Friday, March 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី តាមគ្រប់សមរភូមិទាំងអស់

នូវែលសេឡង់ ៖ នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយសហគមន៍ខ្មែរ ចំនួនប្រមាណ២០០នាក់ នៅប្រទេសនូវែលសេឡង់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខ របស់ព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់ប្រជាពលរដ្ឋខ្មែរ ក្នុងប្រទេសនូវែលសេឡង់ ។ ថ្នាក់ដឹកនាំកម្ពុជាទាំងអស់ តែងតែផ្តល់អាទិភាពដល់សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស។

ក្នុងពិធីសំណេះសំណាលនេះ ដែលមានការអញ្ជើញចូលរួមពីបងប្អូនសហគមន៍ខ្មែរមកពី ទីក្រុង Auckland ទីក្រុង Hamilton ទីក្រុង Wellington និងទីក្រុង Hawke’s Bay គឺជាការកត់សម្គាល់ប្រវត្តិសាស្ត្រថ្មីមួយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងនាមជារដ្ឋមន្ត្រីការបរទេសកម្ពុជាដំបូង ដែលបានធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសនូវែលសេឡង់ ចាប់តាំងពីឆ្នាំ២០១៩មក។

ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងកសិកម្ម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងចំពោះការកើនឡើងនៃចំនួនសិស្ស និងនិស្សិតខ្មែរ ដែលកំពុងបន្តការសិក្សានៅទីនេះ ក្រោមអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់ តាមរយៈអាហារូបករណ៍ Manaaki និងវគ្គសិក្សាផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍជំនាញជាច្រើនផ្សេងទៀត។

ក្នុងការការពារបូរណភាពទឹកដីកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី តាមគ្រប់សមរភូមិទាំងអស់ រួមមាន៖ ការទូត ផ្លូវច្បាប់ នយោបាយ សាធារណមតិ និងយោធា ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។រក្សាសិទ្ធដោយ៖សុទ្ធលី

×