ភ្នំពេញ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តនាំមុខគេនៅកម្ពុជា បានសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក្នុងការដាក់ឲ្យដំណើរការ នូវសេវាសេវាដាក់ប្រាក់ និងផ្ទេរប្រាក់រវាងគណនី និងគណនី ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតថែមទៀត ដល់អតិថិជននៃគ្រឹះស្ថានហិរញ្ញវត្ថុទាំង២។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់វីង និងអម្រឹត នឹងអាចធ្វើការផ្ទេរប្រាក់ ពីគណនីអម្រឹតទៅគណនីវីង ឬពីគណនីវីងទៅគណនីអម្រឹត តាមរយៈកម្មវិធី ស្មាតហ្វូនវីង ឬ USSD *989# ។ លើសពីនេះទៀត អតិថិជនរបស់អម្រឹត អាចដាក់ប្រាក់ទៅក្នុងគណនីអម្រឹតរបស់ពួកគេ ដោយគ្រាន់តែទៅកាន់ភ្នាក់ងារវីងជាង ៦០០០ កន្លែង នៅទូទាំងប្រទេស។
ការដាក់ឲ្យដំណើរការនៃសេវាទាំងពីរនេះ នឹងជំនួសឲ្យទម្លាប់ជាទូទៅនៃការដាក់ប្រាក់ របស់អតិថិជនអម្រឹតរាប់ពាន់នាក់ ដែលជាទូទៅពួកគាត់ ត្រូវធ្វើដំណើរទៅកាន់សាខាណាមួយរបស់អម្រឹតដើម្បីធ្វើប្រតិបត្តិការនេះ។ ផ្ទុយទៅវិញ តាមរយៈសេវាថ្មីនេះ ពួកគាត់អាចចូលទៅក្នុងកម្មវិធី Wing Money ឬ USSD *989# ដើម្បីធ្វើការផ្ទេរប្រាក់ ឬទៅភ្នាក់ងារវីងណាមួយ ដើម្បីធ្វើការដាក់ប្រាក់ទៅក្នុងគណនីអម្រឹត ដែលភាពងាយស្រួលនេះ នឹងអាចជួយបង្កើនផលប័ត្រហិរញ្ញវត្ថុរបស់ពួកគាត់ ក្នុងការប្រើប្រាស់នាពេលអនាគត ឬការបង់ប្រាក់សងត្រលប់ នៃប្រាក់កម្ចីប្រចាំខែរបស់ពួកគាត់។
ខណៈពេលចូលរួមនៅក្នុងពិធីដាក់ឲ្យដំណើរការ នៅឯការិយាល័យកណ្តាលរបស់អម្រឹត លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានមានប្រសាសន៍ថា ភាពជាដៃគូរវាងវីង និង អម្រឹត ត្រូវបានធ្វើឡើងក្នុងការប្តេជ្ញាចិត្តរួមគ្នា នៅក្នុងការដាក់បញ្ចូលហិរញ្ញវត្ថុ ទៅដល់ អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងចូលរួមចំណែក ដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។
លោក ចូចូ ម៉ាឡូឡូសបន្តទៀតថា “ជាមួយនឹងការចាប់ផ្តើមនេះ យើងបានឈានដល់ដំណាក់កាលមួយផ្សេងទៀត នៅក្នុងបេសកកម្មរបស់យើង ដើម្បីផ្ដល់សេវាផ្ទេរប្រាក់ និងតម្រូវការដាក់ប្រាក់ របស់អតិថិជនរបស់យើង។ មិនថាជាការធ្វើប្រតិបតិ្តការហិរញ្ញវត្ថុប្រចាំថ្ងៃ ការបង្វិលប្រាក់សម្រាប់ធ្វើការវិនិយោគ ក្នុងរយៈពេលវែង ឬការដាក់ប្រាក់បញ្ញើជាសាច់ប្រាក់ភ្លាមៗ គឺវាស្ថិតនៅក្នុងដៃរបស់អតិថិជន វីង និង អម្រឹត តាមរយៈសេវាកម្មផ្ទេរប្រាក់ពីគណនីទៅគណនី និងការដាក់ប្រាក់បញ្ញើជាសាច់ប្រាក់ រួមជាមួយនឹងការផ្ដល់ជូននូវលទ្ធភាពជាច្រើនផ្សេងទៀត។”
លោក ជា ផល្លារិន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានប្រសាសន៍ថា គោលបំណងធំបំផុត នៃការចាប់ផ្តើមដំណើការ របស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរនេះ គឺដើម្បីបំពេញតម្រូវការ សេវាហិរញ្ញវត្ថុរបស់អតិថិជន និងធានាថា ពួកគាត់មានឧបករណ៍ដើម្បីសម្របសម្រួល ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ក្នុងរយៈពេលខ្លី និងរយៈពេលវែង ដែលពួកគាត់ត្រូវធ្វើ។
លោកបានបន្តទៀតថា៖ “ឈ្មោះរបស់យើង “អម្រឹត” មានន័យថា ចម្រើនរុងរឿង។ យើង [អម្រឹត] ផ្តល់ជូននូវសេវាហិរញ្ញវត្ថុ និងដំណោះស្រាយ ដោយផ្ដោតទៅលើចំណាប់អារម្មណ៍របស់អតិថិជន សម្រាប់សេវាហិរញ្ញវត្ថុក្នុងរយៈពេលវែង។ ភាពខ្លាំងនៃអាជីវកម្មរបស់យើង [អម្រឹត] គឺជាលទ្ធផលដោយផ្ទាល់ពីជំនឿចិត្ត និងទំនុកចិត្តរបស់អតិថិជន ដែលមានចំពោះយើង [អម្រឹត] ហើយក៏ដូចជាជំនឿចិត្ត និងទំនុកចិត្តដែលយើង [អម្រឹត] មាន ចំពោះដៃគូរបស់យើង [អម្រឹត] មានដូចជា វីង ជាដើម។”
ភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ឈានទៅដល់អតិថិជនគោលដៅរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ ដែលមានវត្តមានភ្នាក់ងារវីងនៅទីនោះ បន្ថែមទៅលើសេវាកម្មបង់ត្រលប់នៃប្រាក់កម្ចី ដែលស្ថាប័នទាំងពីរ បានផ្ដល់ជូនកាលពី ២ ឆ្នាំមុន។ បន្ថែមពីលើភាពងាយស្រួល នៃការផ្ទេរប្រាក់រវាងគណនីនិងគណនី អតិថិជនរបស់អម្រឹត ក៏អាចរីករាយជាមួយនឹងសេវាកម្មហិរញ្ញវត្ថុចល័តថ្មី ដែលផ្តល់ជូននៅក្នុងកម្មវិធី ស្មាតហ្វូនវីងរួមមាន សេវាផ្ទេរប្រាក់ក្នុងស្រុកនិងអន្តរជាតិ ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ ការទូទាត់វិក្កយបត្រទូទាត់តាមអ៊ិនធឺណែត និង QR កូដ និងប្រតិបត្តិការជាច្រើនទៀត។
ដើម្បីអបអរសាទរចំពោះភាពជាដៃគូនេះ ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ អតិថិជនដែលធ្វើប្រតិបត្តិការផ្ទេរប្រាក់ រវាងគណនីវីងនិងអម្រឹត និងពីគណនីអម្រឹតទៅគណនីវីង នឹងមិនត្រូវបានគិតថ្លៃសេវានោះទេ។ ការមិនគិតកម្រៃនេះ ផ្ដល់ជូនចំពោះតែអតិថិជន ដែលធ្វើប្រតិបត្តិការតាមរយៈកម្មវិធី Wing Money ឬUSSD *989# តែប៉ុណ្ណោះ។
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុ តាមរយៈសេវាកម្មហិរិញ្ញវត្ថុ តាមទូរស័ព្ទចល័ត ទៅកាន់អ្នកមិនមានគណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវសេវាកម្មដូចជា ការផ្ទេរប្រាក់ក្នុងស្រុក, ទូទាត់វិក័យប័ត្រនិងបញ្ចូលទឹកប្រាក់ទូរស័ព្ទ, ទូទាត់តាមអ៊ិនធឺណែត និង QR កូដ ក៏ដូចជាសេវាកម្មផ្ទេរប្រាក់អន្តរជាតិភ្លាមៗពីជាង ២០០ប្រទេស។
ធនាគារឯកទេសវីង នៅតែជាអ្នកនាំមុខគេនៅក្នុងទីផ្សារ នៃសេវាទូទាត់ប្រាក់តាមទូរស័ព្ទចល័ត និងអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា ដោយមានសេវាគ្របដណ្តប់ដល់ស្រុក ១០០% តាមរយៈភ្នាក់ងារ Wing Cash Xpress នៅទូទាំងប្រទេសជាង ៦០០០ កន្លែង។ វីង មានដៃគូអាជីវកម្ម ជាង ២៥០០០ កន្លែង រួមទាំងក្រុមហ៊ុនធំដូចជា Mastercard និង WorldRemit ។ លើសពីនេះទៀតសហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាក្រុមហ៊ុនធំ ៗ អាចប្រើប្រាស់សេវាប្រាក់បៀវត្សរ៍ និងចំណាយរបស់ វីង ដើម្បីជួយអភិវឌ្ឍប្រព័ន្ធអេកូទូទាត់ របស់ខ្លួន។
អម្រឹត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ដែលបម្រើជូនសហគ្រាសខ្នាតតូចបំផុត, ខ្នាតតូចនិងមធ្យម និងប្រជាជនដែលមានចំណូលទាប និងមធ្យម ដោយផ្តោតលើតំបន់ជនបទ, ស្រុក និងទីរួមខេត្ត។ អម្រឹត ផ្តល់ជូននូវសេវាកម្ចី និងសេវាប្រាក់បញ្ញើជាច្រើនរួមមាន ឥណទានក្រុមធានា, ឥណទានបុគ្គល, ឥណទានខ្នាតតូច និងមធ្យម, គណនីសន្សំ, ប្រាក់បញ្ញើមានរយៈកាល, ការប្រមូលប្រាក់កម្ចី, ការផ្ទេរប្រាក់រវាងសាខានិងសាខា, ការបង់ប្រាក់វិក័យប័ត្រ, សេវាឆាប់រហ័ស និងការប្រើប្រាស់ Switch រួមនៅកម្ពុជា។ បច្ចុប្បន្ន អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានបុគ្គលិកជាង ៤០០០នាក់ ហើយបានបម្រើអតិថិជនជាង ៤៥០,០០០នាក់ ពី ១៥៦ សាខានៅទូទាំងប្រទេសកម្ពុជា ជាមួយសមតុល្យប្រាក់បញ្ញើជាង ៤៥៤ លានដុល្លារ និងផលបត្រប្រាក់កម្ចីចំនួន ៧៨៩ លានដុល្លារ និងទ្រព្យសកម្មសរុប ចំនួន ៩៦៩លានដុល្លារអាមេរិក៕ ដោយ ៖ កូឡាប