Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ជជែក​កម្សាន្ត Viber បន្ថែម​មុខងារ “​ការស្ទង់មតិ​” សម្រាប់​អ្នក​ប្រើប្រាស់ នៅ​ទូទាំង​ពិភពលោក​

​ភ្នំពេញ​ ៖ ក្រុមហ៊ុន​ផលិត​កម្មវិធី​ជជែក​កម្សាន្ត Viber បាន​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់ នូវ​មុខងារ “​ការស្ទង់មតិ​” ឬ “​ការបោះឆ្នោត​​តាម​លក្ខណៈ​មតិ​ភាគច្រើន​” នៅ​ក្នុង​ការជជែក​ជា​ក្រុម និង​ជា​សហគមន៍ ដល់​អ្នក​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​ដើម្បី​ជា​ការឆ្លើយតប​ទៅនឹង​សំណូមពរ​ជាច្រើន របស់​អ្នកប្រើប្រាស់​កម្មវិធី​ដ៏​ល្បី​មួយ​នេះ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​កម្មវិធី​នេះ កាលពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​មុខងារ​ថ្មី​នេះ គឺជា​ឧបករណ៍​ជំនួយ​មួយ​យ៉ាងសំខាន់ សម្រាប់​ការជជែក​ពិភាក្សា​ជា​ក្រុម និង​ជា​សហគមន៍ (​ធំ​ជា​ក្រុម​)​ដែល​អាច​ឲ្យ​សមាជិក​គ្រប់​គ្នា ស្ថិតនៅ​ក្នុង​ប្រធានបទ​តែមួយ ដែល​កំពុង​តែ​ពិភាក្សាគ្នា​, អាច​បញ្ចេញ​មតិយោបល់​ ​និង​ធ្វើ​ការចូលរួម​ជ្រើសរើស នូវ​ជម្រើស​ណាមួយ តាមរយៈ​ការបោះឆ្នោត បែប​មតិ​ភាគច្រើន ដែល​បង្កើតឡើង​ដោយ​ប្រធាន​ក្រុម​ ​ឬ​អនុប្រធាន​ក្រុម​។​

​អ្នកប្រើប្រាស់​កម្មវិធី Viber បាន​លើកឡើង​ថា ជួន​កាល​នៅ​ពេល​ជជែក​ជា​ក្រុម ពួកគេ​តែងតែ​ចង់ដឹង​ពី​ការយល់ឃើញ​​របស់​សមាជិក​ក្រុម អំពី​ប្រធានបទ​ណាមួយ ដោយ​មិន​ចង់ឲ្យ​បាត់បង់​គោលបំណង​នៃ​ចម្លើយ​, ការ​បញ្ចេញយោបល់ និង​ការជ្រើសរើស​​ពី​សមាជិក​ម្នាក់ៗ​នៅក្នុង​ក្រុម​នោះឡើយ​។​

​ពួកគេ​បាន​បន្តទៀតថា បើ​ជជែក​នៅក្នុង​សហគមន៍​វិញ បញ្ហា​នេះ​កាន់តែ​ធំ ពី​ព្រោះ​ដោយសារ​មាន​សមាជិក​រាប់ម៉ឺន​ ឬ​ដក់​ទៅ​រាប់សែន​នាក់​។ សមាជិក​ទាំងអស់ សុទ្ធ​តែ​ចង់​បញ្ចេញ​យោបល់ ហើយ​យោបល់​របស់​ពួកគេ អាច​ត្រូវ​បាត់បង់​ ​ឬ​បើ​ចង់​ស្វែងរក​ឡើងវិញ ក៏​ដូចជា​ធ្វើ​ការឆ្លើយតប​ទៅវិញ ហាក់ដូចជា​រាវ​ម្ជុល​នៅក្នុង​បាតសមុទ្រ​។​

​ប្រសិនបើ​អ្នក​ស្ថិតនៅ​ក្នុង​ស្ថានភាព​បែប​នេះ វា​ជា​រឿង​ងាយស្រួល​បំផុត ដោយ​គ្រាន់តែ​បង្កើត​ការស្ទង់មតិ នៅ​ក្នុង​ការជជែក​របស់អ្នក​​វា​ជា​ការ​ស្រេច​។ នេះ​បើ​ការបញ្ជាក់​របស់ ក្រុមហ៊ុន​ផលិត​កម្មវិធី​ជជែក​កម្សាន្ត Viber​។​

​តើ​អ្នក​បង្កើត​ការស្ទង់មតិ បាន​យ៉ាងដូចម្តេច នៅក្នុង​កម្មវិធី Viber?

