សៀមរាប ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខណៈដែលលោកជំទាវបាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ ចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅទឹកដីអង្គរព្រះរាជាណាចក្រកម្ពុជា។
ប្រធានរដ្ឋសភាកម្ពុជា និងឡាវ បានសម្តែងមោទនភាព ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាយើងទាំងពីរ ដែលបានដំណើរការទៅដោយរលូន ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានាទាំងក្នុងតំបន់ និងសកលលោក និងបានចុះអនុស្សរណៈយោគយល់គ្នាផងដែរ ក្នុងការពង្រឹងកិច្ចសហប្រតិការជាមួយគ្នាឲ្យកាន់តែរឹងមាំថែមទៀត។
លោកជំទាវ ផានី យ៉ាថូទូ បានថ្លែងអំណរគុណ និងអបអរសាទរចំពោះការរៀបចំកិច្ចប្រជុំAPPF លើកទី២៧ របស់សភាកម្ពុជាថា បានដំណើរល្អ ជាមួយខ្លឹមសារដែលមានសារៈសំខាន់។ ជាមួយគ្នានេះ លោកជំទាវបានសង្កេតឃើញថា ប្រទេសកម្ពុជាមានការីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុង រយៈពេលចុងក្រោយនេះ ដែលបង្ហាញឲ្យឃើញ ពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលទើបតែទទួលបានជោគជ័យនៅក្នុង ការបោះឆ្នោតថ្មីៗទៀត កាលពីឆ្នាំ២០១៨នេះ។
លោកជំទាវប្រធានរដ្ឋសភាប្រទេសឡាវ បានគាំទ្រលើខ្លឹមសារអនុស្សរណៈដែលបានចុះហត្ថលេខានាឱកាសនេះ និងបានស្នើសូមសម្តេចប្រធាន រដ្ឋសភាបន្តជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ចាប់ពីថ្នាក់ដឹកនាំរហូតដល់គណៈកម្មការជំនាញ ជាពិសេសគួរ បង្កើតឲ្យមានសិក្ខាសាលារួមគ្នា។ លោកជំទាវ ផានី យ៉ាថូទូ បានស្នើសូមរដ្ឋាភិបាលប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិផ្នែកពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដែលនៅមានកម្រិតឲ្យបានកើនឡើង។ រដ្ឋសភាប្រទេសឡាវ បានថ្លែងអំណរគុណដែលកម្ពុជាបានសន្យាទិញថាមពលអគ្គិសនីពីឡាវ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានក៏កោតសរសើរចំពោះរដ្ឋសភាឡាវដែលបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPF លើកទី១៧ កាលពីឆ្នាំ២០០៩ ប្រកបដោយភាពជោគជ័យ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពរបស់វេទិកានេះ ដើម្បីសម្រេច បាននូវចក្ខុវិស័យរួមរបស់តំបន់គឺការកសាងសន្តិភាព ស្ថិរភាព និងវិបុលភាព៕ ដោយ៖កូឡាប