំពើហិង្សា និងលើកទឹចិត្តឲ្យប្រទេសភាគីពាក់ព័ន្ធ និងជម្លោះសមុទ្រ ចិនខាងត្បូងដោយសន្តិវិធី ។
លោក ឈាង វុន បានបញ្ជាក់ទៀតថា បញ្ហាជម្លោះក្នុងឧបទ្វិបកូរ៉េ គឺអាស៊ាន មានគោលជំហរដូចអង្គការសហប្រជាជាតិចឹងដែរ ។
គ្មានជម្លោះណាមួយ ដែលចប់ដោយគ្មានការចរចានោះទេ បញ្ហាឧបទ្វិបកូរ៉េ គឺយើងស្នើឲ្យកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដែលជាតួអង្គជម្លោះចូលតុចរចា ជជែកគ្នាឲ្យបានច្រើនដង ច្រើនលើកកាន់តែល្អ ដើម្បីមានដំណោះស្រាយវិជ្ជាមាន ។ បញ្ហាជម្លោះនោះមានពន្លឺខ្លះហើយ ដែលអាមេរិក បានព្យាយាមបន្តជួបចរចាជា មួយមេដឹកនាំកូរ៉េខាងជើងដែរ។
តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានឲ្យដឹងថា ប្រទេសចំនួន២១ប្រទេស នឹងមកចូលរួមក្នុង កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នាពេលនេះ។
ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះនៃវេទិកាសភាដ៏ធំមួយនៅក្នុងតំបន់នេះ សភាកម្ពុជាមានប្រតិទិនការងារច្បាស់លាស់ ដោយបានបែងចែកក្រុមការងារ ទទួលបន្ទុកតាមវិស័យចំនួន៤ មាន វិស័យសមាជិកសភាស្ត្រី វិស័យនយោបាយនិងសន្តិសុខ វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីធ្វើការជ្រើសរើសប្រធានបទ សិក្សាស្រាវជ្រាវចងក្រងឯកសារ និងរៀបចំខ្លឹមសារសេចក្ដីព្រាងសេចក្ដីសម្រេចតាមវិស័យ នីមួយៗ បានរួចរាល់អស់ហើយ។
ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ជាផ្លូវការ នឹងប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩និង០០នាទីតទៅ ដោយមានសុន្ទរកថាគន្លឹះ នៅពេលបើកកម្មវិធី ពីថ្នាក់ដឹកនាំកំពូលៗរបស់ ជាតិ និងអន្តរជាតិ ជាច្រើនរូប។
សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើង នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្នAPPF មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ វេទិកានេះតែងតែមានកិច្ចប្រជុំប្រចាំឆ្នាំជាទៀងទាត់ ដោយប្រទេសជាសមាជិកផ្លាស់វេន គ្នាធ្វើជាប្រធាន៕ ដោយ ៖ បញ្ញាស័ក្តិ