ខេត្តស្វាយរៀង ៖ ក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តស្វាយរៀង បានឃាត់រថយន្ត ១គ្រឿងដឹកសត្វជ្រូករស់ជិត១០០ក្បាល ចេញមកពីប្រទេសវៀតណាម ចូលមកតាមច្រករបៀងធ្លក ក្រុងបាវិត ខេត្តស្វាយរៀង ដោយគ្មានលិខិតអនុញ្ញាត។
បើយោងតាមមន្ត្រីបសុពេទ្យនិយាយថា ការចុះទប់ស្កាត់នេះ ធ្វើឡើង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង០៨ និង៣០នាទីយប់ ក្រោមការបញ្ជាផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តស្វាយរៀង បានធ្វើការឃាត់រថយន្ត ១គ្រឿងដែលបានដឹកសត្វជ្រូករស់ជិត១០០ក្បាល ចេញមកពីប្រទេសវៀតណាម បំណងដឹកទៅកាន់រាជធានីភ្នំពេញ ដោយចូលមកតាមច្រករបៀងធ្លក ឬហៅថាច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយគ្មានលិខិតអនុញ្ញាត ឬឯកសារអ្វីទាំងអស់។
មន្ត្រីជំនាញបន្តថា ក្រោយពីក្រុមការងារបានឃាត់រថយន្តនោះមក ក្រុមការងារ បានប្រគល់វត្ថុតាងបទល្មើស ជូនទៅការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តស្វាយរៀង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ ដោយ ៖ វ៉ៃគោ