តាកែវ ៖ ក្រោយពេលរាជរដ្ឋាភិបាលហាមឃាត់មិនអោយនាំចូលជ្រូកពីប្រទេសវៀតណាម ខណៈដែលប្រទេសវៀតណាមកំពុងជួបវិបិត្តជម្ងឺលើសត្វជ្រូក ដែលជាហានិភ័យដល់អ្នកបរិភោគសាច់វាទៅអាចនឹងកើតមានជម្ងឺអ្វីផ្សេងៗនោះ ឥឡូវនេះ លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ បាននិងកំពុងតែបើកដៃយ៉ាងទូលាយ អោយក្រុមឈ្មួញដឹកជ្រូកពីប្រទេសវៀតណាម យកចូលមកចរាចរកាប់សាច់លក់នៅក្នុងស្រុក តាមច្រករបៀងកំណប់កែវ ស្ថិតនៅស្រុកគីរីវង់ ទាំងឡានៗ ជារៀងរាល់ថ្ងៃ តែនៅមិនទាន់ឃើញមន្ត្រីជំនាញណាចុះមកធ្វើការពិនិត្យ ឬហាមឃាត់អ្វីទាំងអស់ ។
បើតាមការអោយដឹងតាមទូរស័ទ្ទរបស់លោក ថៃ លី ដែលបានប្រាប់ក្រុមការងារអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះថា ឥឡូវនេះមិនមានជ្រូកនាំចូលពីប្រទេសវៀតណាមនោះទេ ភាគច្រើនមានតែជ្រូកដែលនាំចូលពីប្រទេសថៃ និងជ្រូករបស់ក្រុមហ៊ុនក្នុងស្រុក តែប៉ុណ្ណោះ ។
តែផ្ទុយទៅនិងការនិយាយរបស់លោកប្រធានពេទ្យសត្វខេត្តរូបនេះ ការនាំជ្រូកពីប្រទេសវៀតណាម គឺនៅតែមានជាហូរហែរ និងជារៀងរាល់ថ្ងៃ នៅតាមច្រករបៀង ក្នុងខេត្តតាកែវ ។ យ៉ាងណាមិញនៅមិនទាន់ដឹងថា ជ្រូកដែលនាំចូលមកជារៀងរាល់ថ្ងៃនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវឬយ៉ាងណាទេ ៕ ដោយ ៖ តាកែវ