​គឺ​ចុច​រូប​តំណាង “​ការស្ទង់មតិ​” នៅក្នុង​ម៉ឺនុ​យ​ជជែក​កំសាន្ត រួច​វាយ​សំណួរ​សម្រាប់​ស្ទង់​មតិ​របស់​អ្នក ហើយ​បង្កើត​តារាង​ជ្រើសរើស​​ដែល​អាច​បង្កើត​ជម្រើស​បាន​រហូត​ដល់ ១០ ជម្រើស​។​

​សមាជិក​ក្រុម អាច​ធ្វើ​ការបោះឆ្នោត ជ្រើសរើស​នូវ​ជម្រើស​ដែល​ពួកគេ​ពេញចិត្ត ដោយ​ចុច​ប៊ូ​តុង “​បេះដូង​” នៅជាប់​នឹង​ជម្រើស​​ដែល​ស្ថិត​នៅក្នុង​តារាង​ជ្រើសរើស​។​

​សមាជិក​ក្រុម អ្នក​អាច​មើល​លទ្ធផល នៃ​កា​ជ្រើសរើស​ដោយផ្ទាល់ រាល់​ពេល​មាន​អ្នកណាម្នាក់ ចុច​លើ​ជម្រើស​ដែល​ពួកគេ​ពេញចិត្ត។

​​ការស្ទង់មតិ ឬ​ការ​បោះឆ្នោត​ជ្រើសរើស​នេះ គឺ​គ្រាន់តែ​សម្រាប់​ការកម្សាន្ត នឹង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការសម្រេចចិត្ត​​ទៅលើ​ប្រធានបទ​ណាមួយ ដែល​បាន​ធ្វើ​ការពិភាក្សា​គ្នា ឬ​មួយ​ក៏​ប្រើ​សម្រាប់​ជា​ការជ្រើសរើស ការ​ធ្វើ​អំណោយ​ដល់​មិត្តភក្តិ​​ក៏​ដូច​ជា​ការ​សម្រាប់​កំណត់​យក​ជម្រើស ក្នុងការ​ដើរលេង​នៅពេល​យប់ ឬ​ច្រើន​ជាង​នេះ ទៅតាម​ចំណូលចិត្ត​ប៉ុណ្ណោះ​។​

​បន្ថែម​ពីលើ​នេះ ការស្ទង់មតិ ឬ​ការ​បោះឆ្នោត​នេះ គឺជា​វិធី​ដ៏​ល្អ​មួយ ដើម្បី​ឱ្យ​សមាជិក​ក្រុម ឬ សហគមន៍ អាច​ចូលរួម​ក្នុង​ការពិភាក្សា​​ដោយ​អនុញ្ញាត​ឱ្យ​ពួកគេ​អាច​បញ្ចេញមតិ និង​លើកទឹកចិត្ត​ឲ្យ​មនុស្ស​កាន់តែ​ច្រើន មក​ចូលរួម​ក្នុង​ក្រុម ឬ​សហគមន៍ កាន់តែ​ញឹកញាប់​​ព្រោះ​សម្លេង​របស់​ពួកគេ ត្រូវបាន​គេ​ឮ ឬ​បាន​ចូល​ជា​ផ្នែក​មួយ នៃ​ការសម្រេចចិត្ត​។​

​អ្នក​អាច​បង្កើត “​ការស្ទង់មតិ​” ជាមួយ​នឹង​សំណួរ ដែល​អ្នក​ចង់​ដឹង សម្រាប់​សួរ​ទៅ​សមាជិក​ក្រុម ឬ​សហគមន៍ នូវ​អ្វី​ដែល​អ្នក​ចង់​ដឹង​។​

​បើ​អ្នក​ចង់​ដឹង​ថា តើ​សមាជិក​នៅក្នុង​សហគមន៍ ចង់បាន​អ្វី​? បង្កើត “​ការស្ទង់មតិ​” នោះ​វា​នឹង​អាច​ឆ្លើយ​ប្រាប់​អ្នក​បាន​។​

​ចំពោះ​ឯកជន​ភាព​វិញ កម្មវិធី Viber តែងតែ​យកចិត្តទុកដាក់​មុនគេ ដូច្នេះ​ការជ្រើសរើស របស់​សមាជិក​ក្រុម ឬ​សហគមន៍​ ​គឺ​មាន​លក្ខណៈ​អនាមិក​។ អ្វី​ដែល​សមាជិក​ក្រុម ឬ​សហគមន៍ បាន​ជ្រើសរើស​នូវ​ជម្រើស​របស់​ពួកគេ​ពេញចិត្ត​ គឺ​មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ។ ប្រធាន​គ្រប់គ្រង និង​អនុប្រធាន​គ្រប់គ្រង ក្រុម​ឬ​សហគមន៍​ ​អាច​មើលឃើញ​តែ​ពី​លទ្ធផល​ជ្រើសរើស​តែ​ប៉ុណ្ណោះ ហើយក៏​មិន​ខុ​ពី​សមាជិក​ក្រុម ឬ​សហគមន៍​ធម្មតា​ដែរ គឺ​មិន​អាច​ដឹងថា តើ​នរណា​​បាន​ជ្រើសរើស​យក​នូវ​ជម្រើស​អ្វី​នោះ​ទេ​។​

​ដូច្នេះ​ការបន្ថែម ការស្ទង់មតិ ឬ​ការ​បោះឆ្នោត ទៅ​ក្នុង​ការជជែក​ជា​ក្រុម ឬ​សហគមន៍ រួច​ឲ្យ​សមាជិក​ក្នុង​ក្រុម ឬ​សហគមន៍​ចូលរួម​ ​គឺជា​ការសន្ទនា​តាមរបៀប​ថ្មី​៕ ដោយ ​៖​ កូឡាប​

×