ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក.បានរៀបចំកម្មវិធីតាំងពិព័រណ៍ក្រោមប្រធានបទ “ មិនអាចប្រកែកបាន ” ដែលផ្តោតសំខាន់លើការប្រឈមមុខនឹងអាពាហ៍ពិពាហ៍ដោយបង្ខំនិងអំពើហិង្សាផ្លូវភេទក្រោមរបបខ្មែរក្រហមហើយត្រូវបានស៊ើបអង្កេត និងជំនុំជម្រះនៅក្នុងសំណុំរឿង០០២/០២ដែលទាំងស្ត្រី និងបុរស គឺជាជនរងគ្រោះនៃការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ។
ពិធីតាំងពិព័រណ៍នេះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភានិងលោកជំទាវ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. តំណាងមន្រ្តីរដ្ឋាភិបាល តំណាងស្ថានទូតនានា សិស្ស និស្សិត និងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗគ្នាចំនួន១២៨នាក់។ក្នុងកម្មវិធីតាំងពិព័រណ៍នេះ នឹងមានការបង្ហាញនូវប្រធានបទចំនួនបីសំខាន់ៗ រួមមាន៖
១.អាពាហ៍ពិពាហ៍ដោយបង្ខំ៖បរិបទប្រវត្តិសាស្ត្រនៃការបញ្ចូលការរៀបអាពាហ៍ពិពាហ៍ក្រោមរបបខ្មែរក្រហម ទៅក្នុងសំណុំរឿង (អាវុធនៃការត្រួតត្រា) គោលនយោបាយរបស់ខ្មែរក្រហម និងការពិនិត្យឃើញនិងខ្លឹមសារនៃការជំនុំជម្រះក្ដីរបស់ អ.វ.ត.ក. រួមទាំងការទទួលស្គាល់បុរសជាជនរងគ្រោះ។
២. ផលប៉ះពាល់៖ ការប៉ះទង្គិចផ្លូវចិត្ត ការរើសអើង និងផលប៉ះពាល់សង្គម-សេដ្ឋកិច្ច ទៅលើអ្នករស់រានមានជីវិត គ្រួសារ និងសហគមន៍។
៣. ការទទួលខុសត្រូវរួម៖ រឿងរ៉ាវអំពីភាពរឹងមាំ យុត្តិធម៌អន្តរកាល និងការអំពាវនាវឱ្យអនុវត្តសកម្មភាពសម្រាប់ការការពារ និងការស្ដារសេចក្តីថ្លៃថ្នូររបស់ពួកគាត់ឡើងវិញ។
កម្មវិធីនេះមានគោលបំណងចង់បង្ហាញអំពីអង្គហេតុហិង្សាផ្លូវភេទនានា ក៏ដូចជាការរៀបការ ដោយបង្ខំដែលកើតឡើងក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ផលវិបាក និងការពិភាក្សាអំពីដំណោះស្រាយ ដើម្បីឱ្យអ្នករស់រានមានជីវិត យុវជន និងអ្នកពាក់ព័ន្ធនានាស្វែងយល់ ព្រមទាំងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះនៃរបបខ្មែរក្រហម៕ រក្សាសិទ្ធដោយ៖សុទ្ធលី




















