រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បានរិះគន់អភិបាលខណ្ឌប្ញស្សីកែវ និងលោកអធិការនគរបាលខណ្ឌនេះ ថាអសមត្ថភាព ក្នុងការងារចុះបង្ក្រាបបនល្បែងស៊ីសងគ្រប់ប្រភេទ រួមមាន៖ បៀអាប៉ោង ចាក់បាល់ និងឆ្នោតកន្ទុយលេខជាដើម បានរីកដុះដាលដូចផ្សិត និងអាចបើកធ្វើសកម្មភាពបានដោយរលូន។
អធិការនគរបាលខណ្ឌ និងអភិបាលខណ្ឌប្ញស្សីកែវ ។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋមួយចំនួន បានសង្ស័យថា ទីតាំងបនល្បែងស៊ីសងមួយចំនួន រួមមាន៖ ទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាម ទីតាំងចាក់ភ្នាល់បាល់ និងបៀអាប៉ោងជាដើម អាចបើកធ្វើសកម្មភាព បានដោយគ្មានការហាមឃាត់ពីកម្លាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ជាពិសេសកម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ថាទំនងជាអាចមានជាប់ពាក់ព័ន្ធ ជាមួយសំណូកពុករលួយប្រចាំថ្ងៃ ឬប្រចាំខែ ជាថ្នូរ កាងការពារទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនោះ អាចបើកដំណើរការយ៉ាងអនាធិបតេយ្យ នៅតាមសង្កាត់នានា ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវទាំងមូល។
ប្រជាពលរដ្ឋ បានរៀបរាប់ថា ទីតាំងមានកត់ឆ្មោតកន្ទុយលេខវៀតណាមខុសច្បាប់ ដែលកំពុងរីករាលដាល់ពេញបន្ទុកនៅខណ្ឌឫស្សីកែវ មានដូចជា៖ នៅក្នុងផ្សារបឹងសាឡាងថ្មី ស្ថិតក្នុងភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌប្ញស្សីកែវ។ មាននៅទីតាំងកែងផ្លូវបេតុងខាងលិចផ្សារសាំហាន់ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និង ទីតាំងនៅតាមបណ្តោយផ្លូវលេខ68R កែងផ្លូវរថភ្លើង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវជាដើម។
ចំណែកទីតាំងល្បែងស៊ីសងមួយចំនួនទៀត ក៏កើតមាននៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦។ សង្កាត់ច្រាំងចំរះទី១ និងសង្កាត់ច្រាំងចំរះទី២ និងសង្កាត់ស្វាយប៉ាកជាដើម ស្ថិតក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ពលរដ្ឋ អះអាងថា ស្ទើរនៅគ្រប់ផ្សារ ឬទីប្រជុំជនទាំងតូច និងធំៗ នាមូលដ្ឋានខណ្ឌប្ញស្សីកែវ គឺមានទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាម និងបៀអាប៉ោង បានរីកដូចផ្សិតតែម្តង នៅក្នុងខណ្ឌប្ញស្សីកែវ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានអះអាងថា ទីតាំងល្បែងស៊ីសងទាំងបៀអាប៉ោង ល្បែងចាក់ភ្នាល់បាល់ និងល្បែងកត់កន្ទុយលេខ ឬឆ្នោតវៀតណាមជាដើម ដែលអាចធ្វើសកម្មភាពបានដោយរលូន នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដោយគ្មានសមត្ថកិច្ចបង្ក្រាប គឺមានអ្នកគ្រប់គ្រងរត់ការណ៍បើកល្បែងស៊ីសងទាំងនោះ ដោយបានត្រូវដងត្រូវផ្លែជាមួយសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធចំនួនរួមមាន៖ កម្លាំងនគរបាលចាប់ពីសមត្ថកិច្ចថ្នាក់មូលដ្ឋានសង្កាត់ រហូតដល់សមត្ថកិច្ចថ្នាក់ខណ្ឌប្ញស្សីកែវ និងរហូតដល់មន្ត្រីមានអំណាចមានឋានៈខ្ពស់ កំពុងបំរើការងារនៅក្រសួងមហាផ្ទៃ ជាអ្នកកាងការពារ ឬធ្វើជាខ្នងបង្អែកឲ្យឈ្មួញល្បែងស៊ីសង ឬឈ្មួញបើកទទួលល្បែងកន្ទុយលេងវៀតណាមទាំងនោះថែមទៀតផង។
ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋរស់នៅខណ្ឌប្ញស្សីកែវ បានរិះគន់ លោកវរៈសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ ថាមានភាពកម្សោយក្នុងសកម្មភាពចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាននេះ ចាប់តាំងពីរូបលោក ត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានចាត់តាំងឲ្យមកបំពេញការងារជាអធិការនគរខណ្ឌប្ញស្សីកែវកន្លងមក។
ប្រជាពលរដ្ឋបន្តថា គេសង្កេតឃើញល្បែងស៊ីសងគ្រប់ប្រភេទ មានទីតាំងលេងល្បែងបៀអាប៉ោង ទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាម និងទីតាំងចាក់បាល់ជាដើម បានរីកដូចផ្សិត និងមិនឃើញមានសមត្ថកិច្ចនគរបាលខណ្ឌនេះ បើកយុទ្ធនាការចុះបង្ក្រាបល្បែងស៊ីសងទាំងនោះ ដើម្បីឈានទៅអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យស្របតាមគោលនយោបាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡា ហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យមានប្រសិទ្ធភាពនោះទេ។
ទាក់ទិនបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាក្តៅ ទៅឲ្យមន្ត្រីនគរបាលពាក់ព័ន្ធក្រោមឱវាទ ត្រូវរួមសហការគ្នា ចុះបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ នៅតាមទីតាំងរៀងៗខ្លួន ដើម្បីធានាឲ្យបាននូវសន្តិសុខ ភូមិ ឃុំ មានសុវត្តិភាពទាំង៩ ចំណុច ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ ឬបានដាក់ចេញ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព។ ប៉ុន្តែផ្ទុយទៅវិញ បទបញ្ជា របស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនោះ គឺថ្នាក់ដឹកនាំនគរបាលនៅតាមមូលដ្ឋានភាគច្រើនអនុវត្តមិនទាន់មានប្រសិទ្ធភាពនោះទេ។ ជាក់ស្តែងជាឧទាហរណ៍ នៅមូលដ្ឋានខណ្ឌប្ញស្សីកែវ ជាតឹកតាងស្រាប់ គឺ លោកវរៈសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌប្ញស្សីកែវ មិនទាន់អនុវត្តបង្ក្រាបល្បែងស៊ីសង ឬអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៩ចំណុច របស់រដ្ឋាភិបាល បានដាក់ឲ្យអនុវត្ត គឺអនុវត្តមិនទាន់មានប្រសិទ្ធភាព និងហាក់បានផ្គើនទៅនឹងគោលនយោបាយ ឬបទបញ្ជា របស់ប្រមុខដឹកនាំទៅវិញ។
យ៉ាងនេះក្តី អ្នកយកព័ត៌មាន មិនទាន់អាចទាក់ទងលោកវរៈសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌប្ញស្សីកែវ និងលោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ ដើម្បីស្នើការបំភ្លឺជុំវិញការអះអាង របស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះ ដែលចោទថា បានបណ្តែតបណ្តោយ ឲ្យមានទីតាំងបនល្បែងស៊ីសងខុសច្បាប់កើតមានអនាធិបតេយ្យ នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ បាននៅឡើយទេតាមទូរស័ព្ទ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩នេះ៕ ដោយ៖ ដែន សីមា